(មូស្កូ)៖ មន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយមីសីលរបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងទីក្រុងកំពង់ផែ Odessa នៃសមុទ្រខ្មៅរបស់ប្រទេសអ៊ុយក្រែននៅថ្ងៃសុក្រនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤ នាក់ និង ៤៦ នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារដ៏សាហាវបំផុតមួយរបស់ទីក្រុងម៉ូស្គូ ក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសរុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួន ទៅលើទីក្រុងភាគខាងត្បូងប្រទេសអ៊ុយក្រែន ដោយបានបាញ់បង្ហោះដ្រូនគ្មានមនុស្សបើក ឬមីស៊ីលស្ទើរតែរាល់ថ្ងៃ។

លោក Oleh Kiper អភិបាលតំបន់បាននិយាយតាមរយៈកម្មវិធីផ្ញើសារ Telegram ដូច្នេះថា «ជាលទ្ធផលនៃការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី មនុស្ស ១៤ នាក់ត្រូវបានសម្លាប់ ក្នុងនោះរួមមានទាំងអ្នកស្រុក គ្រូពេទ្យ និងអ្នកជួយសង្គ្រោះផងដែរ»

លោក Kiper បានបន្ថែមថា គ្រូពេទ្យ និងអ្នកជួយសង្គ្រោះត្រូវបានសម្លាប់ដោយមីស៊ីលលើកទីពីរ បន្ទាប់ពីពួកគេបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីព្យាបាលអ្នករបួសនៅក្នុងការវាយប្រហារលើកទីមួយ។

គួរជម្រាបថា ទីក្រុង Odessa ដែលជាកំពង់ផែដ៏ធំបំផុតមួយរបស់អ៊ុយក្រែន គឺជាគោលដៅនៃការវាយប្រហាររបស់រុស្ស៊ីតាំងពីយូរយារណាស់មកហើយ ជាពិសេសបន្ទាប់ពីទីក្រុងមូស្គូបានដកខ្លួនចេញពីកិច្ចព្រមព្រៀង ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ដែលអនុញ្ញាតឱ្យមានការឆ្លងកាត់ប្រកបដោយសុវត្ថិភាព នៃការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនតាមរយៈសមុទ្រខ្មៅ។

អ៊ុយក្រែន បានការប្រើប្រាស់យន្តហោះដ្រូនគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ ដើម្បីព្យាយាមវាយបកទៅលើប្រទេសរុស្ស៊ី ដោយសំដៅលើរោងចក្រចម្រាញ់ប្រេងសំខាន់ៗជាបន្តបន្ទាប់ក្នុងសប្តាហ៍នេះ មុនការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ថ្ងៃទី ១៥-១៧ ខែមីនា៕