(សាណា)៖ អ្នកនាំពាក្យរបស់រដ្ឋាភិបាលយេម៉ែន បានប្រាប់ Reuters ថា ការវាយប្រហារតាមអាកាសរួមគ្នា រវាងកងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេសទៅលើទីក្រុងកំពង់ផែ ក៏ដូចជាទីប្រជុំជនតូចមួយ នៅឯភាគខាងលិចប្រទេសយេម៉ែន កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១នាក់ របួស ១៤នាក់ ដោយនេះជាចំណាត់ការដើម្បីការពារកប៉ាល់ពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ ២០២៤។

ចំណាត់ការនេះកើតមានឡើងមួយថ្ងៃ បន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿងដែលរងការវាយប្រហារពីក្រុមហ៊ូទី បានលិចចូលទៅក្នុងសមុទ្រជាលើកដំបូង គិតចាប់តាំងពីក្រុមនេះធ្វើសកម្មភាព ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន។ បណ្តាញសារព័ត៌មាន Al Masirah គ្រប់គ្រងដោយក្រុមហ៊ូទី បានរាយការណ៍ថា មានការវាយប្រហារចំនួន ១៧លើកចូលមកក្នុងទឹកដីយេម៉ែន រួមទាំងទីក្រុងកំពង់ផែដ៏ធំ Hodeidah និងនៅឯកំពង់ផែ Ras Issa។

គួរបញ្ជាក់ថា ទោះបីជាមានចំណាត់ការឆ្លើយតបពីសំណាក់សម្ព័ន្ធអាមេរិក-អង់គ្លេស និងកងនាវាចរផ្សេងទៀតក្តី ក៏ក្រុមហ៊ូទី បានបង្កើនយុទ្ធនាការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្ម នៅក្នុងផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។ កប៉ាល់ជាច្រើនគ្រឿងឥឡូវនេះត្រូវធ្វើដំណើរកាន់តែយូរ និងចំណាយថ្លៃជាងមុន តាមច្រកជុំវិញតំបន់អាហ្រ្វិកដើម្បីចៀសវាងការឆ្លងកាត់ផ្លូវដ៏គ្រោះថ្នាក់ កាត់តាមឈូងសមុទ្រ Aden និងសមុទ្រក្រហមទៅកាន់ព្រែកជីកស៊ុយអេ៕