(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានទម្លាក់ជំនួយមនុស្សធម៌តាមផ្លូវអាកាស ជាស្បៀងច្រើនជាង ៤១ ០០០កញ្ចប់ ក្នុងតំបន់ហ្កាហ្សា ហើយនេះគឺជាប្រតិបត្តិការលើកទី៥ នៅក្នុង ខែមីនានេះ ដើម្បីផ្ដល់ជំនួយចាំបាច់ដល់ប្រជាជនប៉ាឡេស្ទីនដែលកំពុងរស់នៅរងទុក្ខវេទនាដោយសារសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីបញ្ជាការកណ្ដាលអាមេរិក CENTCOM បានឱ្យដឹងថាយន្ដហោះយោធាអាមេរិកបានទម្លាក់ជំនួយជាស្បៀង ៤១ ៤០០កញ្ចប់ និងទឹក ២៣ ០០០ដប ទៅកាន់ភាគខាងជើង នៃតំបន់ហ្កាហ្សា ខណៈអ៉ីស្រាអែលនៅតែបន្តរាំងខ្ទប់ការផ្ដល់ជំនួយមនុស្សធម៌ចូលតំបន់ហ្កាហ្សាតាមផ្លូវគោក។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានដឹកនាំប្រតិបត្តិការទម្លាក់ជំនួយមនុស្សធម៌សម្រាប់ប្រជាជន ក្នុងតំបន់ហ្កាហ្សា​លើកដំបូងកាលពីថ្ងៃទី២ ខែមីនា ជាមួយជំនួយជាស្បៀង ៣៨ ០០០កញ្ចប់ និងកាលពីថ្ងៃអង្គារ ៣៦ ០០០កញ្ចប់ ព្រមទាំង ៣៨ ០០០កញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ និង១១ ៥០០កញ្ចប់កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ ប៉ុន្តែ ក្រុមអ្នកធ្វើការងារ ពាក់ព័ន្ធនឹងកិច្ចការមនុស្សធម៌បាននិយាយថាការទម្លាក់ជំនួយបែបនេះ គឺមិនគ្រប់គ្រាន់ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ដែលប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា កំពុងប្រឈម នោះទេ៕