(ប៉េកាំង)៖ “ប្រទេសចិនពង្រីកការបើកទូលាយ ចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ បង្កបង្កើតបរិយាកាសគោលនយោបាយ ប្រកបដោយភាពនឹងនរ តម្លាភាពនិងអាចប៉ាន់ប្រមាណបាន ប្រការនេះបានលើកទឹកចិត្តដល់ពួកយើងយ៉ាងខ្លាំង។” ក្នុងអំឡុងពេលប្រទេសចិន បើកធ្វើមហាសន្និបាតនៃសភាទាំងពីររបស់ចិន លោក Song Weiqun អគ្គនាយករងនិងជាប្រធានតំបន់ចិន នៃក្រុមហ៊ុន Johnson &Johnson របស់អាមេរិក បានបង្ហាញពីការរំពឹងទុកដូចពោលខាងលើនេះ។

បើមើលពីក្របខ័ណ្ឌពិភពលោកទាំងមូលអាចឃើញថា បច្ចុប្បន្ននេះ ទ្រង់ទ្រាយទាក់ទាញប្រាក់ទុនមានភាពថយថមចុះជាទូទៅ។ ដូច្នេះ ប្រទេសនានាសុទ្ធតែបានបង្កើនកម្លាំងនៃការទាក់ទាញពាណិជ្ជករនិងកៀរគរទុនបរទេស។ តើប្រទេសចិននឹងទាក់ទាញ និងប្រើប្រាស់ទុនបរទេសតាមរបៀបយ៉ាងណា ? តើចិននឹងពង្រីកការបើកទូលាយថែមទៀតតាមរបៀបណា? របាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំនេះ បានប្រើ “វិធីគណនា”ផលបូកនិងដកមួយចំនួន ដើម្បីផ្តល់ជាចម្លើយរបស់ខ្លួន។

មុនដំបូង សូមមើល “វិធីបូក” ។ ពីការពង្រីកបញ្ជីឧស្សាហកម្មដែលលើកទឹកចិត្តឱ្យពាណិជ្ជករបរទេសវិនិយោគ ដល់ការបង្កើនការធានាសេវាកម្មវិនិយោគរបស់ពាណិជ្ជករបរទេស រហូតដល់ការលើកកម្ពស់ភាពងាយស្រួល ដល់ជនបរទេសមកប្រកបការងារ បន្ដការសិក្សានិងធ្វើទេសចរ វិធានការសេវាកម្មមួយចំនួនដែលប្រកបដោយភាពកក់ក្តៅ និងភាពល្អិតល្អិនបានផ្តល់ភាពងាយស្រួលដល់ការទៅមករបស់ពាណិជ្ជករបរទេស ហើយក៏បានផ្តល់ការធានាដ៏សំខាន់ដល់ ការចុះវិនិយោគនិងប្រកបអាជីពរបស់ពួកគេ។

មានផល “បូក” ក៏មានផល “ដក”ដែរ។ របាយការណ៍ការងារក៏បានលើកឡើងដែរថា នឹងបន្តកាត់បន្ថយបញ្ជីអវិជ្ជមាន នៃការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សារ និងលុបចោលទាំងអស់នូវវិធានការរឹតបន្ដឹង ទុនបរទេសវិនិយោគក្នុងវិស័យកម្មន្តសាល បន្ធូរបន្ថយនូវការដាក់កំហិតចំពោះការអនុញ្ញាតឱ្យចូល ក្នុងមុខរបរសេវាកម្ម ដូចជាទូរគមនាគមន៍និងសុខាភិបាលជាដើម ។ លោក Jean-Christophe Pointeau អគ្គនាយកនៃក្រុមហ៊ុន Pfizer ប្រចាំនៅតំបន់ចិន និងជាអនុប្រធានសមាគម សហគ្រាសពាណិជ្ជករបរទេស វិនិយោគនៅប្រទេសចិនបានថ្លែងថា វិធានការណ៍ទាំងនេះបានបង្ហាញឱ្យឃើញ នូវការបេ្តជ្ញាចិត្តរបស់ចិនក្នុងការពង្រីក ការបើកទូលាយថែមមួយកម្រិតទៀត ហើយបាន “ចាក់បំពេញកម្លាំងចលករយ៉ាងខ្លាំងក្លា”ដល់សហគ្រាសទុនបរទេសដែលគ្រោងនឹងធ្វើអាជីវកម្ម រយៈពេលយូរនៅប្រទេសចិន និងផ្តល់ផលប្រយោជន៍ដល់ពិភពលោក។

