(ណៃពិដោ)៖ មេដឹកនាំយោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះបាននិយាយថា របបយោធាកំពុងកាន់អំណាចជាបណ្តោះអាសន្ន ក្នុងគោលបំណងពង្រឹងលទ្ធិប្រជាធិបតេយ្យ ហើយនឹងបន្តទៅមុខជាមួយនឹងផែនការរៀបចំការបោះឆ្នោត ដែលប្រកបដោយយុត្តិធម៌។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

ថ្លែងទៅកាន់ក្បួនដង្ហែរទិវាកងកម្លាំងប្រដាប់អាវុធប្រចាំឆ្នាំ ឧត្តមសេនីយ Min Aung Hlaing ដែលបានដឹកនាំរដ្ឋប្រហារកាលពីឆ្នាំ ២០២១ ដែលបានបញ្ចប់រយៈពេលមួយទសវត្សរ៍ នៃលទ្ធិប្រជាធិបតេយ្យ បាននិយាយថា ចលនាប្រដាប់អាវុធកំពុងព្យាយាមបំផ្លាញផែនការដើម្បីប្រគល់អំណាចជូនប្រជាជន។

លោកបានបន្ថែមថា ការបោះឆ្នោតនឹងធ្វើឡើងក្រោមប្រព័ន្ធតំណាងសមាមាត្រសមាជិកចម្រុះ ដែលរួមបញ្ចូលកាន់តែច្រើន ប៉ុន្តែលោកមិនបានផ្តល់កាលវិភាគជាក់លាក់នោះទេ។

គួរជម្រាបថា នៅថ្ងៃពុធនេះ របបសឹកនៃប្រទេសមីយ៉ាន់ម៉ា បានប្រារព្ធព្យុហយាត្រាប្រចាំឆ្នាំរបស់ខ្លួន នាឱកាសទិវាកងកម្លាំងប្រដាប់អាវុធ ដើម្បីជាការបង្ហាញសាច់ដុំមួយ ស្របពេលកំពុងពិបាកគ្រប់គ្រងចលនាតស៊ូប្រដាប់អាវុធ ដែលជាច្រើនខែមកនេះ បានដណ្តើមកាន់កាប់​ទឹកដីមួយផ្នែកធំ។

យោធាមីយ៉ាន់ម៉ាបានទទួលរងការបាត់បង់ធំៗជាបន្តបន្ទាប់ ចាប់តាំងតែសម្ព័ន្ធភាពនៃចលនាប្រដាប់អាវុធជនជាតិភាគតិច បានរួមផ្តុំកម្លាំងគ្នាបើកយុទ្ធនាការវាយលុក​ទ្រង់ទ្រាយធំ នៅផ្នែកជាច្រើននៃផ្ទៃប្រទេស កាលពីខែតុលា ឆ្នាំ២០២៣មក។ ក្នុងសប្តាហ៍នេះ មេដឹកនាំរបបយោធា លោក Min Aung Hlaing បានទទួលស្គាល់ថា វាប្រហែលជាមិនអាចទៅរួចឡើយ ក្នុងការរៀបចំការបោះឆ្នោតនៅទូទាំងប្រទេស ដោយសារតែអស្ថិរភាព។ បើតាមក្រុមអ្នកជំនាញ គឺរយៈពេល៣ឆ្នាំក្រោយ ធ្វើរដ្ឋប្រហារដណ្តើមអំណាច របបសឹកមីយ៉ាន់ម៉ា កំពុងប្រឈមមុខមការគំរាមកំហែងដ៏ធំបំផុតមួយ៕