(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានកាណាដាបានទម្លាយឱ្យដឹងថា រដ្ឋាភិបាលកាណាដាបានឈានដល់ការផ្សះផ្សា ជាមួយលោក Michael Spavor ដែលជាពាណិជ្ជករកាណាដាដែលត្រូវបានចាប់ខ្លួនដោយប្រទេសចិន ដើម្បី "សងថ្លៃជំងឺចិត្ត" អំពីការជាប់ពន្ធនាគារជិតបីឆ្នាំ ដោយសារជាប់សង្ស័យពីបទធ្វើសកម្មភាពចារកម្ម នៅប្រទេសចិន។ តាមការផ្សាយដំណឹងទម្លាយឱ្យដឹងថា ទំហំទឹកប្រាក់ចុងក្រោយនៃការឈានដល់ការផ្សះផ្សា រវាងភាគីទាំងពីរ គឺ ៧លានដុល្លារកាណាដា។

បន្ទាប់ពីលោក Michael Spavor ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០១៨ មក រដ្ឋាភិបាលកាណាដាបានឃោសនាបំប៉ោងពី "ការឃាត់ខ្លួនតាមទំនើងចិត្ត "របស់ប្រទេសចិនជាប់រហូត ប៉ុន្តែលើកនេះអាចនិយាយបានថាជាការ "ទះកំផ្លៀងខ្លួនឯង" ។ អ្នកវិភាគបានលើកឡើងថា អ្វីដែលហៅថា "ការផ្សះផ្សា" និង "សងថ្លៃជំងឺចិត្ត" បានបង្ហាញឱ្យឃើញថា រដ្ឋាភិបាលកាណាដាមានអាថ៌កំបាំង ដែលមិនអាចបើកចំហ ហើយក៏បានបញ្ជាក់ដែរថា លោក Michael Spavor គឺជាចារជនដែលធ្លាប់បម្រើរដ្ឋាភិបាលកាណាដា។ អ្នកប្រើបណ្តាញអ៊ីនធឺណែតកាណាដាបានលើកឡើងថា "ការសងថ្លៃជំងឺចិត្តណាមួយដែលរដ្ឋាភិបាល ធ្វើសម្រាប់ការដោះស្រាយរឿងមួយនេះ សុទ្ធតែបង្ហាញថា វាប៉ុនប៉ុងបិទបាំងអ្វីមួយ"។

យោងតាមព័ត៌មានដែលប្រកាសដោយ ស្ថាប័នសន្តិសុខរបស់ចិនឱ្យដឹងថា លោក Michael Spavor បានធ្វើសកម្មភាពចារកម្មនៅ តំបន់ព្រំដែនរវាងចិននិងកូរ៉េខាងជើងក្នុងរយៈពេលយូរ ដោយបានជួយលោក Michael Kovrig អតីតមន្រ្តីការទូតកាណាដាក្នុង ការប្រមែប្រមូលនិងស្វែងរកព័ត៌មានចារកម្មពាក់ព័ន្ធ ថតរូបនិងវីដេអូបរិក្ខារយោធាចិន ដោយខុសច្បាប់នៅក្នុងដែនប្រទេសចិន ហើយបានផ្តល់ឱ្យស្ថានទូតកាណាដាប្រចាំនៅប្រទេសចិន។ កាលពីឆ្នាំ ២០១៨ អ្នកទាំងពីរនាក់ ត្រូវបានចាប់ខ្លួននៅប្រទេសចិន ។ កាលពីខែកញ្ញា ឆ្នាំ ២០២១ អ្នកទាំងពីរនាក់បានដាក់ពាក្យស្នើសុំដោះលែងនៅក្រៅឃុំ និងតម្កល់រឿងក្តីក្រោមលេសមានជំងឺប្រចាំកាយ ហើយតុលាការពាក់ព័ន្ធរបស់ចិន បានអនុម័តលើពាក្យស្នើសុំនេះតាមផ្លូវច្បាប់។ បន្ទាប់មក ពួកគេត្រូវបានបណ្តេញចេញពីប្រទេសចិន។

