(សេអ៊ូល)៖ វេជ្ជបណ្ឌិតមួយក្រុមនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ ទី១៦ ខែមីនានេះបាននិយាយថាពួកគេនឹងលាឈប់ពីការងារ នៅថ្ងៃទី២៥ ខែមីនា ជាការបង្ហាញ ការគាំទ្រចំពោះក្រុមគ្រូពេទ្យកម្មសិក្សា ដែលកំពុងធ្វើកូដកម្មមិនចូលធ្វើការអស់រយៈពេលជិតមួយខែមកនេះ ជុំវិញផែនការបង្កើនចំនួននិស្សិតពេទ្យរបស់រដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រុមគ្រូពេទ្យកម្មសិក្សារាប់ពាន់នាក់ បាននាំគ្នាឈប់ធ្វើការកាលពីថ្ងៃទី២០ ខែកុម្ភៈកន្លងទៅ ដើម្បីបង្ហាញការប្រឆាំងជំទាស់នឹងផែនការបង្កើនចំនួននិស្សិតពេទ្យរបស់ រដ្ឋាភិបាលលោកប្រធានាធិបតី យូន ស៊ុកយុល។ ការធ្វើកូដកម្មនេះបានធ្វើឱ្យមន្ទីរពេទ្យជាច្រើនមានភាពចលាចលដោយការវះកាត់ និងការណាត់ជួបគ្រូពេទ្យជាច្រើន ត្រូវបានលុបចោល។ ប៉ុន្តែ រដ្ឋាភិបាលបានអះអាងពីការបញ្ចៀសកុំឱ្យប្រព័ន្ធសុខាភិបាលធ្លាក់ចូលក្នុងវិបត្តិ ដោយសារតែមានការគាំទ្រគិលានុបដ្ឋាក ក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យយោធាដែលត្រូវបានដាក់ពង្រាយឱ្យជួយនៅតាមមន្ទីរពេទ្យនានា។

លោក Bang Jae-seung ជាប្រធានក្រុមវេជ្ជបណ្ឌិតដែលសម្រេចចិត្តថានឹងលាឈប់ពីការងារ បានឱ្យដឹងថាក្រុមសាស្ត្រាចារ្យវេជ្ជបណ្ឌិតមកពីសាកលវិទ្យាល័យចំនួន២០ និងដែលជាក្រុមវេជ្ជបណ្ឌិត នៅតាមមន្ទីរពេទ្យធំៗផងនោះបានជួបប្រជុំគ្នា កាលពីថ្ងៃសុក្រ ទី១៥ ខែមីនា ហើយក្នុងនោះមានក្រុមវេជ្ជបណ្ឌិតមកពី ១៦ ស្ថាប័នបានគាំទ្រ លើសលប់ចំពោះក្រុមគ្រូពេទ្យកម្មសិក្សា។ លោក Bang បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសៅរ៍នេះទៀតថាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យនីមួយៗ បានសម្រេចចិត្តថា នឹងស្ម័គ្រចិត្តលាឈប់ពីការងារចាប់ពីថ្ងៃទី២៥ ខែមីនាតទៅ។ ប៉ុន្តែប្រធានក្រុមវេជ្ជបណ្ឌិតរូបនេះមិនបានបញ្ជាក់ថាតើមានវេជ្ជបណ្ឌិតចំនួនប៉ុន្មាននាក់ដែលនឹងលាឈប់ នៅថ្ងៃទី២៥ ខែមីនានោះទេ ដោយគ្រាន់តែសង្កត់ធ្ងន់ថាវេជ្ជបណ្ឌិតទាំងនោះបានឯកភាពគ្នាថារហូតដល់ការលាឈប់ចូលជាធរមាន ពួកគេនឹងនៅតែបន្តធ្វើការ និងព្យាបាលអ្នកជំងឺជាធម្មតា។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលកូរ៉េខាងត្បូង ក្នុងសប្ដាហ៍នេះបានបញ្ជាក់ឡើងវិញថាខ្លួននឹងដកថយនោះទេចំពោះផែនការបង្កើនចំនួននិស្សិតពេទ្យ ២០០០នាក់ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំក្រោយតទៅ ដើម្បីដោះស្រាយការខ្វះខាតគ្រូពេទ្យ ខណៈចំនួនមនុស្សចាស់កើនឡើង។ ក្រុមគ្រូពេទ្យកម្មសិក្សាបាននិយាយថាការធ្វើកំណែទម្រង់នេះ នឹងមិនអាចដោះស្រាយបញ្ហាបានទេ ហើយនឹងធ្វើឱ្យធ្លាក់ចុះគុណភាព និងការអប់រំខាងវេជ្ជសាស្ត្រ។ ប៉ុន្តែ ក្រុមអ្នកគាំទ្រផែនការរបស់រដ្ឋាភិបាលបានចោទប្រកាន់ពួកគេថា ចង់បានការដំឡើងប្រាក់ខែខ្ពស់តែប៉ុណ្ណោះ៕