(ហ្គាហ្សា)៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបាននិយាយថា អ៊ីស្រាអែលកំពុងស៊ើបអង្កេត និងផ្ទៀងផ្ទាត់ថា តើមេបញ្ជាការយោធាលំដាប់ទីពីរ នៃចលនាតស៊ូហាម៉ាស ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសដែរឬយ៉ាងណា ខណៈដែលការចរចារបានបរាជ័យ ដើម្បីឈានដល់បទឈប់បាញ់នៅក្នុងសង្រ្គាមហ្គាហ្សា ស្របពេលនឹងខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដានក៏បានឈានមកដល់។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

ប្រសិនបើការស្លាប់របស់ លោក Marwan Issa ត្រូវបានបញ្ជាក់ពិតមែន នោះគាត់នឹងក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតមួយរបស់ចលនាហាម៉ាស ដែលអ៊ីស្រាអែលកិច្ចខិតខំប្រឹងប្រែងតាមប្រមាញ់នៅក្នុងសង្គ្រាមជាងប្រាំខែមកនេះ ដែលបានបំផ្លិចបំផ្លាញតំបន់ប៉ាឡេស្ទីន និងបានសម្លាប់មនុស្សរាប់ពាន់នាក់។

វិទ្យុកងទ័ពអ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើជំរុំ Nuseirat នៅកណ្តាលហ្គាហ្សា កាលពីល្ងាចថ្ងៃសៅរ៍ ជាកន្លែងដែលខ្លួនទទួលបានព័ត៌មានស៊ើបការណ៍ អំពីកន្លែងលាក់ខ្លួនរបស់ លោក Issa ដែលជាបុរសទី ២ នៃបញ្ជាការកងពលតូច Izz al-Din al-Qassam ដែលជាស្លាបយោធារបស់ក្រុមហាម៉ាស។

របាយការណ៍​បាន​បញ្ជាក់​ថា ​ការ​វាយ​ប្រហារ​នោះ​បាន​សម្លាប់​មនុស្ស​៥​នាក់​។

កាសែត​អ៊ីស្រាអែល Haaretz បាន​រាយការណ៍​ថា អ៊ីស្រាអែល​កំពុងផ្ទៀងផ្ទាត់ថា តើលោក Issa ត្រូវបានរាប់បញ្ចូលក្នុងចំនួនអ្នកស្លាប់ដែរឬទេ។ ទាំង​កងទ័ព​អ៊ីស្រាអែល និង​មន្ត្រី​ហាម៉ាស មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​លើ​របាយការណ៍​ របស់​ប្រព័ន្ធ​ផ្សព្វផ្សាយខាងលើនោះទេ។

កាលពីថ្ងៃអាទិត្យ អ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយសង្ខេបប្រតិបត្តិការរបស់ខ្លួនក្នុងរយៈពេល ២៤ ម៉ោងកន្លងមកថា កងកម្លាំងរបស់ខ្លួនបានសម្លាប់សកម្មជននៅកណ្តាលហ្គាហ្សា ប៉ុន្តែមិនបាននិយាយអំពីជំរំនោះទេ។

គួរជម្រាបថា លោក Issa ស្ថិតក្នុងបញ្ជីដែលចង់បានបំផុតរបស់អ៊ីស្រាអែល រួមជាមួយនឹងប្រធានស្លាបយោធា លោក Muhammad Deif និងមេដឹកនាំក្រុមហាម៉ាស់នៅហ្គាហ្សា លោក Yahya Sinwar ដែលត្រូវបានគេជឿថា ជាអ្នករៀបចំការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដែលនាំទៅដល់ការផ្ទុះឡើងនៃជម្លោះនេះ៕