(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្យាថានឹងធ្វើការឆ្លើយតបដោយយោធាខ្លាំងក្លាបំផុត ចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់ព្រំដែនរុស្ស៉ីដែល លោកចាត់ទុកថាជាការប៉ុនប៉ងរបស់ទីក្រុងកៀវ ដើម្បីរារាំងកុំឱ្យរូបលោកជាប់ឆ្នោតមួយអាណត្តិទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការព្រមានសងសឹករបស់លោក ពូទីន ធ្វើឡើងក្នុងសុន្ទរកថាមួយ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ីកាលពីថ្ងៃសុក្រ ទី១៥ ខែមីនា ជាថ្ងៃទីមួយនៃការបោះឆ្នោត ប្រធានាធិបតីរុស្ស៉ី និងត្រូវរៀបចំក្នុងទឹកដីអ៊ុយក្រែនដែលកងទ័ពរុស្ស៉ីកំពុងកាន់កាប់ផងដែរ។ លោក ពូទីន បានសន្យាថាលោកនឹងធ្វើការឆ្លើយតបយ៉ាងចាស់ដៃចំពោះរលក នៃការវាយប្រហាររបស់កងកម្លាំងអ៊ុយក្រែនលើតំបន់ Belgorod និង Kursk។ «ការវាយប្រហារតាមផ្លូវអាកាសទាំងនេះរបស់សត្រូវនឹងមិនអាចកើតឡើងទៅទទេ ដោយគ្មាន ការសងសឹកវិញនោះទេ»។ នេះជាការគូសបញ្ជាក់របស់លោក ពូទីន ជាមួយការបន្ថែមថាការវាយប្រហារទាំងនោះគឺជាការប៉ុនប៉ងលូកលាន់ការបោះឆ្នោតប្រធានាធិបតីរុស្ស៉ី។

គួរបញ្ជាក់ថា រុស្ស៉ីកំពុងដំណើរការការបោះឆ្នោតប្រធានាធិបតីមានរយៈពេល៣ថ្ងៃ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែមីនា ខណៈមានការរំពឹងខ្ពស់ថា ការបោះឆ្នោតនេះនឹងផ្ដល់ឱកាសឱ្យលោក ពូទីន បន្តកាន់អំណាចដឹកនាំរុស្ស៉ី ៦ឆ្នាំទៀត៕