(ប៉េកាំង)៖ ពេលចូលរួមសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិន ដែលបើកធ្វើនៅក្រុងប៉េកាំង កាលពីថ្ងៃទី២៤ ខែមីនា លោក AJay Banga ប្រធានធនាគារពិភពលោកបានថ្លែងថា "ផ្លូវអភិវឌ្ឍន៍មិនមែនមានភាពរលូននោះទេ តែគឺពោរពេញទៅដោយភាពបត់បែន និងកំហុសឆ្គង អង្គភាពសេដ្ឋកិច្ចទាំងអស់សុទ្ធតែអ៊ីចឹង ប៉ុន្តែ បើមើលពីប្រទេសចិននាពេលបច្ចុប្បន្ន យើងក៏នឹងដឹងថា អ្វីៗទាំងអស់សុទ្ធតែមានលទ្ធភាពអាចធ្វើបាន។”

លោកបានលើកឧទាហរណ៍មួយថា៖ ក្នុងឆ្នាំ ១៩៧៨ ប្រជាជនចំនួន៧៧០លាននាក់ របស់ប្រទេសចិនស្ថិតក្នុងភាពក្រីក្រខ្លាំង។ ប៉ុន្តែនៅក្នុងឆ្នាំដដែលនោះ ប្រទេសចិនបានចាប់ផ្តើមដំណើរការកំណែទម្រង់ដ៏លំបាក ដែលផ្លាស់ប្តូរពីឬសគល់នូវផ្លូវអភិវឌ្ឍន៍របស់ខ្លួន។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍បន្ទាប់នោះ កម្លាំងពលកម្មរបស់ប្រទេសចិនបានកើនឡើង២ភាគ៣ និងបង្កើតឱកាសការងារជាង ៨លានកន្លែង ជារៀងរាល់ឆ្នាំក្នុងរយៈពេលជាង៣០ឆ្នាំជាប់ៗគ្នា។

"កំណើននៃឱកាសការងារដែលមានសន្ទុះខ្លាំងក្លា ក៏ជាដំណាក់កាលដែលប្រទេសចិនសម្រេចបាន នូវជំហានកាត់បន្ថយភាពក្រីក្រលឿនបំផុត ផងដែរ។ ភាពជោគជ័យរបស់ប្រទេសចិនពិតជាអស្ចារ្យណាស់ ដែលធ្វើឱ្យអត្រានៃភាពក្រីក្រសកល បានធ្លាក់ចុះពី៤៤%មកនៅត្រឹម៩%" ។ លោកបានបន្តថ្លែងថា ប្រការនេះបានបញ្ជាក់ម្តងទៀតថា ការបង្កើតឱកាសការងារគឺជាមធ្យោបាយ ដែលអាចទុកចិត្តបានបំផុតសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងសម្រេចបាននូវភាពរុងរឿង៕

វិទ្យុមិត្តភាពកម្ពុជាចិន