(ប៉េកាំង)៖ ដោយគោរពនិងប្រតិបត្តិតាមយ៉ាងខ្ជាប់ខ្ជួន នូវបំណងដើមរបស់បក្សកុម្មុយនិស្តចិន នោះមាគ៌ាអភិបាលកិច្ចតាមបែបផែនចិន ជាមាគ៌ាឆ្ពោះទៅរកការធ្វើទំនើបកម្មសង្គមនិយម និងជីវិតកាន់តែប្រសើរឡើងសម្រាប់ប្រជាជន។ ប្រជាជនចិនយល់ច្បាស់ណាស់ថា ដោយមានជំនឿលើមាគ៌ាទំនើបកម្មសង្គមនិយមតាមបែបផែនចិន គឺជាមាគ៌ាដ៏ត្រឹមត្រូវប្រកបដោយត្រីវិស័យ ក្នុងការដឹកនាំប្រជាជាតិចិន ឆ្ពោះទៅរក ភាពជឿនលឿននៃសង្គមនិយមតាមបែបផែនចិន និងការស្តារភាពអស្ចារ្យឡើងវិញ នៃប្រជាជាតិចិន។

មាគ៌ាទំនើបកម្មសង្គមនិយមតាមបែបផែនចិន គឺជាការធានាជាមូលដ្ឋាន នូវការធ្វើទំនើបកម្ម និងការអភិវឌ្ឍរបស់ចិន។ មាគ៌ានេះមានប្រព័ន្ធមួយ ដែលមានលក្ខណៈពិសេសចិនដែលមានភាពខ្លាំងក្លា ច្បាស់លាស់ និងយន្ដការកែលម្អដោយខ្លួនឯង នោះគឺមហាសន្និបាតសភាទាំងពីរ។ ក្នុងន័យនេះ ពិភពលោកបាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះមហាសន្និបាតទាំងពីររបស់ប្រទេសចិន ដែលជាតំណាងឆន្ទៈរបស់ប្រជាជាតិចិន ហើយជាទម្រង់ប្រជាធិបតេយ្យតាមបែបផែនចិន ដែលបានតម្កល់ផលប្រយោជន៍ជាអាទិភាពដល់ប្រជាជនចិន និយាយដោយឡែក ដល់មនុស្សជាតិនិយាយរួម ព្រោះប្រជាធិបតេយ្យគឺជាមធ្យោបាយ សម្រាប់តម្កល់ផលប្រយោជន៍ជាអាទិភាពដល់ប្រជាជនក្នុងនាមជាម្ចាស់អំណាច តែប្រជាធិបតេយ្យមិនមែនជាគោលបំណងរួម ដែលមានលក្ខណៈឯកសណ្ឋានទេ។

