(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសារចូលរួមរំលែកទុក្ខទៅកាន់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ជុំវិញការសម្លាប់រង្គាល នៅឯសាលប្រគំតន្ត្រីមួយស្ថិតនៅជាយទីក្រុងមូស្គូ កាលពីថ្ងៃសុក្រកន្លងទៅនេះ ហើយថាគ្មានអ្វីអាចយកមកធ្វើជាហេតុផល ឬជាភាពត្រឹមត្រូវពីអំពើភេរវកម្មដ៏ គួរឱ្យស្អប់ខ្ពើមប្រឆាំងអាយុជីវិតមនុស្សបានជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤។

នៅក្នុងសារចូលរួមរំលែកទុក្ខមួយ ត្រូវបានចេញផ្សាយបន្តដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអាទិត្យនេះ លោក គីម ជុងអ៊ុន បានសម្ដែង មរណទុក្ខយ៉ាងក្រៀមក្រំ និងចូលរួមរំលែកទុក្ខ ទៅកាន់លោក ពូទីន និងប្រជាជនរុស្ស៉ី ព្រមទាំងជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ជុំវិញព័ត៌មានដ៏រន្ធត់ នៃការវាយប្រហារភេរវកម្មទ្រង់ទ្រាយធំ នៅក្នុងតំបន់មូស្គូ។ តាម KCNA សាររំលែកទុក្ខនេះដែលត្រូវបានផ្ញើទៅកាន់លោក ពូទីន កាលពីថ្ងៃសៅរ៍ ទី២៣ ខែមីនា ក៏បានសង្កត់ធ្ងន់ដែរពីជំហររបស់រដ្ឋាភិបាលកូរ៉េខាងជើងដែលប្រឆាំងនឹងអំពើភេរវកម្មគ្រប់ទម្រង់ទាំងអស់ ហើយថាគ្មានអ្វីអាចយកមកធ្វើជាហេតុផល ឬជាភាពត្រឹមត្រូវពីអំពើភេរវកម្មដ៏ គួរឱ្យស្អប់ខ្ពើមប្រឆាំងអាយុជីវិតមនុស្សបានជាដាច់ខាត។​

គួរបញ្ជាក់ថា ក្រុមភេរវករមួយក្រុម កាលពីថ្ងៃសុក្រ បានបាញ់ប្រហារលើជនស៉ីវិល នៅឯមជ្ឈមណ្ឌល Crocus City Hall មុនពេលក្រុមតន្រ្តីរ៉ក់សម័យសូវៀត Picnic ត្រៀមនឹងធ្វើការសម្តែង នៅក្នុងសាលដែលអាចផ្ទុកអ្នកទស្សនាបានសរុប ៦,២០០នាក់។ អគារមជ្ឈមណ្ឌលនោះ ស្ថិតនៅជាយ​ភាគខាងលិចនៃរដ្ឋធានី មូស្គូ និងមានចម្ងាយ២០គីឡូម៉ែត្រពីវិមានក្រឹមឡាំង។

អាជ្ញាធររុស្ស៉ីបាននិយាយថា មានមនុស្ស ១៣៣នាក់បានស្លាប់ និងយ៉ាងហោចណាស់​១៤៥នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍ភេរវកម្មនេះ។ ក្រុមភេរវករ ISIS ដែលធ្លាប់គ្រប់គ្រងទឹកដីមួយភាគធំ នៅក្នុងប្រទេសអ៉ីរ៉ាក់និងស៉ីរី បានចេញមុខអះអាងថា ការបាញ់ប្រហារនោះគឺជាសកម្មភាពក្រុមអ្នកប្រយុទ្ធរបស់ខ្លួន ខណៈមនុស្សសរុប១១នាក់ ក្នុងនោះរួមមានទាំងពួកភេរវករ​ទាំង៤នាក់ ដែលបានធ្វើសកម្មភាពបាញ់ប្រហារផ្ទាល់ ត្រូវបានចាប់ខ្លួន៕