(ហ្សាការតា)៖ មន្រ្តីយោធាឥណ្ឌូណេស៉ី បានឱ្យដឹងថា គ្រោះអគ្គិភ័យធំមួយបានឆាបឆេះ នៅទីតាំងដេប៉ូស្តុកគ្រាប់រំសេវមួយកន្លែង ក្បែរទីក្រុងហ្សាការតា ប៉ុន្តែវាត្រូវបានពន្លត់ទៅវិញដោយជោគជ័យ ខណៈយោធាកំពុងពិនិត្យមើល នៅតំបន់ជុំវិញនោះ ដើម្បីប្រមែប្រមូល​វត្ថុធាតុផ្សេងៗ ដែលអាចបានហោះខ្ទាតចេញ ដោយសារការផ្ទុះឡើងអំឡុងអគ្គិភ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤។

គ្រោះអគ្គិភ័យខាងលើ បានកើតឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ នៅឯដេប៉ូស្តុកគ្រាប់រំសេវមួយកន្លែងរបស់យោធា ក្នុងទីក្រុង Bogor ដែលស្ថិតនៅជាយរដ្ឋធានីហ្សាការតា នាវេលាម៉ោងប្រមាណជា៦៖៣០នាទីយប់។ វាក៏បានបង្កឱ្យមានការផ្ទុះជាបន្តបន្ទាប់ផងដែរ ខណៈ​ខាងយោធាបានអះអាងថា ពុំមាននរណាម្នាក់បានបាត់បង់ជីវិត ឬក៏ទទួលរងរបួស ក្នុងហេតុការណ៍នេះឡើយ។

លោក Mohammad Hasan មេបញ្ជាការយោធាប្រចាំទីក្រុងហ្សាការតា បានឱ្យដឹងថា អគ្គិភ័យត្រូវបានពន្លត់ទៅវិញ នៅម៉ោងខ្ទង់​៣៖៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យនេះ ហើយលោកបានបន្តថា យោធាកំពុងស៉ើបអង្កេតតំបន់ជុំវិញនោះ ដើម្បីពិនិត្យមើលហើយ​សម្អាតវត្ថុធាតុផ្សេងៗ ដែលអាចបានហោះខ្ទាតចេញពីដេប៉ូស្តុកគ្រាប់។ យោធាមិនបានបញ្ជាក់ច្បាស់ថា​ វត្ថុទាំងនោះជាអ្វីឡើយ ប៉ុន្តែបាន​ព្រមានកុំឱ្យប្រជាជនប៉ះពាល់ពួកវា ដ្បិតពួកវាអាចមានគ្រោះថ្នាក់។

គួរបញ្ជាក់ថា បើតាមយោធាឥណ្ឌូណេស៉ី ការឆាបឆេះត្រូវបានសង្ស័យថា ផ្តើមចេញពីសារធាតុគីមីដែលមិនមានស្ថិរភាព នៅឯផ្នែកមួយនៃដេប៉ូនោះ ជាទីដែលគ្រាប់រំសេវចាស់ៗ ត្រូវបានរក្សាទុក។ លោក Hasan បាននិយាយថា គ្រាប់រំសេវត្រូវបានស្តុកទុកនៅទីនោះ ដោយសារយោធា​ស្ថិតក្នុងដំណើរការ ដើម្បីកម្ទេចពួកវាចោល៕