(បេរូត)៖ ក្រុមហេសប៊ូលឡារបស់លីបង់និយាយថា ខ្លួនបានបើកការវាយប្រហារដោយយន្តហោះដ្រូន កាលពីថ្ងៃចន្ទសប្តាហ៍នេះ ទៅលើទីស្នាក់ការការពារអាកាសក្រៅទឹកដីរបស់អ៉ីស្រាអែល នៅក្នុងតំបន់ Golan Heights។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ ២០២៤។

Golan Heights ជាតំបន់ដែលអ៉ីសា្រអែលចាប់យកបានពីស៉ីរី នៅក្នុងឆ្នាំ ១៩៦៧។ ហេសប៊ូលឡាថា នេះជាការវាយប្រហារដោយកម្រ ធ្វើឡើងដោយយន្តហោះដ្រូន ៤គ្រឿងដែលបានដាក់ពង្រាយ ហើយត្រូវចំគោលដៅល្អ នៅក្នុងអ្វីដែលខ្លួនចាត់ទុកថាជាប្រតិបត្តិការ ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា។

គួរបញ្ជាក់ថា ក្រុមគាំទ្រដោយអ៉ីរ៉ង់មួយនេះ បានបើកការបាញ់ផ្លោងជាមួយយោធាអ៉ីស្រាអែល ឆ្លងព្រំដែនលីបង់នៅឯភាគខាងត្បូង ចាប់តាំងពីខែតុលាមក ដោយក្រុមហេសប៊ូលឡា បានប្រើគ្រាប់រ៉ុក្កែតបាញ់ចូលទៅទឹកដីអ៉ីសា្រអែល ដើម្បីបង្ហាញការគាំទ្រប៉ាឡេស្ទីនដែលមានហាម៉ាសជាសម្ព័ន្ធមិត្ត និងកំពុងធ្វើសង្រ្គាមជាមួយអ៉ីសា្រអែលនៅតំបន់ហ្គាហ្សា៕