(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃសុក្រ (១៥ មីនា) នេះថា កងទ័ពរុស្ស៊ីបានរារាំងការប៉ុនប៉ងរបស់អ៊ុយក្រែន ក្នុងការវាយប្រហារឆ្លងព្រំដែនមកលើតំបន់ Belgorod របស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ៊ុយក្រែនបានប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីចុះចតទាហានរហូតដល់ ៣០ នាក់នៅជិតភូមិព្រំដែន Kozinka ។ របាយការណ៍​បាន​បន្ថែម​ថា ទាហាន​រុស្ស៊ី និង​ឆ្មាំ​ព្រំដែន ​បាន​វាយ​បកទៅលើ​ទាហានទាំងនោះ។

មន្ត្រីអ៊ុយក្រែនបាននិយាយនៅមុននេះបន្តិចថា ខេត្តជាប់ព្រំដែនរុស្ស៊ីចំនួនពីរគឺ Belgorod និងតំបន់ Kursk ដែលនៅជិតខាងនោះ បានរងការវាយប្រហារដោយក្រុមប្រដាប់អាវុធរុស្ស៊ីប្រឆាំងវិមានក្រឹមឡាំង ក្នុងប្រទេសអ៊ុយក្រែន។

អភិបាលតំបន់ Belgorod លោក Vyacheslav Gladkov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារ Telegram ថា មនុស្សពីរនាក់បានស្លាប់ ហើយភូមិ Kozinka រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

គួរជម្រាបថា ការបោះឆ្នោតប្រធានាធិបតីរយៈពេលបីថ្ងៃរបស់រុស្ស៉ី បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនានេះដែលជាការបោះឆ្នោតមួយត្រូវបានគេរំពឹងថាផ្ដល់ឱកាសឱ្យ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បន្តកាន់អំណាច ៦ឆ្នាំបន្ថែមទៀត ខណៈអ៊ុយក្រែនចាត់ទុកថាជាការបោះឆ្នោតគ្មានន័យ​ និងបានបង្កើនការវាយប្រហារលើតំបន់ព្រំដែន រុស្ស៉ី។

តំបន់ Belgorod គឺជាខេត្តជាប់ព្រំដែនដែលរងការវាយប្រហារជាប្រចាំ ពីអ៊ុយក្រែនតាំងពីឆ្នាំ ២០២២។ នៅក្នុងខែឧសភា ឆ្នាំ ២០២៣ កងកម្លាំងអ៊ុយក្រែនបានគ្រប់គ្រងរយៈពេលខ្លី លើតំបន់នៅជិតព្រំដែន រួមទាំងភូមិ Kozinka ផងដែរ៕