(មូស្គូ)៖ រុស្ស៊ីបានបង្ហាញមុខចំពោះតុលាការ នូវជនសង្ស័យបួននាក់ដែលគេចោទថាជាជនដៃដល់ និងពាក់ព័ន្ធជាមួយនឹង អ៊ុយក្រែនក្នុងអំពើវាយប្រហារសាលប្រគុំតន្ត្រី Crocus City Hall ដែល សម្លាប់មនុស្សយ៉ាងហោច១៣៧នាក់ និងបង្ករបួសជាងមួយរយនាក់។ ការវាយប្រហារលើ សាលប្រគុំតន្ត្រីមួយលើទឹកដីរុស្ស៊ីកាលពីយប់ជ្រៅថ្ងៃសុក្រ ត្រូវបានក្រុម IS អះអាងការទទួលខុសត្រូវ ប៉ុន្តែមេដឹកនាំរុស្ស៊ីបានថ្លែងថាជនពាក់ព័ន្ធដៃដល់ យ៉ាងហោច៤នាក់ត្រូវបានចាប់ខ្លួន គ្រាដែលពួកគេកំពុងរត់គេច ចង់ឆ្លងព្រំដែនចូលទឹកដីអ៊ុយក្រែន។

គ្រាដែលមានព័ត៌មានជុំវិញអំពើវាយប្រហារ នៅក្នុងសាលប្រគុំតន្ត្រីក្រុងមូស្គូបានផ្ទុះឡើង កាលពីយប់ថ្ងៃសុក្រទី២២មីនារួចមកនោះ, អ៊ុយក្រែនបានដឹងថាតើនឹង មានអ្វីកើតឡើងចំពោះ ខ្លួនមិនខានឡើយ។ រុស្ស៊ីបានបន្ទោសថា គឺរដ្ឋាភិបាលក្រុងគៀវ ដែលស្ថិតនៅពីខាងក្រោយ ការវាយប្រហារសាលប្រគុំតន្ត្រី Crocus City Hall ដែលបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាង ហោច១៣៧នាក់និងច្រើនរយនាក់ទៀតរងរបួស។

ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀរពូទីន បានថ្លែងថាគេបានចាប់ខ្លួនមនុស្ស១១នាក់ក្នុងនោះ បួននាក់ដែលគេជឿថាជាជនដៃដល់ អំពើវាយប្រហារដាក់លើសាលប្រគុំតន្ត្រីដែលមាន មនុស្សចូលរួមជាង៦ពាន់នាក់ បណ្តាលឱ្យស្លាប់និងរបួសនិងធ្វើឱ្យឆេះ ខូចខាតទីសាលវប្បធម៌របស់រុស្ស៊ីថែមទៀត។

ជនសង្ស័យដៃដល់ទាំងបួននាក់នោះ ត្រូវបានគេចាប់ខ្លួន ក្នុងពេលដែលពួកគេបានព្យាយាម បំរុងគេចខ្លួនចេញទៅទឹកដីអ៊ុយក្រែន បើទោះបីជាមានសេចក្តីរាយការណ៍ និយាយថាការវាយ ប្រហារដាក់មកលើសាលប្រគុំតន្ត្រីនោះ គឺជាអំពើរបស់ក្រុមIS Islamic State Group ដែល ពួកគេបានអះអាងលើការវាយប្រហារដាក់លើ សាលប្រគុំតន្ត្រីនោះក៏ដោយ។ ក្រុម IS ថែម ទាំងបានបញ្ចេញក្រាហ្វិកវីដេអូ បង្ហាញនូវអំពើបង្ហូរឈាម ដែលបានថតលើកាមេរ៉ាជាមួយ នឹងសម្លេងស្រែករបស់ពួកក្រុម ភេរវករដែលស្រែកថា «ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត» នោះ ថែមទៀត ប៉ុន្តែរដ្ឋាភិបាលវិមានក្រឹមឡាំង មិនបានបំបែរអារម្មណ៍ងាកចេញពីការស្រាវជ្រាវ របស់ខ្លួនដោយសារតែ រូបភាពទាំងនេះឡើយ ហើយបើសូម្បីតែសហរដ្ឋអាមេរិកក៏និយាយ ជឿថាអំពើវាយប្រហារកាលពីយប់ថ្ងៃសុក្រនោះ គឺជាទង្វើរបស់ក្រុមជ្រុល និយមឥស្លាម នោះក៏ដោយ។ សហរដ្ឋអាមេរិកថែមទាំងបានបញ្ជាក់ទៀតថា គេធ្លាប់បានប្រាប់ជុំ វិញនូវ ព័ត៌មានសម្ងាត់មួយពាក់ព័ន្ធនៃគំរោងការណ៍ចង់ធ្វើការវាយប្រហារនេះដើម្បីឱ្យគេបានដឹងនិង ត្រៀមទុកដើម្បីបង្កាផងដែរ កាលពីដើមខែមីនាឆ្នាំ២០២៤ ប៉ុន្តែសេចក្តីរាយការណ៍ និយាយ ថារដ្ឋាភិបាលវិមានក្រឹមឡាំងបានទាត់ចោលចំពោះព័ត៌មានសម្ងាត់នោះ ដោយចាត់ទុកថា វាជាសម្តីឃោសនានិងជាការប៉ុនប៉ងចង់រំខានឆាឆៅ នៅក្នុងការបោះឆ្នោតសកលរបស់រុស្ស៊ី។

បន្ទាប់ពីមានការចោទប្រកាន់ពីសំណាក់មេដឹកនាំរុស្ស៊ីថាអ៊ុយក្រែនបានជាប់ពាក់ព័ន្ធនឹងអំពើ វាយប្រហារនោះមក, សម្លេងផ្ទុះខ្លាំងៗ នៅក្នុងរដ្ឋធានីគៀវ ត្រូវ បានលាន់ឮនាពេលព្រឹកព្រ លឹមស្រាងៗថ្ងៃអាទិត្យទី២៤មីនា ដែលជាសញ្ញាឱ្យដឹងថារុស្ស៊ី បានធ្វើការសងសឹកចំពោះការ វាយប្រហាររបស់ពួកក្រុមភេរវករ ដាក់មកលើសាលប្រគុំតន្ត្រី Crocus City Hall របស់រុស្ស៊ីវិញ នោះហើយ។ ប៉ុន្តែការវាយប្រហារនាព្រឹកថ្ងៃអាទិត្យដាក់លើរដ្ឋធានីគៀវ បើទោះបីជាបង្ហាញ នូវបំណងចង់សងសឹកយ៉ាងណាក៏ដោយ ក៏មិនមានអ្វីចម្លែកចំពោះអ៊ុយក្រែនឡើយដោយ សារតែការវាយប្រហាររបស់រុស្ស៊ី តែងធ្វើដាក់លើបណ្តាក្រុងអ៊ុយក្រែន ជាពិសេសលើក្រុងគៀវ មិនដែលលោះពេលឡើយ សូម្បីតែប៉ុន្មានថ្ងៃមកនេះរុស្ស៊ី ក៏ធ្លាប់បានបាញ់គីនហ្សាល់ Kinzhal និងមីស៊ីលគ្រូស29 KH-101 ចំនួន៣១គ្រាប់ដាក់មកលើទៀតផង ក៏វាជាទម្លាប់នៃទីក្រុងមួយ ដែលមានសង្គ្រាមកើតឡើងរួចទៅហើយ។

រដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា នៅថ្ងៃអាទិត្យទី២៤មីនានោះ, រុស្ស៊ីនៅបានវាយប្រ ហារលើ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងតំបន់ Lviv ភាគខាងលិចនៃប្រទេសអ៊ុយក្រែន និងក៏មានមីស៊ីលមួយគ្រាប់ទៀតនាព្រឹកថ្ងៃអាទិត្យ ទី២៤ មីនា បានហោះរំលងដែនអាកាសប៉ូឡូញនោះផងទៀត។ ការវាយប្រហារតាមផ្លូវអាកាសដោយរុស្ស៊ីនៅថ្ងៃអាទិត្យនោះ រួមមីស៊ីលនិងដ្រូន សារុបចំនួន៥៧លើក។

កងកម្លាំងការពារអាកាសអ៊ុយក្រែនបាននិយាយថាក្នុងចំណោមមីស៊ីល ២៩គ្រាប់ដែលបាន បាញ់ចូលមកនោះ គេបានបាញ់ទម្លាក់ ១៨គ្រាប់ និងក្នុងចំណោមដ្រូនអត្ត ឃាត២៨គ្រឿង គេបានបាញទម្លាក់អស់ចំនួន២៥គ្រឿង។ មិនមានសេចក្តីរាយការណ៍ជុំវិញ ការខូចខាតនិង គ្រោះថ្នាក់លើការវាយប្រហារកាលពីថ្ងៃអាទិត្យនោះឡើយ ប៉ុន្តែមានសេចក្តីរាយការណ៍ការ វាយប្រហាររបស់រុស្ស៊ី បានបណ្តាលឱ្យមានការដាច់ចរន្តអគ្គីសនីក្នុងតំបន់មួយ ចំនួនជាពិសេសតំបន់ Kharkiv ខណៈដែលអាកាសធាតុត្រជាក់ មិនទាន់បានឆ្លងផុតនៅឡើយ។

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី កាលពីល្ងាចថ្ងៃទី២៣មីនា បានធ្វើសេចក្តីថ្លែងការណ៍បដិសេធថា អ៊ុយក្រែនមិនបានប្រព្រឹត្តនូវអំពើវាយប្រហារសាលប្រគុំតន្ត្រី Crocus City Hall នោះឡើយបើទោះបីកំពុងមានសង្គ្រាម ជាមួយនឹងរុស្ស៊ីក៏ដោយ។ លោកហ្សេឡិនស្គី បានខឹងចំពោះសម្តីពណ៌នាចោទប្រកាន់ របស់លោកពូទីននិងអ្នកដទៃ ទៀតក្នុងក្រុងម៉ូស្គូថាជាសម្តីថោកទាប ដែលនិយាយថា អ៊ុយក្រែនបានជាប់ពាក់ព័ន្ធនឹង អំពើវាយប្រហារនោះ។ មេដឹកនាំអ៊ុយក្រែនបានប្រញាប់ចោទតបទៅវិញថា គឺរុស្ស៊ីនោះទេដែលបានបញ្ជួនក្រុមភេរវកររាប់ពាន់នាក់ ចូលមកក្នុងទឹកដីអ៊ុយក្រែន ចាប់តាំងពីមានសង្គ្រាមឈ្លាន ពានថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២នោះមក។

នាយកចារកម្មយោធាអ៊ុយក្រែន បានហៅសម្តីអះអាងរបស់រុស្ស៊ីថា ខ្មាន់កាំភ្លើងដែលត្រូវបានចាប់ខ្លួនពេលព្យាយាមរត់គេច ដើម្បីឆ្លងព្រំដែនទៅអ៊ុយក្រែននោះថា ជារឿងមិនសមហេតុផលសោះ។ លោក Andriy Yusov បានថ្លែងថាគំនិតដែលនិយាយថា មានការរត់គេចសម្តៅ ទៅកាន់តំបន់ព្រំដែនក្រោយ បានប្រព្រឹត្តអំពើវាយប្រហារដ៏ធំរួចមកនោះ គឺ «អំពើសម្លាប់ខ្លួនឯង» និង ជា «ទង្វើគួរឱ្យចង់សើច» នោះទៅវិញទេ។

យោងតាមមន្ត្រីរុស្ស៊ី ជនសង្ស័យដៃដល់ទាំងបួនត្រូវបានចាប់ខ្លួន នៅតំបន់ Bryansk នៅតាម ផ្លូវឆ្ពោះទៅ ភាគខាងលិចប្រទេសអ៊ុយក្រែន។ ជនសង្ស័យទាំង៤ ត្រូវបានគេនាំមកកាន់តុលាការក្រុងម៉ូស្គូ នៅថ្ងៃចន្ទនេះ ក្នុងនោះបីនាក់ត្រូវ បានគេបណ្តើរ និងម្នាក់ទៀតបានអង្គុយក្នុងកៅអីរទេះរុញ។ អ្នកទាំងបួនមានមុខមាត់ហើមនិង រងរបួស ដែលគេសង្ស័យថាត្រូវបាន រងទណ្ឌកម្មពេលចាប់ខ្លួនសាកសួរចម្លើយ។

មនុស្សទាំងបួន ដែលជាជនបរទេសទាំងអស់ត្រូវគេបញ្ចេញឈ្មោះ រួមមានឈ្មោះ Dalerdzhon Mirzoyev, ឈ្មោះ Saidakrami Murodali Rachabalizoda, ឈ្មោះ Shamsidin Fariduni និងឈ្មោះ Muhammadsobir Fayzov។ តុលាការបានប្រកាសថា ឈ្មោះ Mirzoyev ដែលជាពលរដ្ឋរបស់តាហ្ស៊ីគីស្តង់ បានទទួលសារភាពពេញលេញ នូវការប្រព្រឹត្តកំហុសទាំងអស់ និងឈ្មោះ Rachabalizoda ក៏បានសារភាពទទួលកំហុសផងដែរ។ មនុស្សទាំងបួននាក់នេះ នឹងត្រូវបានឃុំខ្លួនបណ្តោះសិនរហូត ដល់ថ្ងៃទី២២ឧសភា ប៉ុន្តែនឹងអាចពន្យាពេលថែមទៀតរង់ចាំ ពេលវេលាពិតប្រាកដនៃថ្ងៃកំ ណត់ការកាត់ទោស។

នៅលើសមរភូមិនោះវិញ បើទោះបីជាមានការវាយប្រហារសងសឹកកាលពីថ្ងៃអាទិត្យទី២៤ មីនាក្រោយមានការចោទថា អ៊ុយក្រែនបានជាប់ពាក់ព័ន្ធនឹង អំពើវាយប្រហារសាលប្រគុំតន្ត្រី Crocus City Hall, ការវាយប្រហារគ្នាទៅវិញទៅមក តាមតំបន់មួយចំនួន នៅតែបន្តជាធម្មតា។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃចន្ទទី២៥មីនាថា គេបានបាញ់ទម្លាក់ដ្រូនរុស្ស៊ីចំនួន ១១គ្រឿងនៅលើតំបន់ Rostov ភាគនីរតីនៃប្រទេសរុស្ស៊ី…ចំណែកអ៊ុយក្រែន បាននិយាយថាគេក៏បានបាញ់ចំនាវាចត ធំចំនួន២គ្រឿងរបស់រុស្ស៊ី ក្នុងតំបន់គ្រីមៀរផងដែរ។ នៅជាមួយគ្នានេះផងដែរ ប្រទេសប៉ូឡូញ កំពុងតែទាមទារឱ្យរុស្ស៊ីធ្វើការពន្យល់មកថា ហេតុអ្វីបានជាមានមីស៊ីលរុស្ស៊ីមួយគ្រាប់បាន បាញ់ឆ្លងកាត់ព្រំដែនប៉ូឡូញក្នុងពេលដែលកំពុងវាយប្រហារដាក់លើទឹកដីអ៊ុយក្រែន ដែល បង្ខំឱ្យប៉ូឡូញ ត្រូវបញ្ចេញការហោះហើរយន្តហោះ F16 របស់ខ្លួនដើម្បីត្រៀមទប់ទលនឹងស ភាពការណ៍នាពេលនោះ៕