(មូស្គូ)៖ ក្រុមមន្ត្រីជាន់ខ្ពស់ជាច្រើនរូប នៅក្នុងជួររដ្ឋាភិបាលរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឱ្យមានការអនុវត្តទោសប្រហារជីវិតឡើងវិញ នៅក្នុងប្រទេសរុស្ស៉ី បន្ទាប់ពីមានការវាយប្រហារភេរវកម្មយ៉ាងកក្រើកក្រុងមូស្គូ ដែលបណ្ដាលឱ្យមនុស្ស១៣៧នាក់ ស្លាប់កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

រុស្ស៉ីបានហាមឃាត់លើការអនុវត្តទោសប្រហារជីវិត ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មកម្ល៉េះ។ អនុប្រធានគណៈកម្មាធិការសន្តិសុខនៃសភាជាន់ទាបរុស្ស៉ី លោក Yury Afonin បាននិយាយថា ការអនុវត្តទោសប្រហារជីវិតនេះ ចាំបាច់ត្រូវតែធ្វើឡើងសម្រាប់ករណីភេរវកម្ម និងឃាតកម្ម។ ចំណែក អតីតប្រធានាធិបតីរុស្ស៉ី និងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ លោក Dmitry Medvedev រួមទាំងប្រធានសភាជាន់ទាបរុស្ស៉ី លោក Vyacheslav Volodin ដែលសុទ្ធសឹងតែជាសម្ព័ន្ធមិត្តលោក ពូទីន ក៏បានអំពាវនាវឱ្យរុស្ស៉ីអនុវត្តទោសប្រហារជីវិតឡើងវិញផងដែរ។

ក៏ប៉ុន្តែ ក្រុមអ្នករិះគន់បានបង្ហាញការព្រួយបារម្ភជាខ្លាំងចំពោះការអំពាវនាវនេះ ជាមួយការអះអាងថារដ្ឋាភិបាលរុស្ស៉ី បាន និងកំពុងប្រើប្រាស់ច្បាប់ប្រឆាំងភេរវកម្ម និងជ្រុលនិយម ដើម្បីកំណត់គោលដៅលើក្រុមអ្នកប្រឆាំងវិមានក្រឹមឡាំង និងអ្នកប្រឆាំងសង្រ្គាមនៅអ៊ុយក្រែន៕