(បាងកក)៖ នាថ្ងៃអង្គារនេះ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ បានអនុម័តសេចក្តីសម្រេចមួយ ដើម្បីទាមទារជាផ្លូវការ ឱ្យតុលាការរំលាយគណបក្សប្រឆាំង Move Forward។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤។

ក្នុងសេចក្តីថ្លែងការណ៍បស់ខ្លួន គណៈកម្មការបោះឆ្នោតថៃ បានលើកឡើងថា «មានភស្តុតាងដែលបង្ហាញថា គណបក្ស Move Forward ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ។ គណៈកម្មការបានពិចារណានិងវិភាគលើ ​សាលក្រមកន្លងមករបស់តុលាការធម្មនុញ្ញ ហើយបានសម្រេចជាឯកច្ឆ័ន្ទស្នើឱ្យតុលាការធម្មនុញ្ញ រំលាយគណបក្ស Move Forward»

កាលពីខែមករា ដើមឆ្នាំ២០២៤នេះ តុលាការធម្មនុញ្ញថៃ បានសម្រេចថា បក្ស Move Forward ដែលបានទទួលជ័យជម្នះនាំមុខគេ ក្នុងការបោះឆ្នោតសកលឆ្នាំមុន ប៉ុន្តែត្រូវបានរារាំងមិនឱ្យដឹកនាំរដ្ឋាភិបាល បានបំពានរដ្ឋធម្មនុញ្ញ តាមរយៈផែនការចង់ធ្វើវិសោធនកម្មច្បាប់ ស្តីពីការការពារព្រះចេស្តាព្រះមហាក្សត្រ ក្រោមហេតុផលថា ផែនការនោះបង្កប់នៅនូវកិច្ចប្រឹងប្រែង ដើម្បីប៉ុនប៉ងបំផ្លាញស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល នៅក្នុងប្រទេសអាស៊ានមួយនេះ។

គួរបញ្ជាក់ថា គណបក្សនយោបាយជំនាន់មុនរបស់ Move Forward គឺបក្ស Future Forward ដែលមានគោលនយោបាយស្រដៀងគ្នា ធ្លាប់ត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចរំលាយចោលកាលពីឆ្នាំ២០២០ម្តងរួចទៅហើយ ដោយសារល្មើសគោលការណ៍ច្បាប់ឃោសនាបោះឆ្នោត៕