(ហាណូយ)៖ កាលពីថ្ងៃទី២០ ខែមីនាកន្លងទៅ គណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្ដវៀតណាម បានបោះឆ្នោតទទួលយកការលាលែងពីតំណែងរបស់លោកប្រធានាធិបតី Vo Van Thuong ហើយមួយថ្ងៃបន្ទាប់ ទើបសម័យប្រជុំពិសេសសភាវៀតណាម ទទួលយកការលាលែងពីតំណែងរបស់លោក។ ប៉ុន្តែ សភាវៀតណាមមិនទាន់អាចរកមនុស្សថ្មី មកកាន់តំណែងជំនួសលោក Thuong ជាផ្លូវការនៅឡើយទេ ដោយសម្រេចតែងតាំងលោកស្រី Vo Thi Anh Xuan ជាប្រធានាធិបតីបណ្ដោះអាសន្ន រហូតដល់អាចជ្រើសរើសបាន ប្រធានាធិបតីថ្មី។

ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន គណបក្សកុម្មុយនិស្ដវៀតណាម មិនបានឱ្យដឹងពីហេតុផលនៅពីក្រោយការលាលែងពីតំណែងរបស់លោក Vo Van Thuong ទេ ដោយគ្រាន់តែបញ្ជាក់ថា លោកបានប្រព្រឹត្តផ្ទុយនឹងបទបញ្ញត្តិផ្ទៃក្នុងរបស់គណបក្ស។ តែទោះជាបែបនេះក្ដី ដំណឹងចុះចេញពីតំណែងរបស់លោក Thuong គឺជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលពីព្រោះថាក្នុងរយៈពេល ត្រឹមតែមួយឆ្នាំប៉ុណ្ណោះ វៀតណាមបណ្ដេញប្រធានាធិបតី២ រូប ក្នុងបរិបទដែលគណបក្សកុម្មុយនិស្ដកំពុងដឹកនាំយុទ្ធនាការបោសសម្អាតអំពើពុករលួយ។

តាមពិតទៅ ពាក្យចចាមអារ៉ាមពីការចុះចេញពីតំណែងរបស់លោក Thuong កើតឡើងតាំងតែពីថ្ងៃទី១៤ ខែមីនាមកម្ល៉េះ នៅពេលដែលរដ្ឋាភិបាលហូឡង់បានប្រកាសពីការលើកពេលនៃការ បំពេញទស្សនកិច្ចរបស់ព្រះមហាក្សត្រហូឡង់ និងព្រះមហេសីរបស់ទ្រង់ទៅកាន់វៀតណាម ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមីនា តបតាមការអញ្ជើញរបស់រដ្ឋាភិបាលទីក្រុងហាណូយ ដោយសារ បញ្ហាផ្ទៃក្នុងរបស់វៀតណាម។ លោក Thuong បានក្លាយជាសមាជិកការិយាល័យទី៤ ដែលត្រូវបានបង្ខំឱ្យលាលែងពីតំណែង ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២មក ធ្វើឱ្យសមាជិកការិយាល័យ នយោបាយនៅសល់តែ ១៤ប៉ុណ្ណោះ ដែលជាចំនួនសមាជិកតិចបំផុតមួយចាប់តាំងពីវៀតណាមដាក់ចេញគោលនយោបាយសេដ្ឋកិច្ច Doi Moi ក្នុងឆ្នាំ១៩៨៦មក។

* ហេតុអ្វីលោក Thuong ចុះចេញពីតំណែង?
លោក Thuong មានអាយុ៥៣ឆ្នាំ និងដែលត្រូវបានសភាតែងតាំងជាប្រធានាធិបតី កាលពីខែមីនា ឆ្នាំ២០២៣ គឺជាមនុស្សជំនិតម្នាក់របស់អគ្គលេខាធិការបក្សកុម្មុយនិស្ដវៀតណាម លោក Nguyen Phu Trong។ លោក Trong ធ្លាប់ត្រូវបានគេរាយការណ៍ថាស្រឡាញ់ពេញចិត្តយ៉ាងខ្លាំងចំពោះការផ្ដល់តំណែងប្រធានាធិបតីឱ្យលោក Thuong ដែលបានលេចមុខឡើងយ៉ាងឆាប់រហ័សជាអនាគត បេក្ខជនសម្រាប់តំណែងអគ្គលេខាធិការបក្សដែលជាតំណែងកំពូលបំផុតនៅវៀតណាម។ ដោយសារតែជាមនុស្សលោក Trong ស្រឡាញ់ពេញចិត្តនេះឯង ទើបការលាចុះពីតំណែងរបស់លោក Thuong បង្កភាពភ្ញាក់ផ្អើល និងការសង្ស័យជាច្រើន។ តាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម លោក Thuong ត្រូវបានគេបង្ខំឱ្យលាចុះពីតំណែងដោយសារតែមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយចន្លោះពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ ជាពេលដែលលោកនៅកាន់តំណែងជាលេខាបក្សប្រចាំខេត្ត Quang Ngai។

