(ហ្ស៊េរុយសាឡិម)៖ ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានឱ្យដឹងកាលពីថ្ងៃសុក្រ ទី១៥ ខែមីនាថារូបលោកបានអនុម័តហើយលើ ផែនការយោធាសម្រាប់ការធ្វើប្រតិបត្តិការក្នុងទីក្រុង Rafah ដែលជាជម្រកជ្រកកោនចុងក្រោយបំផុតរបស់ប្រជាជនប៉ាឡេស្ទីនរត់ភៀសខ្លួនពីសង្រ្គាម ទោះជាមានសម្ពាធ និងការអំពាវនាវពីអន្តរជាតិឱ្យអ៉ីស្រាអែលបញ្ឈប់ផែនការវាយលុកនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Netanyahu បានអនុម័តផែនការសម្រាប់ការវាយលុកចូលទីក្រុង Rafah។ តែមិនបានបញ្ជាក់លម្អិតអ្វីបន្ថែម ឬក៏កាលបរិច្ឆេទធ្វើសកម្មយោធានោះទេ ដោយគ្រាន់តែនិយាយថាយោធាអ៉ីស្រាអែលបានត្រៀមលក្ខណៈជាស្រេច សម្រាប់ការធ្វើប្រតិបត្តិការយោធា និងការជម្លៀសប្រជាជនស៊ីវិល។

គួរបញ្ជាក់ថា Rafah គឺជាកន្លែងជ្រកកោនចុងក្រោយរបស់ប្រជាជនប៉ាឡេស្ទីន ដែលបានរត់ភៀសខ្លួនពីសង្រ្គាមសងសឹករបស់អ៉ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាសដែល បានវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា។ បើតាមក្រសួងសុខាភិបាលហ្កាហ្សា ការវាយប្រហារសងសឹកនេះដែរបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៣១ ៤៩០នាក់ហើយ ក្នុងនោះភាគច្រើនជាស្ត្រី និងកុមារ៕