(មូស្គូ)៖ វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃចន្ទនេះថា ការអំពាវនាវរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស សម្រាប់កិច្ចចរចាដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន ត្រូវបានយល់យ៉ាងពេញលេញ ហើយថាប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីអង្គុយចុះ ប៉ុន្តែទីក្រុងគៀវបានបដិសេធការចរចា ដោយសារតែទស្សនៈខុសរបស់ខ្លួន ដែលថាលោកខាងលិចមានសមត្ថភាពយកឈ្នះរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

សម្តេចសង្ឈកាតូលិក ប៉ាប ហ្វ្រង់ស៊ីស បាននិយាយថា ប្រទេសអ៊ុយក្រែនគួរតែមានអ្វីដែលលោកហៅថាភាពក្លាហានក្នុងការលើក «ទង់ស» ដើម្បីចរចាបញ្ចប់ជម្លោះដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់។

រុស្ស៊ី​បាន​ហៅ​សង្រ្គាម​នេះ​ថា​ជា «ប្រតិបត្តិការ​យោធា​ពិសេស» ដើម្បី​ធានា​សន្តិសុខ​របស់​ខ្លួន ខណៈទីក្រុងគៀវ និងលោកខាងលិចហៅវាថាជា សង្គ្រាមបែបអាណានិគមដ៏ឃោរឃៅ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាន នៅពេលសួរអំពីការអត្ថាធិប្បាយរបស់សម្តេចប៉ាប ដូច្នេះថា «(សម្តេច) បានសម្តែងការគាំទ្រចំពោះការចរចា ដែលអាចយល់បានទាំងអស់គ្នា»។

លោក Peskov បាននិយាយទៀតថា ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បាននិយាយម្តងហើយម្តងទៀតអំពីការត្រៀមខ្លួន និងការបើកចំហររបស់រុស្ស៊ីចំពោះការចរចា ប៉ុន្តែអ៊ុយក្រែនបានច្រានចោលសំណើបែបនេះ។

លោកបានបន្ថែមថា «ជាអកុសល សេចក្តីថ្លែងការណ៍របស់សម្តេចប៉ាប និងសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះរបស់ភាគីផ្សេងទៀត រួមទាំងរបស់យើងផងដែរ ត្រូវបានទទួលរងនូវការបដិសេធយ៉ាងខ្លាំងនាពេលថ្មីៗនេះ»

គួរជម្រាបថា កាលពីចុងសប្តាហ៍កន្លងទៅ សម្ដេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៊ីស បានមានព្រះបន្ទូលក្នុងបទសម្ភាសន៍មួយថា អ៊ុយក្រែនគួរតែភាពក្លាហាន «លើកទង់ស» និងចរចាបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី ក្រោយការឈ្លានពានរបស់ទីក្រុងមូស្គូអស់រយៈពេលជាង២ឆ្នាំមកនេះសម្លាប់ជីវិតមនុស្សរាប់ម៉ឺននាក់។

ការលើកឡើងនេះ បានធ្វើឱ្យអ៊ុយក្រែនបានច្រានចោលទាំងការខឹងសម្បារ ហើយប្ដេជ្ញាថានឹងមិនទម្លាក់អាវុធសុំចុះចាញ់រុស្ស៉ីដាច់ខាត៕