(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin នាថ្ងៃពុធនេះ បាននិយាយថា រូបលោកនឹងផ្អាកធ្វើដំណើរចេញក្រៅប្រទេស សម្រាប់រយៈពេល២ខែ ក្រោយមានមតិរិះគន់កាន់តែច្រើន ជុំវិញដំណើរទស្សនកិច្ចក្រៅស្រុករបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤។

លោកនាយករដ្ឋមន្រ្តីថៃ​ បានបង្ហោះសារនៅលើប្រព័ន្ធបណ្តាញសង្គមយ៉ាងដូច្នេះថា៖ «ខ្ញុំទទួលបានហើយនូវមតិយោបល់ និងក្តីកង្វល់របស់​អ្នកទាំងអស់គ្នា។ ចាប់ពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំនេះ ខ្ញុំនឹងមិនធ្វើដំណើរចេញក្រៅប្រទេសទេ»។ លោក Srettha បាន​ចំណាយ]ប្រហែល១ភាគ៣ នៃរយៈពេលកាន់អំណាច៦ខែមកនេះ នៅឯក្រៅប្រទេស ដើម្បីផ្សព្វផ្សាយសក្តានុពលវិនិយោគនៅប្រទេសថៃ។ ទស្សនកិច្ចចុងក្រោយបង្អស់របស់លោក គឺទៅចូលពិព័រណ៍ទេសចរណ៍ នៅទីក្រុងបែរឡាំងរបស់អាល្លឺម៉ង់ កាលពីពេលថ្មីៗនេះ។

គួរបញ្ជាក់ថា សកម្មភាពរបស់លោក Srettha បានបង្កឱ្យមានមតិរិះគន់កាន់តែច្រើនឡើង ក្រោមហេតុផលថា រដ្ឋាភិបាលរបស់លោក ហាក់មិនផ្តោតសំខាន់លើ​បញ្ហាចម្បងនៅក្នុងស្រុកផ្ទាល់។ ក្នុងខែមីនានេះ សមាជិកព្រឹទ្ធសភាថៃម្នាក់ បានបង្ហោះសារនៅលើប្រព័ន្ធបណ្តាញសង្គមថា «កំណត់ត្រាថ្មី គឺ៦ខែនៃការកាន់តំណែងជានាយករដ្ឋមន្រ្តី, បានធ្វើដំណើរចេញក្រៅ ទៅកាន់១៦ប្រទេស។ តើសម្រេចបានលទ្ធផលអ្វីដែរឬទេ?»