(ឡាណាកា)៖ ការដឹកជញ្ជូនជំនួយជាស្បៀងអាហារជិត ៤០០តោនសម្រាប់តំបន់ហ្គាហ្សា បានចាកចេញពីកំពង់ផែ Larnaca របស់ប្រទេសស៉ីបហើយ នៅថ្ងៃសៅរ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាល់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ ២០២៤។

នេះជាការដឹកជញ្ជូនជើងទី ២ តាមប្រទេសស៉ីប ជាទីដែលអាជ្ញាធរស៉ីបបង្កើតឡើងដោយសហការជាមួយអ៉ីស្រាអែល និងជាច្រករបៀងដែនសមុទ្រមួយសម្រាប់ដឹកជញ្ជូនទំនិញដែលបានត្រួតពិនិត្យជាមុន ហើយអាចចូលទៅដល់ខាងក្នុងដែនដីប៉ាឡេស្ទីនតែម្តង។ ជំនួយនេះបានមកពីអង្គការសប្បុរសធម៌ World Central Kitchen មានមូលដ្ឋាននៅសហរដ្ឋអាមេរិក សហការរៀបចំបេសកកម្មជាមួយអង្គការសប្បុរសធម៌ Open Arms របស់អេស្ប៉ាញ ហើយផ្តល់ហិរញ្ញប្បទានជាចម្បងដោយអេមីរ៉ាត់អារ៉ាប់រួម និងមានចូលរួមការគាំទ្រពីអាជ្ញាធរនៃប្រទេសស៉ីប។

គួរបញ្ជាក់ថា នៅក្នុងបេសកកម្មលើកដំបូងរបស់ខ្លួនកាលពីដើមខែមីនា ក្រុមការងារបានសង់ផែចតបណ្តោះអាសន្នពីកម្ទេចថ្មដើម្បីផ្ទុកស្បៀងអាហារជិត ២០០តោន។ បើតាមលោក Nikos Christodoulides ប្រធានាធិបតីនៃប្រទេសស៉ីប សហរដ្ឋ​អាមេរិក​គ្រោង​សាងសង់​ផែ​បណ្ដែត​ទឹក​មួយនៅ​តំបន់​ហ្គាហ្សាទុកសម្រាប់ការ​ទទួលយក​ជំនួយ ហើយអាចនឹងរួចរាល់ទាំងស្រុងនៅថ្ងៃទី១ ខែឧសភា៕