ក្រៅពី “វិធីបូកនិងដក” ក្នុងចំណោមវិធានការសម្រាប់ទាក់ទាញ ទុនបរទេសរបស់ចិន ក៏មាន “សញ្ញាស្មើគ្នា”ដែរ ពោលគឺអនុវត្តឱ្យបានល្អនូវការផ្តល់ភាពអនុគ្រោះដូចគ្នា នឹងជនជាតិចិនដល់សហគ្រាសទុនបរទេស ធានាឱ្យសហគ្រាសទុនបរទេសអាចចូលរួម ដោយស្មើរភាពនិងតាមផ្លូវច្បាប់ ក្នុងលទ្ធកម្មសាធារណៈរបស់រដ្ឋាភិបាល ការដាក់ដេញថ្លៃនិងកំណត់ស្តង់ដារ។ អ្នកជំនាញបានវិភាគថា វិធានការណ៍ទាំងនេះ បានបង្ហាញពីភាពយុត្តិធម៌និងស្មើភាព ដែលបានបង្ហាញឱ្យឃើញនូវភាពស្មោះត្រង់របស់រដ្ឋាភិបាលចិន ក្នុងការជួយសហគ្រាសទុនបរទេសដោះស្រាយបញ្ហាជាក់ស្តែង ក៏ដូចជាជំរុញការអនុវត្តគម្រោងទុនបរទេសផងដែរ។

សូមបញ្ជាក់ថា ទុនបរទេសជាកម្លាំងដ៏សំខាន់ក្នុងកិច្ចកសាងទំនើបកម្មរបស់ចិន។ ទិន្នន័យថ្មីបំផុតដែលរដ្ឋាភិបាលចិន បានប្រកាសបង្ហាញថា នៅខែមករាឆ្នាំនេះ ប្រទេសចិនបានប្រើប្រាស់ទុនបរទេសជាក់ស្តែង ចំនួន១១២៧១០លានយាន់ប្រាក់ចិន ដែលបានកើនឡើង២០,៤ភាគរយបើប្រៀបធៀបនឹងខែមុន បានបង្កើតសហគ្រាសថ្មីរបស់ពាណិជ្ជករបរទេស ចំនួន៤៥៨៨សហគ្រាស ដែលបានកើនឡើង៧៤,៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ក្នុងបរិបទដែលការវិនិយោគ នៅក្រៅប្រទេសលើពិភពលោកទាំងមូល មានភាពថមថយចុះជាទូទៅ ហេតុអ្វីបានជាទីផ្សារចិនទទួល ប្រជាប្រិយភាពខ្លាំងពីទុនបរទេស?

ប្រាក់ទុននឹងដើរស្របតាមផលប្រយោជន៍។ តាមស្ថិតិផ្លូវការរបស់ប្រទេសចិនឱ្យដឹងថា ប៉ុន្មានឆ្នាំថ្មីៗកន្លងទៅនេះ អត្រាផលកម្រៃនៃការចុះវិនិយោគដោយផ្ទាល់ នៅប្រទេសចិនរបស់ពាណិជ្ជករបរទេស គឺប្រហែល៩ភាគរយ ដែលបានស្ថិតនៅកម្រិតខ្ពស់បង្គួរលើផ្ទៃអន្តរជាតិ។ មិនពិបាកឃើញថា ការជ្រើសរើសប្រទេសចិន ធ្វើឱ្យទុនបរទេសទទួលបានផលកម្រៃយ៉ាងច្រើនសម្បើម។ ប្រការនេះធ្វើឱ្យពួកគេរក្សាបា នូវភាពសន្ទុះខ្លាំងក្លាចំពោះការវិនិយោគ នៅប្រទេសចិន។

ដូចប្រសាសន៍របស់លោក Nicolas Hieronimus ប្រធានប្រតិបតិ្តនៃក្រុមហ៊ុនសាជីវកម្ម L'Oreal របស់បារាំង ដែលបានលើកឡើងថា “ប្រទេសចិន”បន្ទាប់ទៀត នៅតែជាប្រទេសចិនដដែល “យើងនឹងបន្តធ្វើអាជីវកម្មនៅប្រទេសចិនតទៅទៀត ព្រមនឹងធំធាត់ឡើង ជាមួយប្រទេសចិនផងដែរ”៕

វិទ្យុមិត្តភាពកម្ពុជាចិន