(ប៉េរូត)៖ ប្រភពប្រាំពីរបាននិយាយថា ខណៈពេលដែលក្រុមហាម៉ាស់ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងរងការវាយប្រហារនៅតំបន់ហ្គាហ្សា មេបញ្ជាការកងកម្លាំង Quds របស់អ៊ីរ៉ង់បានទៅទស្សនាកិច្ចនៅទីក្រុងបេរូត នៃប្រទេសលីបង់ កាលពីខែកុម្ភៈកន្លងទៅ ដើម្បីពិភាក្សាអំពីហានិភ័យដែលអាចកើតមានឡើង ប្រសិនបើអ៊ីស្រាអែលបន្ទាប់ទៀត កំណត់គោលដៅលើក្រុមហេសបូឡាលីបង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

ប្រភពបាននិយាយថា មេបញ្ជាការកងកម្លាំង Quds លោក Ismail Qaani បានជួបជាមួយមេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah នៅទីក្រុងបេរូត យ៉ាងហោចណាស់បីលើក ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ទៅលើអ៊ីស្រាអែលភាគខាងត្បូង។

ប្រភពបីនាក់ដែលជាជនជាតិអ៊ីរ៉ង់នៅក្នុងរង្វង់ខាងក្នុងរបស់អាជ្ញាធរបាននិយាយថា ការ​សន្ទនា​បាន​ផ្តោតទៅលើ​លទ្ធភាព ​នៃ​ការ​វាយលុក​ពេញ​លេញ​របស់​អ៊ីស្រាអែល​នៅ​ភាគ​ខាងជើង​ប្រទេស​លីបង់។ ការកើនឡើងបែបនេះនឹងមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ក្រុមអ៊ីស្លាមនិកាយស៊ីអ៊ីតប៉ុណ្ណោះទេ ថែមទាំងអាចបង្ខំឱ្យអ៊ីរ៉ង់មានប្រតិកម្មខ្លាំងជាងការដែលខ្លួនមាន ចាប់តាំងពីថ្ងៃទី ៧ ខែតុលាមក។

ប្រភពទាំងអស់បាននិយាយថា នៅក្នុងកិច្ចប្រជុំដែលមិនបានរាយការណ៍ពីមុននោះ លោក Nasrallah បានប្រាប់លោក Qaani ថា លោកមិនចង់ឱ្យប្រទេសអ៊ីរ៉ង់ត្រូវបានទាញចូលទៅក្នុងសង្រ្គាមជាមួយអ៊ីស្រាអែល ឬសហរដ្ឋអាមេរិកឡើយ ហើយថាក្រុមហេសបូឡា នឹងប្រយុទ្ធតែម្នាក់ឯង។

គួរជម្រាបថា ក្នុងរយៈពេលប្រាំខែកន្លងមកនេះ ក្រុមហេសបូឡា ដែលជាសត្រូវដ៏សំខាន់របស់អ៊ីស្រាអែល បានបង្ហាញការគាំទ្ររបស់ខ្លួនចំពោះក្រុមហាម៉ាស់ ក្នុងទម្រង់នៃការបាញ់ផ្លោងមីស៊ីលដែលមានកម្រិត ឆ្លងចូលព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល។

ការប៉ះទង្គិចគ្នានៅតាមព្រំដែន បានបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅសងខាងព្រំដែន​ ខណៈយុទ្ធជនហេសបូឡា ជាង ២០០ នាក់ និងជនស៊ីវិលជាង ៥០ នាក់នៅក្នុងប្រទេសលីបង់ ត្រូវបានសម្លាប់។ ចំណែកនៅខាងអ៊ីស្រាអែលវិញ មានទាហានអ៊ីស្រាអែលចំនួន ១២ នាក់ និងជនស៊ីវិល ៦ នាក់ ត្រូវបានសម្លាប់ផងដែរ៕