(សេអ៊ូល)៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះបានបង្កើតក្រុមការងារថ្មីមួយ ក្នុងគោលបំណងរារាំងកូរ៉េខាងជើង ពីការទិញប្រេងដោយខុសច្បាប់ ខណៈភាពជាប់គាំងនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) បង្កភាពស្រពិចស្រពិលលើអនាគត នៃការដាក់ចេញនូវទណ្ឌកម្មអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ ២០២៤។

កិច្ចប្រជុំដំបូងនៃក្រុមការងារ EDTF រៀបចំឡើងនៅក្នុងទីក្រុងវ៉ាស៉ីនតោន កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ បើតាមសេចក្តីថ្លែងការណ៍ របស់កូរ៉េខាងត្បូង កិច្ចប្រជុំនោះចូលរួមដោយមន្រ្តីច្រើនជាង៣០រូបមកពីស្ថាប័ន និងទីភ្នាក់ងារទទួលបន្ទុកផ្នែកការទូត ចារកម្ម និងការល្បាតដែនសមុទ្រ។ ភាគីទាំងពីរ បានគូសបញ្ជាក់អំពីក្តីបារម្ភអំពីលទ្ធភាព ដែលរុស្ស៉ីនឹងលក់ប្រេងទៅឱ្យកូរ៉េខាងជើង ហើយពិភាក្សាគ្នាអំពីវិធីសាស្រ្តរារាំង កិច្ចសហប្រតិបត្តិការខុសច្បាប់ រវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឱ្យដឹងថា ក្រុមការងារអាមេរិក-កូរ៉េខាងត្បូង កំពុងពិចារណាធ្វើសកម្មភាព ដែលអាចបង្អាក់ បណ្តាញលទ្ធកម្មប្រេងចម្រាញ់របស់កូរ៉េខាងជើង រួមទាំងការលាតត្រដាងពីសកម្មភាពគេចវេះទណ្ឌកម្ម ការដាក់ទណ្ឌកម្មជាឯកតោភាគី ទៅលើវិស័យឯកជន ឬភាគីទី ៣ណាដែលចូលរួមក្នុងការសម្របសម្រួលដឹកជញ្ជូនប្រេង ទាំងចេតនា និងអចេតនា។

គួរបញ្ជាក់ថា នៅក្រោមទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ UN លើកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៉ីលរបស់កូរ៉េខាងជើង ទីក្រុងព្យុងយ៉ាងត្រូវបានកំណត់ឱ្យនាំចូលប្រេងឆៅត្រឹម ៤លានបារ៉ែល និង ៥០០,០០០បារ៉ែលនៃផលិតផលចម្រាញ់រួច ក្នុងមួយឆ្នាំ។

ក្រុមអ្នកជំនាញរបស់ UN ដែលតាមដានការអនុវត្តទណ្ឌកម្ម បាននៅឱ្យដឹងក្នុងខែមីនានេះថា នាវាដឹកប្រេងដោតទង់ជាតិកូរ៉េខាងជើង ប្រហែលជាបាននាំចូលផលិតផលប្រេងចម្រាញ់រួចច្រើនជាង ១.៥លានធុង នៅចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៣។ រូបភាពពីផ្កាយរណបពាណិជ្ជកម្ម បានបង្ហាញឱ្យឃើញនាវាដឹកប្រេងកូរ៉េខាងជើង ដែលមានខ្លះជាប់ក្រោមទណ្ឌកម្មផងនោះ បានចូលចតនៅកំពង់ផែរបស់រុស្ស៉ីក្នុងសប្តាហ៍ថ្មីៗនេះ៕