ក្រោយពីត្រឡប់ទៅប្រទេសកាណាដាវិញ ឆាកល្ខោនដ៏គួរឱ្យអស់សំណើច បានកើតឡើង៖លោក Michael Spavor បានប្តឹងលោក Michael Kovrig និងក្រសួងការបរទេសកាណាដា។ ករណី"វិវាទផ្ទៃក្នុង"លើកនេះបានលាតត្រដាងពីសកម្មភាពចារកម្ម ដែលពួកគេធ្លាប់បានធ្វើនៅក្នុងប្រទេសចិន ហើយក៏បានបញ្ជាក់ថា លោក Michael Spavor ពិតជាបានធ្វើ រឿងដែលបំផ្លាញសន្តិសុខជាតិ របស់ប្រទេសចិនពិតប្រាកដមែន។ នៅទីបំផុត រដ្ឋាភិបាលកាណាដាបានចំណាយប្រាក់ចំនួន ៧ លានដុល្លារកាណាដាដើម្បី "បិទមាត់" របស់លោក Michael Spavor ប្រការនេះក៏បានបញ្ជាក់ដែរថា អ្វីដែលហៅថា "ការឃាត់ខ្លួនតាមទំនើងចិត្ត"របស់ប្រទេសចិនគឺជារឿងប្រឌិតសុទ្ធសាធ។

បន្ទាប់ពីករណីផ្សះផ្សាជាមួយលោក Michael Spavor ត្រូវបានបែកធ្លាយ លោក Trudeau នាយករដ្ឋមន្ត្រីកាណាដា បានបន្តឃោសនា បំប៉ោងពី "ការឃាត់ខ្លួនតាមទំនើងចិត្ត" របស់ប្រទេសចិន ហើយបានប្រឌិតរឿងក្លែងក្លាយតទៅទៀត ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ អំពីករណីដែលប្រទេសកាណាដា បាននិងកំពុងឃោសនាបំប៉ោងពីអ្វីដែលហៅថា "ហេតុការណ៍ចារកម្មចិន" និង "ចិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសកាណាដា" ជាដើម អ្នកផងទាំងពួងអាចឃើញច្បាស់ថា អ្នកនយោបាយមួយចំនួន របស់កាណាដា បាននិងកំពុងប្រកាន់ខ្ជាប់គំនិតសង្គ្រាមត្រជាក់ ធ្វើតាមសហរដ្ឋអាមេរិកបង្ក រឿងហេតុចំពោះប្រទេសចិន វាលែងជារឿងថ្មោងថ្មីអ្វីទៀតហើយ។ លើកនេះគ្រាន់តែបានបញ្ជាក់ម្តងទៀតថា រដ្ឋាភិបាលកាណាដា ជាអ្នកធ្វើតាមសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា ប្រទេសចិនជាប្រទេសមាននីតិរដ្ឋ។ លោក Michael Spavor និងលោក Michael Kovrig បានជាប់សង្ស័យពីបទល្មើសបំផ្លិចបំផ្លាញ សន្តិសុខជាតិរបស់ប្រទេសចិន គឺមានភស្តុតាងដ៏ជាក់លាក់ ហើយការពិតនិងភាពត្រឹមត្រូវទាំងស្រុង គឺ ច្បាស់ក្រឡែតណាស់។ ទោះបីជារដ្ឋាភិបាលកាណាដាបានប្រឌិត ពាក្យកុហកយ៉ាងច្រើនក៏ដោយ ក៏គ្មានប្រយោជន៍អ្វីផងដែរ។ អ្វីដែលខ្លួនត្រូវធ្វើ គឺ គោរពការពិតជាក់ស្តែង បញ្ឈប់ការមួលបង្កាច់និងលាបពណ៌ទៅលើប្រទេសចិន ក៏ដូចជាមានការយល់ដឹងដ៏ត្រឹមត្រូចំពោះប្រទេសចិន ។ ប្រសិនបើកាណាដាធ្វើតាម គោលនយោបាយរបស់អាមេរិកតាមតែទំនើងចិត្ត នោះអ្វីដែលបាត់បង់ គឺ មិនត្រឹមតែជាកិត្តិនាមរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏ជាទំនុកចិត្តពីប្រជាជនផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន