(កៀវ)៖ មេដឹកនាំអ៊ុយក្រែនបាននិយាយថា ស្ថានការណ៍លើសមរភូមិមានភាពល្អប្រសើរជាងមុនដោយ កម្លាំងអ៊ុយក្រែនអាចទប់ទល់នឹង ការវាយរុលរបស់រុស្ស៊ីបានមកវិញ ក្រោយការបាត់បង់ទឹកដី ជាបន្តបន្ទាប់កន្លងមកនេះ នៅពេលដែលក្រុងគន្លឹះ អាឌីវកា ត្រូវបានរុស្ស៊ីចូលគ្រប់គ្រង។ ប៉ុន្តែ ស្ថានភាពសម្រាប់ឆ្នាំ២០២៤របស់អ៊ុយក្រែន នៅតែមិនទាន់អាចច្បាស់លាស់ថា ល្អនៅឡើយបានទេ។

មេដឹកនាំអ៊ុយក្រែនបាននិយាយថា ស្ថានការណ៍លើសមរភូមិមានភាពល្អប្រសើរជាងមុនដោយ កម្លាំងអ៊ុយក្រែនអាចទប់ទល់នឹង ការវាយរុលរបស់រុស្ស៊ីបានមកវិញ ប៉ុន្តែស្ថានភាពសម្រាប់ឆ្នាំ ២០២៤របស់អ៊ុយក្រែន នៅតែមិនទាន់អាចច្បាស់លាស់ថា ល្អនៅឡើយបានទេ។ ប្រទេសបារាំងនិងប្រទេសប៉ូឡូញ ដែលបារម្ភនឹង ភាពមិនទៅមុខរបស់អ៊ុយក្រែន នៅលើសមរភូមិបានថ្លែង នូវគំនិតប្រហាក់ប្រហែលគ្នាចង់ឱ្យមានការបញ្ជួនកម្លាំងទ័ពថ្មើរជើងរបស់អង្គការណាតូទៅ កាន់ប្រទេសអ៊ុយក្រែន ប៉ុន្តែប្រទេសជាច្រើនបានបដិសេធនូវគំនិតដាក់ពង្រាយ កម្លាំងអង្គការណាតូលើទឹកដីអ៊ុយក្រែននោះ។

អគ្គលេខាធិការអង្គការណាតូបានបញ្ជាក់សាជាថ្មីថា អង្គការសន្ធិសញ្ញាអត្លង់ទិកខាងជើងគ្មានគម្រោងបញ្ជូន ទ័ពសម្ព័ន្ធមិត្តរបស់ខ្លួនទៅកាន់ ប្រទេសអ៊ុយក្រែនទេ។ ការបញ្ជាក់របស់មេដឹក នាំអង្គការណាតូលោក Jens Stoltenberg បានធ្វើឡើងទន្ទឹមនឹងមន្ត្រីរដ្ឋាភិបាល ក្រុងម៉ូស្គូនិយាយថា គេមានព័ត៌មានអំពីមន្ត្រីទីប្រឹក្សារបស់អង្គការណាតូ បានធ្វើទស្សនកិច្ចទៅកាន់ អ៊ុយក្រែន។

មន្ត្រីនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានថ្លែងកាលពីថ្ងៃចន្ទទី១១មីនាថា ក្រុមសម្ងាត់រុស្ស៊ីមានព័ត៌មាន ដែលនិយាយថាទីប្រឹក្សាអង្គការណាតូ កំពុងបំពេញទស្សនកិច្ចក្នុងប្រទេសអ៊ុយក្រែន ដែលព័ត៌មាននេះបានទន្ទឹមនឹង សេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌ មានប៉ូឡូញដែលនិយាយថា មានទាហានអង្គការណាតូ បានស្ថិតក្នុងទឹកដីនៃប្រទេសអ៊ុយ ក្រែន។ វិមានក្រឹមឡាំងបានថ្លែងថា «យើងកំពុងតាមមើលភាពវិវត្តន៍ទាំងនេះ ដោយក្តីយកចិត្តទុកដាក់»។ ការិយាល័យសន្តិសុខរុស្ស៊ី បាននិយាយថា គេ«បានទទួលព័ត៌មានឱ្យដឹងថា មានមនុស្សដែលហៅខ្លួនឯងថាជាទីប្រឹក្សា និងមានទំនាក់ទំនងដោយផ្ទាល់ ចំពោះអង្គការណាតូ កំពុងស្ថិតលើទឹកដីអ៊ុយក្រែន»