ដោយមិនបានបដិសេធថាសេដ្ឋកិច្ចសកល កំពុងរងគ្រោះដោយសារវិបត្តិជាច្រើន ប្រទេសចិនមិនយល់ថាមានជម្រើសណាមួយល្អ ជាងកិច្ចប្រឹងប្រែងដើម្បីឱ្យពិភពលោករួមគ្នាកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ស្របនឹងប្រសាសន៍របស់លោក Wang Yi បានថ្លែងនៅក្នុងឱកាសបើកធ្វើសន្និសីទសារព័ត៌មាន របស់មហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ថា ចាប់តាំងពីលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវទស្សនៈ ស្តីពីសហគមន៍រួមវាសនានៃមនុស្សជាតិមក ការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិបានវិវឌ្ឍន៍ ពីទស្សនៈនិងគំនិតផ្តួចផ្តើមទៅជា ប្រព័ន្ធវិទ្យាសាស្ត្រ ពោលគឺបានវិវឌ្ឍន៍ពីគំនិតផ្តួចផ្តើមចិន ទៅជាគំនិតឯកភាពរួមរបស់អន្តរជាតិ ក៏ដូចជាបានប្រែក្លាយពី ទស្សនទានដ៏ល្អបវរ ទៅជាសមិទ្ធផលជាក់ស្តែងដែលបង្ហាញពីកម្លាំងជីវិតយ៉ាងខ្លាំងក្លា ហើយគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងគំនិតផ្តួចផ្តើមសកលចំនួន៣ (១-អភិវឌ្ឍ ២-សន្តិសុខ និងអរិយធម៌) ជាសសរស្តម្ភដ៏រឹងមាំដល់ពិភពលោករួមគ្នា ក្នុងចរន្តពហុភាគីនិយមក្នុងការពង្រឹងសន្តិភាព ពង្រីកទំហំនៃការអភិវឌ្ឍតាមលំអាន នៃកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ។ ប្រទេសចិនបានបង្កើតសហគមន៍រួមវាសនា ដែលមានទម្រង់ខុសៗគ្នាក្នុងវិស័យជាច្រើន ជាមួយប្រទេសនិងតំបន់រាប់សិប ដោយបានពន្លាតពីទ្វេភាគីដល់ពហុភាគី ពីក្នុងតំបន់ដល់ពិភពលោកទាំងមូល ពីសុខាភិបាលដល់បណ្តាញអ៊ីនធឺណេតនិងមហាសមុទ្រ។

ដោយប្រកាន់ខ្ជាប់យ៉ាងមុតមាំថា ការអភិវឌ្ឍគឺជាហេតុផលដ៏រឹងមាំមួយរបស់ប្រទេសនិងពិភពលោក ឯសន្តិភាពកាន់តែជាហេតុផលដ៏រឹងមាំ នៅក្នុងការសម្រេចបានការអភិវឌ្ឍ ទើបប្រទេសចិនបានរួមចំណែកផ្តល់លំនឹងនិងការរីកចម្រើនដល់សេដ្ឋកិច្ចសកលនិយាយជារួម ដល់ប្រទេសចិននិយាយដោយឡែក ដូចទៅនឹងរបាយការណ៍ការងាររដ្ឋាភិបាល ដែលដាក់ជូនមហាសន្និបាតនៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិន ឆ្នាំ២០២៤នេះ ដោយបានគូសបញ្ជាក់ថា ប្រទេសចិននឹងផ្តោតលើការអភិវឌ្ឍ «កម្លាំងផលិតកម្មគុណភាពថ្មី»ដែលជាកម្លាំងផលិតកម្មទំនើបប្រកបដោយ លក្ខណៈបច្ចេកវិទ្យាខ្ពស់ ប្រសិទ្ធភាពខ្ពស់ និងគុណភាពខ្ពស់ ដែលនឹងនាំមកនូវឥទ្ធិពលជាវិជ្ជមាន ដល់វិស័យផលិតកម្មពិភពលោក។

ជាក់ស្តែងតាមមាគ៌ាដែលបានចង្អុលបង្ហាញដោយ មហាសន្និបាតសភាទាំងពីរកាលពីឆ្នាំ២០២៣កន្លងមក ទើបសេដ្ឋកិច្ចជាតិចិនក្នុងឆ្នាំ២០២៣ នៅតែដំណើរការប្រកបដោយស្ថិរភាព និងមានកំណើនផលិតផលក្នុងស្រុកសរុប៥,២% ដែលស្ថិតនៅជួរមុខក្នុងចំណោមអង្គភាពសេដ្ឋកិច្ចធំៗរបស់ពិភពលោក ដូចមានចែងនៅក្នុងរបាយការណ៍ការងារ រដ្ឋាភិបាលចិនដែលថ្លែងដោយលោក Li Qiang នាយករដ្ឋមន្ត្រីចិនកាលពីនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ក្នុងពិធីបើកមហាសន្និបាតលើកទី២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ ហើយតាមរយៈតួលេខនេះ យើងនឹងមិនមានអ្វីភ្ញាក់ផ្អើលនោះទេ ដែលថាពិភពលោកទាំងមូល បានជឿដូចទៅនឹងប្រជាជាតិចិនថា មាគ៌ាទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដែលមានវេទិកាដ៏សំខាន់ក្នុងការជជែក និងផ្តល់យោបល់លើបញ្ហាជាតិ តាមរយៈមហាសន្និបាតនៃសភាទាំងពីរ គឺជាមាគ៌ាដ៏ត្រឹមត្រូវក្នុងការដឹកនាំបក្ស និងប្រជាជនឆ្ពោះទៅរកភាពជឿនលឿន នៃសង្គមនិយមតាមបែបផែនចិន និងការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន។

