(សិង្ហបុរី)៖ បុរសអាយុ៣៣ឆ្នាំម្នាក់ ដែលជាប់សង្ស័យធ្វើពុតជាត្រូវគេចាប់ជំរិត ក្នុងគោលបំណងសង្ឃឹមបានប្រាក់ ដើម្បីយកទៅដោះបំណុល ត្រូវបានចោទប្រកាន់ជាផ្លូវការ នាថ្ងៃចន្ទនេះ នៅឯតុលាការក្នុងប្រទេសសិង្ហបុរី ក្រោមបទប៉ុនប៉ងបោកប្រាស់លុយពីម្តាយមីងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA នាថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤។

បុគ្គលឈ្មោះ Liu Changjian ដែលជាជនជាតិចិន រងការចោទប្រកាន់ពីបទបោកប្រាស់ម្តាយមីងឈ្មោះ Liu Ya Bo ដើម្បីឱ្យបង់ប្រាក់ចំនួន​៣០,០០០យាន់ ឬស្មើនឹង៤,១៧០ដុល្លារអាមេរិក ទើបខ្លួនអាចត្រូវគេដោះលែងពីការចាប់ជំរិត។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់​ប៉ូលិសសិង្ហបុរី បុគ្គល Liu បានផ្ញើសារគំរាមកំហែង ទៅកាន់ម្តាយមីង កាលពីសប្តាហ៍មុន ដោយក្លែងធ្វើពុតជាអ្នកចាប់ជំរិតខ្លួន។

លទ្ធផលនៃការស៉ើបអង្កេតជាបឋម បានបង្ហាញថា Liu បានចូលមកដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១ ខែមីនា ក្នុងនាមជាអ្នកទេសចរ ហើយត្រូវត្រឡប់ទៅប្រទេសចិនវិញ នៅថ្ងៃទី៦ ខែមីនា ប៉ុន្តែមិនបានធ្វើយ៉ាងដូច្នោះឡើយ។ ម្តាយមីងរបស់បុគ្គល Liu ដែលស្ថិតនៅឯ​ប្រទេសចិន ក្រោយមកក៏ទទួលបានសារតាមប្រព័ន្ធ WeChat ពីបុគ្គលមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលទាមទារប្រាក់៣០,០០០យាន់ ដើម្បីដោះលែង Liu ពីការចាប់ជំរិត។ បុគ្គលរូបនោះ បានផ្ញើរូបថតឯកសារធ្វើដំណើររបស់ Liu ដើម្បីធ្វើជាភស្តុតាង។ នៅពេលម្តាយមីង បានប្រាប់ឪពុករបស់ Liu ឱ្យដឹងពីរឿងនេះ ឪពុកដែលនៅប្រទេសចិនដូចគ្នា ក៏បានទាក់ទងមកកាន់ប៉ូលិសសិង្ហបុរី ឱ្យជួយស៉ើបអង្កេត កាលពី​យប់ថ្ងៃទី៩ ខែមីនា។

ប៉ុន្មានម៉ោងក្រោយទទួលបានទូរស័ព្ទសុំឱ្យជួយខាងលើ ក្រុមមន្រ្តីប៉ូលិសសិង្ហបុរី ក៏បានរកឃើញ Liu នៅម្តុំតំបន់ Marina Bay ដោយមិនមានស្ថិតក្រោម​គ្រោះថ្នាក់អ្វីទាំងអស់។ ការស៉ើបអង្កេតបន្ថែម បានរកឃើញថា Liu មានជាប់ជំពាក់បំណុលល្បែង​ចន្លោះ២០,០០០-៣០,០០០ដុល្លារសិង្ហបុរី រួចក៏បានសម្រេចចិត្តប្រឌិតរឿងចាប់ជំរិតនោះឡើង ហើយផ្ញើសារគំរាមទៅកាន់ម្តាយមីងខ្លួន ក្រោមក្តីសង្ឃឹមថា នឹងអាចទទួលបានលុយ។ យ៉ាងណាមិញ ពុំមានការផ្តល់ប្រាក់ទៅឱ្យបុគ្គល Liu ផ្ទាល់ ឬមួយជនណាផ្សេងឡើយ។

គួរបញ្ជាក់ថា ប្រសិនបើរកឃើញមានទោសដូចការចោទប្រកាន់ Liu អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ ឬការពិន័យជាប្រាក់ ឬក៏ត្រូវជាប់ពន្ធនាគារហើយ ត្រូវពិន័យជាប្រាក់ថែមទៀត ព្រមគ្នាតែម្តង៕