(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃចន្ទថា ខ្មាន់កាំភ្លើងដែលបានសម្លាប់មនុស្ស ១៣៧ នាក់នៅក្នុងសាលប្រគុំតន្ត្រីមួយនៅខាងក្រៅទីក្រុងមូស្គូ ជាផ្នែកមួយនៃក្រុមរដ្ឋអ៊ីស្លាម ដែលបានបរាជ័យក្នុងការប៉ុនប៉ងវាយប្រហារប្រទេសបារាំង ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

លោក Macron បាននិយាយថា នេះជាការពន្យល់ពីមូលហេតុដែលរដ្ឋាភិបាលបារាំង បានបង្កើនការប្រុងប្រយ័ត្នផ្នែកសន្តិសុខ ដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃអាទិត្យ។

រុស្ស៊ីបានជំទាស់នឹងការអះអាងរបស់សហរដ្ឋអាមេរិកដែលថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅពីក្រោយការវាយប្រហារកាលពីថ្ងៃសុក្រ ហើយបានបន្តលើកឡើងកាលពីថ្ងៃចន្ទថា អ៊ុយក្រែនជាអ្នកមានចំណែកទទួលខុសត្រូវចំពោះអំពើភេវកម្មនេះ។ លោក Macron បាន​និយាយ​ថា នេះ​គឺ​ជា​ការ​ប្រមាថ និងការមិនទទួលការពិត។

លោក Macron បាននិយាយដូច្នេះថា «អង្គការរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ហើយព័ត៌មានសេវាស៊ើបការណ៍សម្ងាត់របស់យើង និងដៃគូសំខាន់ៗរបស់យើង ក៏បានបង្ហាញឱ្យឃើញថា វាជាអង្គភាពមួយរបស់រដ្ឋឥស្លាម ដែលបានជំរុញឱ្យមានការវាយប្រហារនេះ»

លោកបានបន្ថែមថា «ក្រុមនេះបានព្យាយាមវាយប្រហារប្រទេសបារាំងជាច្រើនលើកមកហើយ (ប៉ុន្តែមិនបានជោគជ័យ)» ដោយសំដៅទៅលើសាខារបស់រដ្ឋអ៊ីស្លាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលត្រូវបានគេស្គាល់ថា ISIS-Khorasan ឬ ISIS-K ដែលបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅទីក្រុងមូស្គូកាលពីថ្ងៃសុក្រ។

គួរជម្រាបថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ រដ្ឋាភិបាលបារាំងបានបង្កើនការព្រមានពីអំពើភេរវកម្មដល់កម្រិតមួយខ្ពស់បំផុត បន្ទាប់ពីមានករណីបាញ់ប្រហារកក្រើកក្រុងមូស្គូ។

ការណ៍នេះ នឹងអនុញ្ញាតឱ្យមានវិធានការសន្តិសុខកាន់តែតឹងរ៉ឹង ដូចជាការល្បាតរបស់កងកម្លាំងប្រដាប់អាវុធតាមទីសាធារណៈ ដូចជាស្ថានីយ៍រថភ្លើង អាកាសយានដ្ឋាន និងកន្លែងប្រតិបត្តិសាសនាជាដើម៕