(អ៊ីស្តង់ប៊ុល)៖ យ៉ាងហោចណាស់ជនចំណាកស្រុកខុសច្បាប់ចំនួន ២១នាក់ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃសុក្រនេះ នៅពេលដែលទូករបស់ពួកគេ បានលិចនៅឆ្នេរសមុទ្រ Aegean នៃប្រទេសតួកគី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

របាយការណ៍បានបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅឆ្នេរសមុទ្រ នៃស្រុក Eceabat ក្នុងខេត្ត Canakkale ភាគពាយ័ព្យប្រទេស នៅពេលដែលទូកជនចំណាកស្រុកបានក្រឡាប់ និងលិច។

ដោយដកស្រង់សម្តីអភិបាលខេត្ត Canakkale លោក Ilhami Aktas ទីភ្នាក់ងារសារព័ត៌មាន Anadolu របស់តួកគីបានរាយការណ៍ឱ្យដឹងថា ជនចំណាកស្រុកចំនួន ៤ នាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីព្រឹកថ្ងៃសុក្រ ខណៈដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត ដែលមានការគាំទ្រដោយទូកឆ្មាំឆ្នេរសមុទ្រចំនួន ១០ គ្រឿង និងឧទ្ធម្ភាគចក្រ ២ គ្រឿងផងដែរ។

លោក Aktas បានចង្អុលបង្ហាញថា ចំនួនពិតប្រាកដនៃមនុស្សនៅលើទូក គោលដៅធ្វើដំណើររបស់ពួកគេ នៅតែមិនទាន់ដឹងច្បាស់នៅឡើយទេ៕