ដោយឈរយ៉ាងរឹងមាំជាមួយសហគមន៍អន្តរជាតិ មហាសន្និបាតនៃសភាទាំងពីរ គឺជាឧត្តមានុភាពពិសេសនៃនយោបាយប្រជាធិបតេយ្យ បែបពិគ្រោះយោបល់នៃលទ្ធិសង្គមនិយមតាមបែបផែនចិន ក្នុងគោលបំណងឈ្វេងយល់ពីមូលហេតុពិតប្រាកដនៃបញ្ហា ហើយឆ្លើយតបទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពដើម្បីជាឧត្តមប្រយោជន៍ដល់ជីវភាពរបស់ប្រជាជនចិន និយាយដោយឡែក ដល់មនុស្សជាតិនិយាយរួម ស្របទៅនឹងការប្រតិបត្តិជាក់ស្តែង របស់ប្រទេសចិនដូចទាំងស្រុង ជាមួយសេចក្តីប្រកាសដ៏ឱឡារិករបស់ថ្នាក់ដឹកនាំចិន ដែលបង្ហាញពីគោលជំហរ និងឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយបណ្តាប្រទេសនានាដើម្បីទទួលបាន ផលប្រយោជន៍រួម ការអភិវឌ្ឍរួមនិងវិបុលភាពរួម ដូចមានចែងនៅក្នុងរបាយការណ៍ការងារ រដ្ឋាភិបាលចិនដែលថ្លែងដោយលោក Li Qiang នាយករដ្ឋមន្ត្រីចិនកាលពីនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ក្នុងពិធីបើកមហាសន្និបាតលើកទី២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ ដោយបានគូសរំលេច នូវចំណុចសំខាន់មួយថា «ក្នុងឆ្នាំ២០២៤ ប្រទេសចិននឹងបន្តពង្រីកការបើកទូលាយ បង្កើនការស្រូបទាញវិនិយោគទុនបរទេស ដើម្បីចែករំលែកកាលានុវត្តភាពនៃការអភិវឌ្ឍរបស់ប្រទេសចិន»

ជារួម មហាសន្និបាតនៃសភាទាំងពីរគឺជាត្រីវិស័យប្រកបដោយនិយាមគរុសភា ដែលពោរពេញដោយឫទ្ធានុភាព ដែលមិនត្រឹមដឹកនាំការអភិវឌ្ឍរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងជាយន្តការប្រកបដោយថាមពលពោរពេញដោយ ស័ក្តិសិទ្ធិភាពក្នុងការចូលរួមបង្កើនកម្លាំង ដល់ការអភិវឌ្ឍសកលទៀតផង។ តាមរយៈមហាសន្និបាតសភាទាំងពីរ នោះបានបង្ហាញយ៉ាងប្រត្យក្សថា ប្រទេសចិននឹងបន្តដំណើរអភិវឌ្ឍរបស់ខ្លួនតាមមាគ៌ាទំនើបកម្មសង្គមនិយមតាមបែបផែនចិន និងជំរុញល្បឿននៃការកសាងសហគមន៍ជោគវាសនារួម របស់មនុស្សជាតិឈរលើទម្រដ៏រឹងមាំនៃសន្តិភាព៕

ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន