(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងដិតដល់ទៅលើ ​សេចក្តីរាយការណ៍អំពី ការចាប់ខ្លួនមេបក្សប្រឆាំងឥណ្ឌាម្នាក់ គឺលោក Arvind Kejriwal ហើយទីក្រុងវ៉ាស៉ីនតោនលើកទឹកចិត្ត ឱ្យមាន​ការចាត់នីតិវិធីតាមផ្លូវច្បាប់ ប្រកបដោយយុត្តិធម៌និងតម្លាភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤។

លោក Kejriwal ដែលជាមេបក្សប្រឆាំងលេចធ្លោមួយរូប និងជាប្រមុខរដ្ឋបាលតំបន់ Delhi ត្រូវបានទីភ្នាក់ងារប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋ​ផ្នែកហិរញ្ញវត្ថុ នៃប្រទេសឥណ្ឌា ចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ពីបទជាប់សង្ស័យប្រព្រឹត្តអំពើពុករលួយ ជាការចោទប្រកាន់មួយ ដែលគណបក្សរបស់លោកបានបដិសេធ ហើយការឃាត់ខ្លួនរូបលោក កើតមានឡើងមុនពេលបោះឆ្នោតសកលតែ១ខែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានលើកឡើងថា «យើងលើកទឹកចិត្តឱ្យមានការចាត់នីតិវិធីផ្លូវច្បាប់ ដែលមានយុត្តិធម៌ តម្លាភាព និងមិនអូសបន្លាយពេលយូរ សម្រាប់លោក Kejriwal»។ ការលើកឡើងរបស់ទីក្រុងវ៉ាស៉ីនតោន គឺបន្ទាប់ពីឥណ្ឌាបានធ្វើការកោះហៅ បេសកជនអាល្លឺម៉ង់កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ដើម្បីសម្តែងភាពមិនពេញចិត្តចំពោះ ការអត្ថាធិប្បាយរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ជុំវិញការចាប់ខ្លួនលោក Kejriwal។

ក្នុងសន្និសីទសារព័ត៌មានរដ្ឋាភិបាលកាលពីថ្ងៃសុក្រសប្តាហ៍មុន អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ បាននិយាយថា ដូចអ្នកដទៃទៀត​ដែលប្រឈមការចោទប្រកាន់ដែរ គឺលោក Kejriwal មានសិទ្ធិទទួលបានដំណើរការជំនុំជម្រះក្តីមួយ ដែលមានយុត្តិធម៌និងមិនលម្អៀង។ ក្រោយមកនៅថ្ងៃសៅរ៍ ក្រសួងការបរទេសឥណ្ឌាបានឱ្យដឹងថា ទីក្រុងញូវដែលីបានកោះហៅអនុប្រធានបេសកកម្មការទូតអាល្លឺម៉ង់ និង​បានសម្តែងការមិនពេញចិត្តជាខ្លាំងរបស់ឥណ្ឌា ចំពោះការអត្ថាធិប្បាយនោះ។ ឥណ្ឌាបានលើកឡើងថា ការអត្ថាធិប្បាយរបស់អាល្លឺម៉ង់ គឺប្រៀបដូចជាសកម្មភាពលូកលាន់ នីតិវិធីច្បាប់របស់ឥណ្ឌា ហើយធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យនៃប្រព័ន្ធយុត្តិធម៌របស់ឥណ្ឌា។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌានឹងចាប់ផ្តើមដំណើរការបោះឆ្នោតសកលរបស់ខ្លួន ដែលមានរយៈពេលសរុបជាច្រើនសប្តាហ៍ នៅថ្ងៃទី១៩ ខែមេសា ខណៈនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានបង្ហាញភាពជឿជាក់ខ្ពស់ថា គណបក្សកាន់អំណាចរបស់លោក នឹងអាចបន្តទទួលជ័យជម្នះ សម្រាប់អាណត្តិទី៣៕