(BALTIMORE)៖ ក្រុមមុជទឹកនៅក្នុងសហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) បានស្រង់សាកសពមនុស្ស២នាក់ ក្នុងចំណោម កម្មករ៦នាក់ ដែលត្រូវបានសន្មត់ថាបានស្លាប់ នៅក្រោយហេតុការណ៍នាវាបាក់ស្ពានមួយកន្លែងក្នុងទីក្រុង Baltimore នៃរដ្ឋ Maryland ដោយសារតែ នាវាដឹកទំនិញមួយគ្រឿងបើកបុកសរសរស្ពាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤។

សាកសពមនុស្សទាំង២នាក់ ត្រូវបានស្រង់ចេញពីទឹកទន្លេ Patapsco River មួយថ្ងៃបន្ទាប់ពីនាវាដឹកទូរកុងតឺន័រដ៏ធំមួយ បានបាត់បង់ការគ្រប់គ្រង និងបាន បើកបុកសរសរស្ពាន Francis Scott Key Bridge បណ្ដាលឱ្យបាក់ធ្លាក់ចូលទឹកទន្លេ។ ប៉ូលិសក្នុងរដ្ឋ Maryland បានឱ្យដឹងថាសាកសពមនុស្ស ទាំង២នាក់នេះដែរត្រូវបានស្រង់ចេញពីទឹក ស្ថិតនៅចម្ងាយប្រហែល ៧.៦២ម៉ែត្រពីផ្នែកកណ្ដាលនៃស្ពានដែលបានបាក់។ ប៉ុន្តែ ក្រុមអ្នកមុជទឹកបានផ្អាក ប្រតិបត្តិការតាមស្វែងរក និងស្រង់សាកសពមនុស្សផ្សេងទៀតដែលត្រូវបានសន្មត់ថាបានស្លាប់ ដោយសារលក្ខខណ្ឌមិនអំណោយផល។

គួរបញ្ជាក់ថា សាកសពកម្មករទាំង២នាក់ខាងលើ ត្រូវបានបញ្ជាក់អត្តសញ្ញាណថាមានឈ្មោះ Alejandro Hernandez Fuentes មានអាយុ៣៥ឆ្នាំ មកពី ប្រទេសម៉ិកស៉ិក មានទីលំនៅក្នុងទីក្រុង Baltimore និងឈ្មោះ Dorlian Ronial Castillo Cabrera មានអាយុ២៦ឆ្នាំ មកពីប្រទេសក្វាតេម៉ាឡា និង រស់នៅក្នុងទីក្រុង Dundalk នៃរដ្ឋ Maryland។

នាវាដែលបានបុកឱ្យបាក់ស្ពាន Key Bridge​ ត្រូវបានបញ្ជាក់ថាឈ្មោះ Dali និងមានដោតទង់ជាតិសិង្ហបុរី ហើយកាពីទែនបានអះអាងថានាវារបស់ខ្លួន បានបាត់ការគ្រប់គ្រង ជាហេតុបណ្ដាលឱ្យបុកសរសរស្ពាននេះតែម្ដង៕