ព័ត៌មានដែលនិយាយពាក់ព័ន្ធនឹងអង្គការណាតូនាពេលនេះ ត្រូវគេចាត់ទុកថាជារឿងដ៏រសើបមួយ បន្ទាប់ពីមានសម្តីរបស់មេដឹកនាំបារាំង លោកអេម៉ានូអែលម៉ាក្រុងដែលចង់ ជម្រុញឱ្យមានការបញ្ជួនកម្លាំងទាហានថ្មើរជើង របស់អង្គការណាតូមកជួយធ្វើសង្គ្រាមក្នុងទឹក ដីអ៊ុយក្រែនក្នុងឆ្នាំ២០២៤។

គួរបញ្ជាក់ថាសម្តីរបស់មេដឹកនាំបារាំងលោក អេម៉ានូអែល ម៉ាក្រុង កាលពីចុងខែកុម្ភៈនោះ ហើយបាននាំឱ្យមានការព្រមានពីមេដឹកនាំរុស្ស៊ី មកវិញភ្លាមនូវផលវិបាកផ្ទុះឡើងសង្គ្រាមនុយក្លេអ៊ែ័រ បើសិនជាមានការពង្រាយកម្លាំងទាហានអង្គការណាតូ ក្នុងទឹកដីអ៊ុយក្រែនមែន នោះ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានថ្លែងប្រតិកម្មវិញភ្លាមកាលដើម ខែមីនាក្រោយសម្តីរបស់ លោកប្រធានាធិបតី ម៉ាក្រុង នោះភ្លាមថា អង្គការណាតូ «មិនមានផែនការសម្រាប់កងទ័ពប្រយុទ្ធថ្មើរជើង របស់ណាតូនៅលើដីក្នុងប្រទេសអ៊ុយក្រែនឡើយ»។ លោក Jens Stoltenberg នាវេលាថ្មីៗនេះទៀតប្រាប់បណ្តាញសារព័ត៌មាន បញ្ជាក់បន្ថែម ទៀតថា "ណាតូមិនមានគម្រោងបញ្ជូនកងទ័ពទៅអ៊ុយក្រែនទេ ហើយណាតូមិនមែនជាភាគី នៃជម្លោះនេះឡើយ ហើយប្រទេសជាសម្ព័ន្ធមិត្តរបស់ណាតូក៏ នឹងមិនបញ្ជួនទៅដែរ"។

ចំពោះអង្គការបក្ខសម្ព័ន្ធយោធាអត្លង់ទិកខាងជើង, គំនិតនៃការបញ្ជូនទ័ពទៅកាន់ប្រទេសអ៊ុយ ក្រែន ត្រូវបានហាមប្រាម ជាពិសេសនៅពេលអង្គការណាតូព្យាយាម គេចចេញពីការអូសទាញចូលក្នុងសង្គ្រាមកាន់តែធំ ជាមួយរុស្ស៊ីដែលមានអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែក៏គ្មានអ្វីរារាំង សមាជិកណាតូជាបុគ្គលពីការចូលរួម ក្នុងកិច្ចការបែបនេះក្នុងលក្ខណៈផ្ទាល់ខ្លួន ឬជាក្រុមនោះទេ…ហើយអង្គការណាតូខ្លួនឯងនឹងចូលរួមបាន លុះត្រាសមាជិកទាំង៣២របស់ខ្លួន នឹងយល់ព្រមទាំងអស់គ្នា។

ប៉ុន្តែលោក Jens Stoltenberg បានថ្លែងកត់សម្គាល់ក្នុងចំណុចនេះទៀតថា ទោះបីជាប្រទេសនីមួយៗ របស់ណាតូក្នុងនាមជាបុគ្គល ត្រូវបញ្ជូនកងទ័ពរបស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែ ក៏ដោយ វានឹងប៉ះពាល់ដល់សម្ព័ន្ធភាពទាំងមូល ខណៈដែលសមាជិករបស់ខ្លួន ត្រូវបានចង ភ្ជាប់ដោយកតិកាសញ្ញាការពារសមូហភាព។

