(ប៊ុយដាប៉ែស)៖ នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban បាននិយាយថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមិនផ្តល់លុយជំនួយដើម្បីជួយអ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ីឡើយ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ម្តងទៀត ហើយលោក Orban បានបន្តថា ប្រការនេះនឹងជួយឱ្យសង្រ្គាម ឆាប់បិទបញ្ចប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤។

លោក Orban បានប្រាប់ស្ថានីយទូរទស្សន៍រដ្ឋរបស់ហុងគ្រី កាលពីយប់ថ្ងៃអាទិត្យ ទី១០ ខែមីនា យ៉ាងដូច្នេះថា «លោក ត្រាំ នឹងមិនផ្តល់លុយឡើយ​​សូម្បីតែមួយកាក់មួយសេន ទៅក្នុងសង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៉ី ហើយប្រការនេះនឹងធ្វើឱ្យសង្រ្គាមឆាប់បិទបញ្ចប់ទៅវិញ ដោយសារ​ជាក់ស្តែង គឺអ៊ុយក្រែនមិនអាចទប់ទល់ជាមួយរុស្ស៉ី ដោយពឹងផ្អែកតែលើ កម្លាំងខ្លួនឯងនោះទេ។ ប្រសិនបើអាមេរិកឈប់ផ្តល់លុយនិងអាវុធ ហើយអឺរ៉ុបក៏ដូចគ្នាដែរនោះ សង្រ្គាមនឹងចប់ជាមិនខាន។ ម៉្យាងវិញទៀត ប្រសិនបើអាមេរិកឈប់ផ្តល់លុយ នោះអឺរ៉ុបនឹងមិនអាចបន្តផ្គង់ផ្គត់​ហិរញ្ញវត្ថុ ដល់សង្រ្គាមនេះដោយខ្លួនឯងទេ ហេតុនេះហើយ សង្រ្គាមនឹងត្រូវបញ្ចប់»។

គួរបញ្ជាក់ថា លោក Orban បានជួបលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ។ លោក ត្រាំ ត្រូវគេរំពឹងថា នឹងជួប​ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សាជាថ្មី ក្នុងការបោះឆ្នោតរើសមេដឹកនាំអាមេរិកអាណត្តិថ្មី ដែលត្រូវប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំនេះ។ បន្ទាប់ពីកាន់​អំណាចបានត្រឹម១អាណត្តិ លោក ត្រាំ បានចាញ់លោក បៃដិន ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០។ រីឯ លោកនាយករដ្ឋមន្រ្តីហុងគ្រីវិញ បានបដិសេធផ្តល់អាវុធឱ្យទីក្រុងកៀវ និងបន្តរក្សាទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធ ជាមួយទីក្រុងមូស្គូដដែល ចាប់តាំងពីរុស្ស៉ីបានឈ្លានពាន​អ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ លោក Orban បានជួបប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីខែតុលា ឆ្នាំ២០២៣ នៅប្រទេសចិន ទោះបីសហភាពអឺរ៉ុបបានប្រឹងប្រែង ធ្វើយ៉ាងណាឱ្យទីក្រុងមូស្គូស្ថិតនៅឯកោក៏ដោយក្តី៕