(ញូវដេលី)៖ នាយរដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កាលពីថ្ងៃចន្ទ ទី១១ ខែមីនា បានប្រកាសថា ឥណ្ឌាបានធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគមួយគ្រាប់ផលិតក្នុងស្រុក ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរច្រើនគ្រាប់ ប្រកបដោយជោគជ័យជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​​​ AFP។

លោក ម៉ូឌី ធ្វើការប្រកាសបែបនេះនៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម​ X ជាមួយការបន្ថែមថាមីស៊ីលបាលិស្ទីគដែលយោធាឥណ្ឌាបានធ្វើតេស្ដគឺជាមីស៊ីល ប្រភេទ Agni-5 ប្រើប្រាស់បច្ចេកវិទ្យា MIRV។ MIRV គឺជាបច្ចេកវិទ្យាមួយដែលអាចឱ្យមីស៊ីលបាលិស្ទីគ Agni-5 មានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរច្រើនគ្រាប់ ហើយ អាចញែកចេញពីគ្នា និងវាយប្រហារលើគោលដៅផ្សេងៗគ្នាក្នុងពេលតែមួយ។ លោក ម៉ូឌី មិនបានបញ្ជាក់អ្វីលម្អិតនោះទេពីការធ្វើតេស្ដមីស៊ីល ប៉ុន្តែកន្លងមក ឥណ្ឌាក៏ធ្លាប់ បានធ្វើតេស្ដបាញ់មីស៊ីល Agni-5 ជាលើកផងដែរ។

គួរបញ្ជាក់ថា Agni-5 ជាមីស៊ីលបាលិស្ទីគ ត្រូវបានអភិវឌ្ឍដោយទីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា Defence Research and Development Organisation ហើយពាក្យថា Agni មានន័យថា «ព្រះអគ្គិ» ក្នុងភាសាសំស្រឹ្កត។ ម្យ៉ាងទៀត ខណៈក្រុមអ្នកជំនាញយល់ថាមីស៊ីលរយៈចម្ងាយខ្លី Agni-I និង Agni- II ត្រូវបានអភិវឌ្ឍឡើងដើម្បីប្រជែង ជាមួយប៉ាគីស្ថាន ការអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ Agni-5 បានឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរការផ្តោតរបស់ឥណ្ឌាទៅលើចិន៕