នៅពេលដែលមានការសួរបន្តថាតើលោក Macron មានកំហុសឬដោយលោកនិយាយអំពី "ភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រ" លើការដាក់ពង្រាយទ័ពលោកខាងលិច ទៅកាន់អ៊ុយក្រែននោះ, លោក Jens Stoltenberg បាននិយាយតបមកវិញថា «ខ្ញុំគិតថាវាសំខាន់ណាស់ ដែលយើងត្រូវពិភាក្សាគ្នា»។ លោក ens Stoltenberg និយាយថាណាតូ «មានវិធីសាស្ត្ររួម ដូចគ្នាតែមួយចំពោះប្រធានបទសំខាន់ៗ ទាំងនេះ…វិធីសាស្ត្រទាំងនោះវា ទាក់ទងសំខាន់ណាស់ដល់យើងទាំងអស់គ្នា»

ប្រទេសអង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត សាធារណរដ្ឋឆេក អ៊ីតាលី និងហុងគ្រី គឺជា បណ្តាប្រទេសស្ថិតក្នុងចំណោម ដែលបាននិយាយថា ពួកគេមិនពិចារណា ការបញ្ជូនកងទ័ពជើងថ្មើរជើងទៅអ៊ុយក្រែនឡើយ បន្ទាប់ពីការបញ្ចេញមតិដ៏ចម្រូងចម្រាសរបស់លោក Macron កាលពីចុងខែកុម្ភៈកន្លងមកនេះ។

លោក ម៉ាក្រុង បានថ្លែងកាលពីខែកុម្ភៈថា «គេនៅមិនទាន់មានការឯកភាពយល់ស្របទាំងស្រុងឡើយ នៅក្នុងការបញ្ជួនកងកម្លាំងថ្មើរជើងទៅអ៊ុយក្រែន ប៉ុន្តែក្នុងន័យនេះ មិនមានអ្វីដែលនឹង ត្រូវបានបដិសេធការបញ្ជូននោះឡើយ«។ លោក ម៉ាក្រុង បានថ្លែងទៀតថា «យើងនឹងធ្វើអ្វីទាំងអស់ ដែលអាចធ្វើបានដើម្បីធានាថា រុស្ស៊ីនឹងមិនអាចឈ្នះសង្គ្រាមបានឡើយ»

សេចក្តីរាយការណ៍ទាក់ទងនឹង ការបញ្ជួនកម្លាំងកងទ័ពថ្មើរជើងណាតូទៅកាន់ប្រទេសអ៊ុយក្រែន កាន់តែមានភាពរសើបឡើង ថែមទៀតក្រោយសម្តីរបស់ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radek Sikorski បាននិយាយបន្ទរទៀតថា វត្តមានរបស់កងកម្លាំងណាតូមិនអាចថា នឹងមិនគិតដល់នោះឡើយ ដែលសម្តីនេះបានបង្ហាញការគាំទ្រ ចំពោះសម្តីរបស់ប្រធានាធិបតី បារាំង។

លោក Radek Sikorski ថែមទាំងបានកោតសរសើរចំពោះគំនិតរបស់ប្រធានាធិបតីបារាំង ដែលមិនទាត់ចោលលើការបដិសេធ បញ្ជូនទ័ពអង្គការណាតូទៅកាន់ ប្រទេសអ៊ុយក្រែននោះផងទៀត។ សម្តីរបស់លោករដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radek Sikorski ជុំវិញការគាំទ្រ គំនិតបញ្ជួនកងកម្លាំងទ័ពថ្មើរជើងណាតូនេះ បានធ្វើឡើងក្នុងឱកាសកិច្ចពិភាក្សាមួយកាល ពីថ្ងៃសុក្រសប្តាហ៍មុនដែលមាន ការប្រារព្ធខួប២៥ឆ្នាំដែលប៉ូឡូញបានចូលជាសមាជិករបស់ អង្គការណាតូ។

សម្តីរបស់រដ្ឋមន្ត្រីការបរទេសប៉ូឡូញនេះផងដែរ បានឆ្លុះបញ្ចាំងកិច្ចពិភាក្សាដ៏ធំមួយ របស់ប្រទេសជាសមាជិកអឺរ៉ុប ក្នុងពេលកន្លងមកជុំវិញ ថាតើគេនឹងអាចជួយ អ៊ុយក្រែនដោយរបៀបណា គ្រាដែលរុស្ស៊ីកំពុងតែមានប្រៀបនៅលើសមរភូមិ ខណៈទាហានអ៊ុយក្រែនមានភាពខ្សត់ខ្សោយ លើអាវុធគ្រាប់រំសេវ។

