(វ៉ាស៊ីនតោន)៖ បណ្ដាប្រទេស​ G7 បានត្រៀមរួចជាស្រេចដើម្បីចាត់វិធានការឆ្លើយតបយ៉ាងខ្លាំងក្លា ក្នុងនោះរួមមានការហាមឃាត់ជើងហោះហើររបស់អ៉ីរ៉ង់ទៅកាន់អឺរ៉ុប ប្រសិនបើអ៉ីរ៉ង់ផ្គត់ផ្គង់មីស៊ីលបាលិស្ទីគឱ្យរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤។

Reuters​ ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ខណៈសហរដ្ឋអាមេរិកបានចូលរួមជាមួយសម័្ពន្ធមិត្តរបស់ខ្លួននៅក្នុងក្រុមប្រទេស​ G7​ ដើម្បីចេញសេចក្ដីថ្លែងការណ៍ព្រមានអ៉ីរ៉ង់ ប្រឆាំងនឹងការបញ្ជូនមីស៊ីលទៅឱ្យរុស្ស៉ី ថាការធ្វើបែបនេះនឹងត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ។ មន្ត្រីអាមេរិករូបនេះដដែល ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ទៀតថា «ប្រសិនបើអ៉ីរ៉ង់ហ៊ានផ្គត់ផ្គង់មីស៊ីលបាលិស្ទីគ ឬក៏បច្ចេកវិទ្យាពាក់ព័ន្ធឱ្យរុស្ស៉ី នោះយើងនឹងធ្វើការឆ្លើយតបយ៉ាង ខ្លាំងក្លា ក្នុងនោះមានទាំងការហាមឃាត់លើជើងហោះហើររបស់អ៉ីរ៉ង់ទៅកាន់អឺរ៉ុប»

គួរបញ្ជាក់ថា ការព្រមានរបស់​ G7​ កើតមានឡើងក្រោយទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាទីក្រុងតេហេរ៉ង់បានផ្ដល់ឱ្យរុស្ស៉ីនូវមីស៊ីលបាលិស្ទីគ ក្នុងចំនួនដ៏ច្រើន សម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ សហរដ្ឋអាមេរិកមិនទាន់អាចផ្ទៀងផ្ទាត់ព័ត៌មាននេះថាតើអ៉ីរ៉ង់ពិតជាបានផ្ដល់មីស៊ីលឱ្យរុស្ស៉ី រួចហើយ ឬក៏យ៉ាងណានោះទេ ប៉ុន្តែពិតជាមានសញ្ញាមួយចំនួនពាក់ព័ន្ធនឹងកិច្ចប្រឹងប្រែងរបស់អ៉ីរ៉ង់ ដើម្បីពន្លឿនកិច្ចចរចាជាមួយរុស្ស៉ី ស្ដីពីការផ្គត់ផ្គង់មីស៊ីល៕