(ប៉ារីស)៖ វិមានប្រធានាធិបតីបារាំង បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី១០ ខែមីនាថាដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ទៅកាន់ប្រទេស អ៊ុយក្រែន នឹងត្រូវធ្វើឡើងនៅប៉ុន្មានសប្ដាហ៍ខាងមុខវិញ ហើយនេះគឺជាលើកទី៣ ដែលគម្រោងទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ត្រូវបានលើកពេលចាប់តាំងពីខែកុម្ភៈមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ម៉ាក្រុង ដំបូងឡើយមានគម្រោងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកៀវ កាលពីខែកុម្ភៈកន្លងទៅនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយ លោកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ តែគម្រោងនេះត្រូវបានលើកពេល ហើយលោក ហ្សេលេនស្គី ត្រូវធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះជាមួយលោក ម៉ាក្រុង។ តាមក្រុមមន្ត្រីការទូត គម្រោងទី២នៃដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង ត្រូវធ្វើឡើងនៅដើមខែមីនា តែស្រាប់តែត្រូវបានលើកពេលដូចគ្នា។

យ៉ាងណាក៏ដោយ ក្នុងសេចក្ដីថ្លែងការណ៍មួយ វិមានប្រធានាធិបតីបារាំង បានបញ្ជាក់ថាប្រមុខរដ្ឋនៃប្រទេសទាំង២ បានយល់ព្រមបន្តរក្សាទំនាក់ទំនងជិតស្និទ្ធ ជាពិសេស ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុងទៅកាន់អ៊ុយក្រែន ដែលអាចនឹងត្រូវធ្វើឡើងនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។

គួរបញ្ជាក់ថា ការប្រកាសពីការផ្អាកការធ្វើទស្សនកិច្ចរបស់លោក ម៉ាក្រុង កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាមីស៊ីលរបស់រុស្ស៉ីមួយគ្រាប់ បានធ្លាក់នៅចម្ងាយប៉ុន្មានរយម៉ែត្រប៉ុណ្ណោះពីលោក ហ្សេលេនស្គី និងនាយករដ្ឋមន្ត្រីក្រិក អំឡុងមេដឹកនាំទាំង២ បំពេញទស្សនកិច្ចក្នុងទីក្រុងអូដេសា ខណៈតាមគម្រោង លោក ម៉ាក្រុង ក៏ត្រូវធ្វើទស្សនកិច្ចទៅកាន់ទីក្រុងអូដេសា ផងដែរ៕