(មូស្គូ)៖ ក្រុមមន្ត្រីរុស្ស៉ី បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី១៦ ខែមីនានេះថាមនុស្ស២នាក់ត្រូវបានសម្លាប់ និង៣នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារដោយមីស៊ីលមួយគ្រាប់ របស់អ៊ុយក្រែន លើតំបន់ Belgorod នៃព្រំដែនរុស្ស៉ី ខណៈប្រជាជនរុស្ស៉ីកំពុងបោះឆ្នោតជ្រើសរើសប្រធានាធិបតីមានរយៈពេល៣ថ្ងៃ ដែលចាប់ផ្ដើមកាលពីថ្ងៃសុក្រ រហូតដល់ ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អភិបាលតំបន់ Belgorod លោក Vyacheslav Gladkov បានឱ្យដឹងថាតំបន់មួយនេះបានរងការវាយប្រហារដោយមីស៊ីលមួយគ្រាប់ ដែលបាន បង្កការខូចខាតដល់រថយន្ដ និងអគារមួយចំនួនផងដែរ។ Belgorod ដែលស្ថិតនៅក្បែរតំបន់ព្រំដែននៃតំបន់ Kharkiv របស់អ៊ុយក្រែនបានរងការវាយប្រហារជាញឹកញាប់ពី សំណាក់កងកម្លាំងអ៊ុយក្រែនចាប់តាំងពីឆ្នាំ២០២២មក។ តួយ៉ាងកាលពីខែធ្នូ ឆ្នាំ២០២៣ មនុស្ស២៥នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលលើតំបន់ មួយនេះ។

គួរបញ្ជាក់ថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន នៅពេលនេះដែរ កើតមានឡើង តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីនកាលពីថ្ងៃសុក្រ បានសន្យាថានឹងធ្វើការឆ្លើយតបដោយយោធាខ្លាំងក្លាបំផុត ចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់ព្រំដែនរុស្ស៉ីដែល លោកចាត់ទុកថាជាការប៉ុនប៉ងរបស់ទីក្រុងកៀវ ដើម្បីរារាំងកុំឱ្យរូបលោកជាប់ឆ្នោតមួយអាណត្តិទៀត៕