នៅត្រង់ចំណុចនេះឯងដែលធ្វើឱ្យគេសង្ស័យ។ ព្រោះថាហេតុអ្វីបានជាសំណុំរឿងពុករលួយកាលពីជាង១០ឆ្នាំ ទើបតែត្រូវបានលើកយកមកនិយាយនៅពេលនេះ ហើយម្ដេចគេមិនលើកវាឡើងដើម្បី ប្រឆាំងនឹងការតែងតាំងលោក Thuong ជាប្រធានាធិបតីកាលពីពេលមុន។ ក្រុមអ្នកវិភាគជឿថាការលាចុះពីតំណែងរបស់លោក Thuong គឺជាសញ្ញាមួយនៃ «ការដណ្ដើមអំណាច» នៅក្នុងគណបក្ស កុម្មុយនិស្ដវៀតណាម ហើយវាក៏អាចជាសញ្ញាមួយដែរនៃការថយចុះឥទ្ធិពលលោក Trong មានអាយុ ៧៩ឆ្នាំ ដែលកំពុងហ៊ុមព័ទ្ធដោយពាក្យចចារ៉ាមពីបញ្ហាសុខភាព ខណៈអាណត្តិទី៣របស់លោកជា អគ្គលេខាធិការបក្សនឹងត្រូវផុតកំណត់ នៅឆ្នាំ២០២៦ ជាពេលដែលគេរំពឹងថាវៀតណាមអាចមានអគ្គលេខាធិការបក្សថ្មីម្នាក់ ក្នុងរយៈពេល១៥ឆ្នាំ។ «គណបក្សកុម្មុយនិស្ដវៀតណាម កំពុងប្រើប្រាស់ ការបោសសម្អាតអំពើពុករលួយជាលេស បង្កើតការប្រជែងអំណាចនៅក្នុងបក្ស»។ នេះជាការយល់ឃើញរបស់លោក Ha Hoang Hop មកពីវិទ្យាសា្ថន ISEAS-Yusof Ishak ​មានមូលដ្ឋាលក្នុង ប្រទេសសិង្ហបុរី។

* ចុះបើដូច្នេះតើនរណាចង់ឱ្យលោក Thuong លាចុះពីតំណែង ហើយមកពីហេតុអ្វី?
ទោះមិនច្បាស់ថាតើអ្វីទៅជាចេតនានយោបាយ នៅពីក្រោយការបង្ខំឲ្យប្រធានាធិបតីវៀតណាម ចុះចេញពីតំណែងក៏ដោយ តែមនុស្សម្នាក់ដែល គេចោលភ្នែកសម្លឹងមើលមុនគេ នោះគឺរដ្ឋមន្ត្រីសន្តិសុខសារធាណ: លោក To Lam។

អ្នកកាន់សំណុំរឿងពុករលួយជាប់ពាក់ព័ន្ធនឹងលោក Thuong កាលពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ គឺលោក To Lam។ នៅពេលការិយាល័យនយោបាយ បោះឆ្នោតគាំទ្រ លោក Thuong ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ មិនមែនមនុស្សគ្រប់គ្នាក្នុងបក្សកុម្មុយនិស្ដវៀតណាមសុទ្ធតែសប្បាយចិត្តនោះទេ ហើយអ្នកដែលអាចមិនសប្បាយចិត្តខ្លាំងជាងគេ នោះគឺលោក Lam។ ដ្បិត លោក Lam ត្រូវបានគេមើលឃើញថាបានសម្លឹងឃើញតំណែងជាប្រធានាធិបតី ជាមធ្យោបាយតែមួយគត់ដើម្បីលាងសម្អាតរឿងអាស្រូវរបស់ខ្លួនឯង ក្នុងនោះរួមមានទាំងរឿងអាស្រូវដែលគេថតជាប់ រូបលោកអង្គុយហូបសាច់ steaks មាសមានតម្លៃ១០០០ដុល្លារ នៅឯភោជនីយដ្ឋាន Salt Bae ក្នុងទីក្រុងឡុងដ៍ កាលពីឆ្នាំ២០២១។

