(ហ្រ្វែនហ្វឺត)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាមានក្រុមអ្នកប្រយុទ្ធហាម៉ាស ១៣ ០០០នាក់ ស្ថិតនៅក្នុងចំណោមជនជាតិប៉ាឡេស្ទីន ដែលត្រូវបាន សម្លាប់ ក្នុងសង្រ្គាមសងសឹករបស់អ៉ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស​ ជាមួយការប្ដេជ្ញាថានឹងបន្តការវាយលុកតាមផែនការលើភាគខាងត្បូងនៃតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤។

តាមក្រសួងសុខាភិបាលហ្កាហ្សា ជនជាតិប៉ាឡេស្ទីនជិត ៣១ ០០០នាក់ហើយត្រូវបានសម្លាប់នៅក្នុងសង្រ្គាមចាយពេលជាង ៥ខែមកនេះ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសវាយប្រហារ លើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា សម្លាប់មនុស្ស ១២០០នាក់ និងចាប់ខ្លួនមនុស្ស ២៥៣នាក់ជាចំណាប់ខ្មាំង។ ក្រសួងសុខាភិបាលហ្កាហ្សាមិនបានបែងចែកលម្អិតពីចំនួន អ្នកប្រយុទ្ធហាម៉ាស និងជនស៊ីវិលនោះទេ ដោយគ្រាន់តែឱ្យដឹងថា ៧២ភាគរយនៃមនុស្សដែលត្រូវបានសម្លាប់ក្នុងសង្រ្គាមនេះគឺជាស្ត្រី និងកុមារ។

ក្រុមហាម៉ាសវិញ ក៏បានច្រានចោលតួលេខរបស់អ៉ីស្រាអែល ពាក់ព័ន្ធនឹងចំនួនអ្នកស្លាប់នៅក្នុងចំណោមក្រុមអ្នកប្រយុទ្ធរបស់ខ្លួនផងដែរ ដោយនិយាយថានេះគ្រាន់តែជាការព្យាយាមអះអាងពី ជ័យជម្នះក្លែងក្លាយប៉ុណ្ណោះ។ នៅក្នុងសម្ភាសន៍ជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Axel Springer លោក Netanyahu នៅតែបន្តសង្កត់ធ្ងន់ថាការពង្រីកការវាយលុករបស់អ៉ីស្រាអែលចូលទីក្រុង Rafah នៃភាគខាងត្បូងហ្កាហ្សា គឺជាគន្លឹះដ៏សំខាន់ដើម្បីយកឈ្នះលើក្រុមហាម៉ាស។ «យើងកំពុងខិតកាន់តែកៀកទៅរកជ័យជម្នះ... ហើយនៅពេលដែលយើងចាប់ផ្ដើមសកម្មភាពយោធា ប្រឆាំងនឹងបន្ទាយសេសសស់របស់ហាម៉ាសក្នុងទីក្រុង Rafah នោះវាមានន័យថាជ័យជម្នះដែលនៅចំពោះមុខរបស់យើង នៅកៀកនឹងយើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ»។ នេះជាការគូសបញ្ជាក់ របស់លោក Netanyahu។

គួរបញ្ជាក់ថា អន្តរជាតិ ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អ៉ីស្រាអែល បានព្រមានលោក Netanyahu ប្រឆាំងនឹងប្រតិបត្តិការវាយលុកជើងគោកលើទីក្រុង Rafah ដ្បិត វាអាចនឹងបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរ ខណៈជាងពាក់កណ្ដាលនៃប្រជាជនហ្កាហ្សាសរុប ២.៣លាននាក់កំពុងជ្រកកោនគេចពីការវាយប្រយុទ្ធគ្នានៅក្នុងទីក្រុងមួយនេះ។ លោក ចូ បៃដិន ក៏បានព្រមានបែបនេះដែរ តែលោកនៅតែបញ្ជាក់ដដែលថាសហរដ្ឋអាមេរិកនឹងបញ្ឈប់ការគាំទ្រចំពោះអ៉ីស្រាអែលនោះទេ៕