សម្តីនាំមុខរបស់ប្រទេសបារាំងនិងប៉ូឡូញ ដែលបង្ហាញសេចក្តីក្លាហាននាំមុខគាំទ្រនូវគំនិត ចង់បញ្ជួនកងទ័ពថ្មើរជើងណាតូ ទៅជួយប្រទេសអ៊ុយក្រែន ត្រូវបានប្រទេសអ៊ីតាលី ជំទាស់ប្រឆាំងខ្លាំងក្លា។ ប្រទេសអ៊ីតាលីបានរិះគន់ដាក់លើប្រទេសបារាំង និងប្រទេសប៉ូឡូញចំពោះគំនិតបញ្ជួនទ័ពនោះ។ រដ្ឋមន្ត្រីការពារជាតិអ៊ីតាលីលោក Guido Crosetto បានថ្លែងថា បារាំង និងប៉ូឡូញគ្មានសិទ្ធិអ្វីមកនិយាយជាតំណាងឱ្យ ប្រទេសសមាជិកអង្គការណាតូទាំងអស់បានឡើយ។

រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី និយាយថាការដាក់ពង្រាយកងទ័ពអង្គការណាតូក្នុងទឹកដីអ៊ុយក្រែន នឹងបង្កើនភាពតានតឹងកាន់តែខ្លាំង ឡើងក្នុងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន និងថាអំពើនោះទៀត អាចនឹងរារាំងកិច្ចប្រឹងប្រែងការទូត ដែលចង់បញ្ចប់ជម្លោះរវាងអ៊ុយក្រែននិង រុស្ស៊ី។ លោក Guido Crosetto បាននិយាយថា «រុស្ស៊ីមានបំពាក់ឧបករណ៍ច្រើនជាងនិង រហ័សរហួនជាងអង្គការណាតូ បើសិនជានិយាយអំពីរឿងយោធា»។ លោកបន្តថា «ប្រទេសលោកខាងលិច មានសមត្ថភាពផលិតទាបជាងរុស្ស៊ី។ ដូច្នេះ ប្រទេសលោកខាងលិចដែលបន្ត ការគាំទ្រដល់អ៊ុយក្រែនត្រូវតែរកវិធីផ្សេងជួយអ៊ុយក្រែន។ ការជួយនោះគឺគប្បីជំរុញការចរចា ត្រូវរយៈការទូត»។

ប៉ុន្តែអ៊ុយក្រែនបានបដិសេធការចរចា ជាមួយនឹងរុស្ស៊ីដោយសារតែការមើលឃើញថា ការចរចាណាមួយ ជាមួយនឹងរុស្ស៊ីនោះ គឺនឹងធ្វើឱ្យអ៊ុយក្រែន បាត់បង់ទឹកដីភាគខាងកើតរបស់ខ្លួន ជាមិនខានឡើយ។ សូម្បីតែព្រះរាជបន្ទូលរបស់ សម្តេចព្រះសង្ឃរាជ Pope Francis ដែល អំពាវ នាវឱ្យមេដឹកនាំអ៊ុយក្រែន មិនត្រូវខ្មាស់អៀនក្នុងការចរចា និងក៏ត្រូវមានសេចក្តីក្លាហានក្នុង ការហ៊ានលើទង់ជ័យសជាមួយនឹងសេចក្តីក្លាហាន ធ្វើការចរចាបញ្ចប់សង្គ្រាមជាមួយនឹងរុស្ស៊ី នោះក៏ត្រូវអ៊ុយក្រែនបានប្រើសម្តីវាយប្រហារ និងរិះគន់ផងទៀត។

សង្គ្រាមអ៊ុយក្រែនឆ្នាំ២០២៤នឹងវិវត្តន៍យ៉ាងណាបើគ្មានការចរចាកើតឡើងទេ?

