(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ចេញវោហារសាស្រ្តសម្លុតគំរាមដែលមានសំឡេងស្រាលជាងពេលកន្លងមក ពីលទ្ធភាពផ្ទុះសង្រ្គាមនុយក្លេអ៊ែរ នៅក្នុងបទសម្ភាសន៍មួយត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ ទី១៣ ខែមីនា។ ការគំរាមជាថ្មីរបស់លោក ពូទីន កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងរុស្ស៉ីរៀបចំការបោះឆ្នោត ប្រធានាធិបតីចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនានេះ ដែលត្រូវបានគេរំពឹងខ្ពស់ថានឹងផ្ដល់ឱកាសឱ្យលោកបន្តកាន់អំណាច ៦ឆ្នាំទៀត។

នៅក្នុងបទសម្ភាសន៍មួយចេញផ្សាយដោយទូរទស្សន៍រដ្ឋរុស្ស៉ី លោក ពូទីន បានបន្ថយសំឡេងគំរាមទាបជាងការគំរាមនៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិរុស្ស៉ីកាលពីខែមុន ជាពេលដែលលោកបានព្រមានថាលោកខាងលិចនឹងបង្កឱ្យសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង ប្រសិនបើហ៊ានបញ្ជូនកងទ័ពថ្មើរជើងទៅជួយអ៊ុយក្រែន។ ក្នុងបទសម្ភាសន៍នោះដែរ លោក ពូទីន បាននិយាយថាសហរដ្ឋអាមេរិកកំពុងបញ្ចៀសសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី បើទោះជាលោកព្រមានថារុស្ស៉ីបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីប្រើអាវុធ នុយក្លេអ៊ែរ ក្នុងករណីអធិបតេយ្យជាតិ និងឯករាជ្យភាពរបស់រុស្ស៉ីរងការគំរាមកំហែងក៏ដោយ។

«ខ្ញុំមិនគិតនោះទេថាអ្វីៗគ្រប់យ៉ាងកំពុងនាំទៅរកការប្រឈមមុខដាក់គ្នារបៀបនេះ»។ នេះជាការគូសបញ្ជាក់របស់លោក ពូទីន នៅពេលត្រូវបានសាកសួរថាតើទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ បាននិងកំពុងឆ្ពោះទៅរកជម្លោះដោយផ្ទាល់ដែរឬក៏យ៉ាងណា? លោកបន្ថែមថាទោះបីជាសហរដ្ឋអាមេរិកកំពុងធ្វើទំនើបកម្មកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ តែជាទស្សនៈយល់ឃើញរបស់លោក នេះមិនមែនមានន័យថាអាមេរិកត្រៀមខ្លួនដើម្បីចាប់ផ្ដើមសង្រ្គាមនុយក្លេអ៊ែរនៅថ្ងៃស្អែកនោះទេ។ «តែប្រសិនបើពួកគេចង់ធ្វើសង្រ្គាមនុយក្លេអ៊ែរវិញ តើអ្វីទៅដែលយើងត្រូវធ្វើ? នោះគឺយើងត្រៀមខ្លួនកំដរពួកគេជានិច្ច»។

ក្នុងបទសម្ភាសន៍ លោក ពូទីនក៏បានបដិសេធផងដែរថាលោកមិនបានពិចារណាលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងសង្រ្គាមអ៊ុយក្រែន កាលពីឆ្នាំ២០២២ ដូចដែលមន្ត្រីចារកម្មអាមេរិក បានលើកឡើងឡើយ។ បើតាមក្រុមអ្នកជំនាញ ការអត្ថាធិប្បាយសម្លុតគំរាមជាថ្មីរបស់លោក ពូទីន គឺមានគោលដៅមួយផ្នែកធំជាការផ្ញើសារទៅកាន់ប្រជាជនរុស្ស៉ីជាអង្គបោះឆ្នោត ក្នុងគោលបំណងលើកកម្ពស់មុខមាត់របស់លោកនៅក្នុងស្រុកក្នុងនាមជាអ្នកធានាការពារស្ថិរភាព។ ណាមួយ ខណៈលោក ពូទីនត្រូវបានគេរំពឹងខ្ពស់ថានឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៉ី វិមានក្រឹមឡាំងកំពុងព្យាយាមធ្វើយ៉ាងណាឱ្យប្រជាជនរុស្ស៉ីចូលរួមបោះឆ្នោតឱ្យបានច្រើន ដើម្បីបង្ហាញថាការបោះឆ្នោតនេះគឺជាការគាំទ្ររបស់ប្រជាជនរុស្ស៉ីចំពោះលោកប្រធានាធិបតី និងសង្រ្គាមរបស់លោកនៅអ៊ុយក្រែន។ តួយ៉ាង អ្នកសរសេរប្លុកគាំទ្រវិមានក្រឹមឡាំងដ៏ល្បីល្បាញម្នាក់បានបកស្រាយសារ របស់លោក ពូទីន ថា៖«នឹងមិនមានឡើយសង្រ្គាមនុយក្លេអ៊ែរ»។

