(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃចន្ទ ទី២៥ ខែមីនានេះបានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះធ្វើអធិការកិច្ចទៅកាន់អង្គភាព រថក្រោះមួយ ដែលធ្លាប់បានវាយលុកចូលទីក្រុងសេអ៊ូល អំឡុងសង្រ្គាមកូរ៉េ និងអំពាវនាវឱ្យមានការត្រៀមលក្ខណៈកម្រិតខ្ពស់បំផុតសម្រាប់ការប្រយុទ្ធ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទំនាក់ទំនងអន្តរកូរ៉េ កំពុងស្ថិតនៅក្នុងចំណុចទាបបំផុតមួយមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលយោធាកូរ៉េខាងជើងបានដឹកនាំការធ្វើតេស្ដអាវុធ ជាបន្តបន្ទាប់ក្នុងនោះរួមមានទាំងមីស៊ីល និងបាញ់កាំភ្លើងធំ ខណៈកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបង្កើនការធ្វើសមយុទ្ធយោធារួមគ្នា។ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានចុះធ្វើអធិការកិច្ចទៅកាន់អង្គភាពរថក្រោះ Seoul Ryu Kyong Su Guards ទី១០៥ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ហើយមាន រូបភាពខ្លះបង្ហាញពីសកម្មភាពលោក គីម កំពុងត្រួតពិនិត្យពីផែនការវាយប្រហារលើកូរ៉េខាងត្បូង ក្នុងករណីមានជម្លោះណាមួយផ្ទុះឡើង។

KCNA បានគូសបញ្ជាក់ដូច្នេះថា «អង្គភាពរថក្រោះនេះ...ធ្លាប់បានវាយលុកចូលទីក្រុងសេអ៊ូលមុនគេ និងបានគ្រវីទង់ជាតិកូរ៉េខាងជើង នៅក្នុងរដ្ឋធានីមួយនេះ»

គួរបញ្ជាក់ថា កូរ៉េខាងជើង ក្នុងខែមីនានេះបានព្រមានសេអ៊ូល និងវ៉ាស៊ីនតោនថានឹងត្រូវតបស្នងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសម ជុំវិញការធ្វើសមយុទ្ធយោធារួមគ្នាដែល ព្យុងយ៉ាងចាត់ទុកថាជាសកម្មភាពត្រៀមលក្ខណៈផ្ដួលរំលំរបបដឹកនាំរបស់លោក គីម ជុងអ៊ុន។ ប៉ុន្មានថ្ងៃក្រោយការព្រមាននេះ លោក គីម បានដឹកនាំការធ្វើសមយុទ្ធយោធា របស់អង្គភាពកាំភ្លើងធំមួយ ដែលមានសមត្ថភាពវាយប្រហារលើទីក្រុងសេអ៊ូល៕