ប្រទេសក្នុងទ្វីបអឺរ៉ុប កំពុងរងនឹងសម្ពាធជួយគិតគូរ អំពីអនាគតសង្គ្រាមនៃប្រទេសអ៊ុយក្រែន ក្នុងពេលនេះ ខណៈសហរដ្ឋអាមេរិក កំពុងរវល់ជាប់នឹងភាពមិនចុះសម្រុងផ្ទៃក្នុង ដែលនាំឱ្យ មានការរារាំងជំនួយស្នើយោធា៦១ពាន់លានដល់អ៊ុយក្រែនផង និងការរវល់ចំពោះកិច្ចការ បោះឆ្នោតសកលខែវិច្ឆិកា ឆ្នាំ២០២៤នេះផង និងកង្វល់ធំបំផុតមួយទៀត គឺបញ្ហាអ៊ុយក្រែននឹង ត្រូវអស់ផ្លូវដើរបើសិនជាលោក ដូណាល់ ត្រាំ នឹងវិលត្រឡប់មកកាន់អំណាចសាជាថ្មីវិញ ក្នុងសេតវិមាន។

លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងធ្វើឱ្យសង្គ្រាមអ៊ុយក្រែន នឹងបញ្ចប់វិញរយៈពេល២៤ម៉ោងបើសិនជាលោកនឹង ក្លាយជាមេដឹកនាំសេតវិមាន ក្រោយការបោះឆ្នោត ខែវិច្ឆិកា ឆ្នាំ២០២៤មែននោះ។ ហើយផ្លូវធ្វើដំណើររបស់លោក ដូណាល់ ត្រាំ ទៅកាន់ សេតវិមានសាជាថ្មី ត្រូវគេឃើញថាបានលេចជាស្រមោលស្ទុងៗខ្លះមកហើយ សូម្បីតែមេដឹកនាំខ្លះក្នុងទ្វីបអឺរ៉ុប ក៏កំពុងគិតថាសង្គ្រាម ក្នុងអ៊ុយក្រែន នឹងអាចឈានដល់ចំណុចរបត់ចុង ក្រោយមួយរបស់វាផងដែរបើសិនជាលោក ដូណាល់ ត្រាំ នឹងឡើងកាន់អំណាចសាជាថ្មី។

មេដឹកនាំនៃប្រទេសហុងគ្រី លោក Viktor Orban ដែលបានជួបជាមួយលោក ដូណាល់ ត្រាំ ក្នុង រដ្ឋ Florida កាលពីថ្ងៃសៅរ៍ទី៩មីនា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោក ដូណាល់ ត្រាំនឹងមិនឱ្យផ្តល់លុយសូម្បីតែមួយសេន ទៅឱ្យអ៊ុយក្រែនឡើយប្រសិន បើលោកនឹងជាប់ឆ្នោតសាឡើងវិញ ជាប្រធានាធិបតីអាមេរិក។

លោក Viktor Orban បាននិយាយថា «ដូច្នេះសង្គ្រាមនឹងត្រូវបញ្ចប់ ពីព្រោះវាជាការពិតដែលថា អ៊ុយក្រែននឹងមិនអាចប្រយុទ្ធ ក្នុងសង្គ្រាមដោយខ្លួនឯងបានឡើយ»។ លោក Viktor Orban ដែលបានហៅលោក ដូណាល់ ត្រាំ ថាជាបុរសនៃសន្តិភាព A man of Peace បាននិយាយសារុបថា «ប្រសិនណាបើអាមេរិកាំងមិនឱ្យលុយនិងអាវុធ ដូចគ្នានឹងសហភាពអឺរ៉ុប នោះសង្គ្រាមត្រូវតែចប់»។ លោកបន្តថា «បើសហរដ្ឋអាមេរិកមិនឱ្យលុយ, ប្រទេសអឺរ៉ុបតែឯកឯង ក៏មិនអាចចំណាយលុយលើ ការធ្វើសង្គ្រាមនេះបានដែរ ហើយពេល នោះសង្គ្រាមនឹងត្រូវតែបញ្ចប់ហើយ»

លោក ដូណាល់ ត្រាំ កាលពីខែកុម្ភៈកន្លងមកនេះ បានបង្ហាញភាពមិនពេញចិត្តរបស់លោក ចំពោះអង្គការណាតូថែមទៀត ដែលតែងតែឱ្យសហរដ្ឋអាមេរិក ជាប្រទេសទទួលបន្ទុកធំជាង គេបង្អស់ក្នុងការចំណាយលុយញើសឈាម របស់ប្រជាពលរដ្ឋអាមេរិក សម្រាប់តែការពារ ប្រទេស៣០ជាសមាជិកកន្លងមកនេះ។ លោកដួណាល់ត្រាំ បានថ្លែងថា «សហរដ្ឋអាមេរិកនឹងមិនផ្តល់ ការការពារសម្ព័ន្ធមិត្តអង្គការណាតូណា ដែលមិនបានចំណាយគ្រប់គ្រាន់លើវិស័យការពារជាតិ នោះទេ»