ម្លោះហើយដោយសារតែរឿងអាស្រូវរបស់លោក Lam ទំនងជាអាចនឹងក្លាយជាឧបសគ្គរារាំងរូបលោកមិនឱ្យក្លាយជាអគ្គលេខាធិការបក្ស តំណែងជាប្រធានាធិបតីអាចនឹងជួយរក្សាជីវិតនយោបាយរបស់ លោក ប្រសិនបើលោក Lam អាចធានាបានថាមនុស្សរបស់លោក គឺលោក Luong Tan Quang ជាអនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈអាចឡើងកាន់តំណែងជារដ្ឋមន្ត្រីសន្តិសុខសាធារណៈជំនួស រូបលោក។ បើគេចំាមិនភ្លេចទេ លោក Tran Dai Quang ដែលជាអតីតរដ្ឋមន្ត្រីសន្តិសុខសាធារណៈ អាចបន្តរក្សាឥទ្ធិពលរបស់លោកនៅក្នុងក្រសួងសន្តិសុខសាធារណៈ បើទោះជាលោកក្លាយជា ប្រធានាធិបតីវៀតណាម ក្នុងឆ្នាំ២០១៦ក៏ដោយ។ ដូច្នេះ លោក Lam ត្រូវបានគេរំពឹងថាក៏ចង់បន្តរក្សាឥទ្ធិពលរបស់លោកក្នុងក្រសួងដ៏មានឥទ្ធិពលនេះដែរ ដើម្បីអាចគ្រប់គ្រងលើគូប្រជែងរបស់លោក។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ លោក Trong បានប្រើប្រាស់លោក Lam និងក្រសួងសន្តិសុខសាធារណៈដើម្បីបង្ក្រាបគូប្រជែងអំណាចនៅក្នុងបក្ស។ ក្នុងនោះរួមមានទាំងអតីតប្រធានាធិបតី លោក Nguyen Xuan Phuc ដែលហ៊ានឈរឈ្មោះប្រជែងយកតំណែងអគ្គលេខាធិការបក្សជាមួយលោក Trong កាលពីឆ្នាំ២០២១ ត្រូវបានបង្ខំឱ្យលាចុះពីតំណែងកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ហើយមនុស្ស ដទៃទៀតមានទំនាក់ទំនងជាមួយលោកអតីតនាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏ត្រូវបណ្ដេញចេញពីតំណែងផងដែរ។ ប៉ុន្តែ ការផ្ដល់អំណាចបែបនេះបែរជាធ្វើឱ្យលោក Lam មានអំណាចខ្លាំងឡើងៗ ទៅវិញ។ តាមរយៈការលាលែងរបស់លោក Thuong បច្ចុប្បន្ននៅមានបេក្ខជន ៣នាក់ផ្សេងទៀត ក្នុងចំណោមសមាជិកការិយាល័យនយោបាយដែលឈរឈ្មោះប្រជែងយកតំណែងអគ្គលេខាធិការបក្ស ដូចជានាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានសភាជាតិ លោក Vuong Dinh Hue សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានបក្សកុម្មុយនិស្ដវៀតណាម លោកស្រី Truong Thi Mai។ លោកស្រី Mai ជាមនុស្សមានសមត្ថភាព និងបទពិសោធន៍ច្រើនដែលបានក្លាយជាស្ត្រីមានឥទ្ធិពលម្នាក់នៅក្នុងបក្សកុម្មុយនិស្តដែលភាគច្រើនសុទ្ធតែជាមនុស្សប្រុស។ ប៉ុន្តែ លោកស្រី Mai មានអាយុ៦៥ឆ្នាំ ធ្លាប់បានបង្ហាញចេតនាថាលោកស្រីមិនសូវចាប់អារម្មណ៍កាន់តំណែងមួយអាណត្តិ ៥ឆ្នាំទៀតនោះទេ។

ចំណែក លោក Chinh កំពុងហ៊ុមព័ទ្ធដោយពាក្យចចាមអារ៉ាមនៃការស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើពុករលួយជាច្រើន ហើយលោកក៏ធ្លាប់រិះគន់ខ្លួនឯងដែរ។ ដោយឡែក លោក Hue ក៏កំពុងរងពាក្យចចាម អារ៉ាមស្ថិតក្រោមការស៊ើបអង្កេតដែរ។ ដូច្នេះបើលោក Hue ត្រូវបានបង្ខំឱ្យលាលែងពីតំណែង នោះនៅសល់តែលោក Lam ម្នាក់ទេដែលមានសង្ឃឹមខ្ពស់ជាងគេ ស្របពេលអ្នកវិភាគខ្លះយល់ថាលោក Lam កំពុងសម្លឹងរកមើលឱកាសក្លាយជាប្រធានាធិបតីវៀតណាម ដើម្បីការត្រួសត្រាយផ្លូវឆ្ពោះទៅរកតំណែងជាអគ្គលេខាធិការបក្ស នៅឆ្នាំ២០២៦។

គួរបញ្ជាក់ថា នៅវៀតណាម អំណាចមេដឹកនាំធំៗត្រូវបែងចែងជា ៤ គឺអគ្គលេខាធិការបក្ស ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានសភា។ ប្រធានាធិបតីត្រូវបានគេចាត់ទុកថាជាតំណែងពិធីការ ភាគច្រើន។ តែយ៉ាងណាក៏ដោយ ប្រធានាធិបតីនៅតែជាតំណែងធំលំដាប់ទី២ នៅក្នុងឋានុក្រមនយោបាយរបស់គណបក្សកុម្មុយនិស្ដវៀតណាម និងអាចបង្កើតទំនាក់ទំនងជាមួយមេដឹកនាំបរទេស ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិ និងធ្វើជាតំណាងប្រទេសចូលរួមកិច្ចប្រជុំកំពូលៗ៕