ចាប់តាំងពីរុស្ស៉ីបញ្ជូនកងទ័ពឈ្លានពានចូលអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក លោក ពូទីនបានអះអាងជារឿយៗថាលោកគឺជាមនុស្សម្នាក់ដែលបាននាំមកនូវសន្តិសុខ និងស្ថិរភាព ក្រោយភាពចលាចលនៅរុស្ស៉ីក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ បច្ចុប្បន្នវិញ ប្រជាជនរុស្ស៉ីមានអារម្មណ៍តប់ប្រមល់នៅពេលត្រូវបានសាកសួរអំពីសង្រ្គាមនុយក្លេអ៊ែរ។ ជាឧទាហរណ៍៖ ការស្ទង់មតិមួយកាលពីខែមករាកន្លងទៅ បានបញ្ជាក់ថាប្រជាជនរុស្ស៉ី ៥៥ភាគរយនៃអ្នកដែលត្រូវបានសម្ភាសន៍បាននិយាយថាពួកគេភ័យខ្លាចចំពោះការផ្ទុះ សង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកថ្មីមួយ។ ប៉ុន្តែ ក្នុងការដោះស្រាយរបស់លោកជាមួយលោកខាងលិច លោក ពូទីន មើលឃើញថាការសម្លុតគំរាមពីអាវុធនុយក្លេអ៊ែររបស់រុស្ស៉ី គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយរបស់លោក។ លោកបានគំរាមម្ដងហើយម្ដងទៀតពីឃ្លាំងអាវុធនុយក្លេអ៊ែរ នៅពេលព្យាយាមកំញើញកុំឱ្យលោកខាងលិចលូកដៃ ជ្រៅពេកដើម្បីជួយអ៊ុយក្រែន ដូចជាអំឡុងថែ្លងសុន្ទរកថាទៅកាន់ប្រជាជាតិរុស្ស៉ីកាលពីថ្ងៃទី២៩ ខែកុម្ភៈ លោក ពូទីនបានព្រមានថាការបញ្ជូនកងទ័ព NATO ទៅកាន់អ៊ុយក្រែន គឺជាការបោះជំហានមួយឆ្ពោះទៅរកសង្រ្គាមនុយក្លេអ៊ែរ។

នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃពុធ លោក ពូទីន បានព្យាយាមដោះស្រាយក្ដីកង្វល់របស់ប្រជាជនរុស្ស៉ី ខណៈបន្តដាក់សម្ពាធលើលោកខាងលិច។ នៅពេលត្រូវបានសាកសួរថាតើ រុស្ស៉ី និងសហរដ្ឋអាមេរិក កំពុងលេងល្បែងដ៏គ្រោះថ្នាក់ឬយ៉ាងណា? លោកប្រមុខវិមានក្រឹមឡាំងបានឆ្លើយថា «ជោគវាសនារបស់អ៊ុយក្រែនមានសារៈសំខាន់ចំពោះរុស្ស៉ី ខ្លាំងជាងសហរដ្ឋអាមេរិកឆ្ងាយណាស់។ ខ្ញុំធ្លាប់បាននិយាយថាលោក បៃដិនជាអ្នកនយោបាយចាស់ទុំម្នាក់ ហើយសម្រាប់យើង បញ្ហានេះ (អ៊ុយក្រែន) គឺជាបញ្ហាស្លាប់រស់ តែសម្រាប់ ពួកគេវិញវាត្រឹមតែជាបញ្ហាធ្វើឱ្យប្រសើរឡើងនូវយុទ្ធសាស្ត្ររបស់ពួកគេប៉ុណ្ណោះ»។ តាមក្រុមមន្ត្រីចារកម្មអាមេរិក កាលពីឆ្នាំ២០២២ លោក ពូទីន ជិតនឹងប្រើអាវុធនុយក្លេអ៊ែរ ទៅហើយ នៅពេលដែលកងទ័ពរុស្ស៉ីបរាជ័យជាបន្តបន្ទាប់នៅក្រោមប្រតិបត្តិការវាយបករបស់កងទ័ពអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ ចារកម្មអាមេរិកក៏យកការណ៍បានពីកិច្ចសន្ទនាជាច្រើននៅក្នុងចំណោមក្រុមមន្ត្រីយោធារុស្ស៉ី ពីការប្រើអាវុធនុយក្លេអ៊ែរផងដែរ។ នៅពេលត្រូវបានសាកសួរថាតើលោកពិតជាបានពិចារណាលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិក នៅពេលនោះដែរឬទេ? លោក ពូទីនបានតបថារុស្ស៉ីមិនមានភាពចាំបាច់ត្រូវប្រើអាវុធនុយក្លេអ៊ែរនោះទេ។ «យើងមានគោលការណ៍ផ្ទាល់ខ្លួនរបស់យើង ដូច្នេះតើពួកគេចង់ និយាយពីអ្វី?»។ នេះជាការលើកឡើងរបស់លោក ពូទីន ដោយចង់សំដៅលើគោលនយោបាយនុយក្លេអ៊ែររបស់រុស្ស៉ី ជាមួយការបញ្ជាក់ថារុស្ស៉ីត្រៀមលក្ខណៈជាស្រេចដើម្បីប្រើ អាវុធទាំងអស់ ក្នុងនោះមានទាំងអាវុធនុយក្លេអ៊ែរ ប្រសិនបើអាយុជីវិតជាតិ អធិបតេយ្យ និងឯករាជ្យរបស់រុស្ស៉ីរងការគំរាមកំហែង។

គួរបញ្ជាក់ថា បើតាមលោក ពូទីន គោលដៅចុងក្រោយរបស់លោកនៅអ៊ុយក្រែន នោះគឺកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកស្ដីពីការធានាសន្តិសុខដែលរុស្ស៉ីបានស្នើឡើង កាលពីឆ្នាំ២០២១ មុននឹងទីក្រុងមូស្គូបញ្ជូនកងទ័ពលុកលុយចូលអ៊ុយក្រែន។ ផ្អែកលើសំណើនេះដែរ រុស្ស៉ីចង់ឱ្យមានការគូសដែនឥទ្ធិពលរបស់ខ្លួនជាថ្មីក្នុងតំបន់អឺរ៉ុបខាងកើត តែលោកខាងលិចច្រានចោលដោយចាត់ទុកថាជារឿងមិនអាចទទួលយកបាន។ លោក ពូទីន ក៏បានអះអាងដែរថាសព្វថៃ្ងគោលជំហរចរចារបស់រុស្ស៉ីមានភាពល្អប្រសើរឡើង ដោយសារតែការរីកចម្រើនទៅមុខរបស់កងទ័ពរុស្ស៉ី នៅសមរភូមិ។ តែទោះជាយ៉ាងណាក៏ដោយ លោក ពូទីន សង្កត់ធ្ងន់ថារុស្ស៉ីបានត្រៀមខ្លួនរួចហើយសម្រាប់កិច្ចចរចា ដ៏ពិតប្រាកដមួយ។ ទន្ទឹមគ្នា លោក ពូទីន ចង់បញ្ជាក់ឱ្យច្បាស់ថាវាមិនមែនជាកិច្ចសន្ទនាដែលទុកពេលឱ្យអ្នកដែលលោកចាត់ទុកថាជាសត្រូវមានឱកាសបំពាក់អាវុធឡើងវិញ នោះទេ តែវាគឺជាកិច្ចសន្ទនាមួយពីការធានាសន្តិសុខសម្រាប់សហព័ន្ធរុស្ស៉ីទាំងមូល៕