លោក ដូ ណាល់ត្រាំ ថែមទាំងបានបោះពាក្យសម្តីនិយាយទៀតថា លោកនឹង "លើកទឹកចិត្ត" ឱ្យរុស្ស៊ីឱ្យវាយប្រហារ សមាជិកអង្គការណាតូណា ដែលមិនបាន បំពេញតាមគោលដៅរបស់សម្ព័ន្ធភាព ដែលតម្រូវត្រូវចំណាយ ២ភាគរយនៃទំហំ GDP ប្រចាំឆ្នាំរបស់ខ្លួន លើកាតព្វកិច្ចយោធា។ សម្តីព្រមានរបស់លោកដូណាល់ត្រាំនោះហើយ ត្រូវគេឃើញថាបានធ្វើឱ្យប្រទេសមួយចំនួន ក្នុងអង្គការណាតូ បានប្រញាប់ជួយតម្រង់ទិសដៅចំណាយ ២ភាគរយនៃ GDP ប្រចាំឆ្នាំលើវិស័យការពារជាតិ។

មេដឹកនាំអង្គការណាតូលោក Jens Stoltenberg ថ្លែងថា សម្តីរបស់លោកដូណាល់គឺជាសម្តី មិនមែនប្រឆាំងនឹងអង្គការណាតូទេ ប៉ុន្តែផ្តោតលើសមាជិកអង្គការណាតូណា ដែលមិនបានចំណាយត្រឹមត្រូវ លើទំហំថវិកា២ភាគរយនៃទំហំ GDP ប្រចាំឆ្នាំរបស់ខ្លួន។

នៅជាមួយគ្នានេះផងដែរ ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda កាលពីថ្ងៃចន្ទទី១១ មីនា បានអំពាវនាវដល់ សមាជិកអង្គការណាតូនានាត្រូវបង្កើន ការចំណាយលើវិស័យការពារជាតិ។ លោក Andrzej Duda បានជំរុញរកការចំណាយរបស់ សមាជិកអង្គការណាតូលើវិស័យការ ពារជាតិចំនួន៣ភាគរយនៃទំហំ GDP ប្រចាំឆ្នាំរបស់ខ្លួន។ ការស្នើនេះលើសពីទំហំ២ភាគរយ នៃការចំណាយកាតព្វកិច្ចយោធា ដែលតម្រូវដោយអង្គការណាតូនោះទៅទៀត។

យោងតាមអង្គការណាតូ, ប្រទេសដែលចង់ចូលជាសមាជិករបស់ អង្គការសន្ធិសញ្ញាអត្លង់ទិកខាងជើងនេះ ត្រូវបំពេញកាតព្វកិច្ចចំណាយ ថវិកាយោធា២ភាគរយនៃទំហំ GDP នៃជាតិរបស់ខ្លួនរហូតដល់ឆ្នាំ២០២៤ ប៉ុន្តែសេចក្តីរាយការណ៍បានបង្ហាញថា ក៏នៅមានប្រទេសខ្លះ ដែលមិនទាន់បានបង្ហាញ ការចំណាយនូវទំហំចង់បាននេះ ដូចតាមកាលកំណត់ឡើយ។

គិតត្រឹមឆ្នាំ២០២៣, មានប្រទេសចំនួន១៩ ក្នុងចំណោមប្រទេសសមាជិករបស់ខ្លួនទាំងអស់ ដែលស្ថិតក្នុងការចំណាយក្រោមគោលដៅ ២ភាគរយ នៃ GDP ប្រចាំឆ្នាំលើវិស័យការពារជាតិ ក្នុងនោះមានប្រទេសអាល្លឺម៉ង់, ន័រវែស និង ប្រទេសបារាំងផងដែរ។ ចំណែកប្រទេសប៉ូឡូញ គឺជាប្រទេសដែលបានចំណាយថវិកាយោធារបស់ខ្លួន ៤ភាគរយដែលធ្វើឱ្យប្រទេសប៉ូឡូញ ក្លាយជាប្រទេសចំណាយច្រើនជាងគេបំផុត បើគិតជាភាគរយ ខណៈដែលសហរដ្ឋអាមេរិក ចំណាយលើ៣ភាគរយផងដែរ លើវិស័យការពារជាតិ៕