(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយនៅថ្ងៃពុធថា ទីក្រុងតេហេរ៉ង់​និងមូស្គូកំពុងបោះជំហានចុងក្រោយ ឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេលវែង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣។

លោក Hossein Amir Abdollahian ដែលបានចាកចេញពីប្រទេសអ៊ីរ៉ង់ទៅកាន់ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារបានធ្វើការកត់សម្គាល់បែបនេះ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov នៅទីក្រុងមូស្គូ។

លោក Amir Abdollahian បាននិយាយថា រុស្ស៊ីបានពិនិត្យ និងបញ្ចប់កំណែរបស់ខ្លួននៃកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្ររយៈពេលវែង ហើយក្រសួងការបរទេសអ៊ីរ៉ង់ក៏បានពិនិត្យមើលសន្ធិសញ្ញានេះ ដោយសង្ឃឹមថា កំណែចុងក្រោយនឹងត្រូវបានធ្វើឡើងក្នុងរយៈពេលតិចជាងមួយខែ។

លោកបាននិយាយទៀតថា គណៈប្រតិភូជាន់ខ្ពស់អ៊ីរ៉ង់ និងរុស្ស៊ីផ្លាស់ប្តូរទស្សនៈគ្នាក្នុងកម្រិតផ្សេងៗគ្នា ហើយថាប្រធានាធិបតីនៃប្រទេសទាំងពីរមានទំនាក់ទំនងគ្នាជានិច្ច។

អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់រូបនេះបានកត់សម្គាល់ថា ទំនាក់ទំនងរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងមូស្គូកំពុងស្ថិតនៅលើ «ផ្លូវត្រឹមត្រូវ» និងមានភាពប្រសើរឡើង ដោយបង្ហាញក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងអង្គការក្នុងតំបន់ និងអន្តរជាតិនឹងបន្តប្រកបដោយភាពវិជ្ជមាន។

នៅក្នុងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មាន ពេលមកដល់ទីក្រុងមូស្គូកាលពីយប់ថ្ងៃអង្គារ លោក Amir Abdollahian បាននិយាយថា រុស្ស៊ីបានដើរតួនាទីយ៉ាងសកម្មក្នុងការចរចារយៈពេលជាច្រើនខែនៅទីក្រុងវីយែន លើការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានចុះហត្ថលេខារវាងអ៊ីរ៉ង់ និងមហាអំណាចក្នុងខែកក្កដា ឆ្នាំ ២០១៥ ហើយត្រូវបានដកខ្លួនចេញឯកតោភាគីដោយសហរដ្ឋអាមេរិក្នុងឆ្នាំ ២០១៨។

ដោយសំដៅទៅលើការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់អ៊ីរ៉ង់ជាមួយរុស្ស៊ី លោកបាននិយាយថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺស្ថិតនៅក្នុងរបៀបវារៈរបស់ទីក្រុងតេអេរ៉ង់ និងទីក្រុងម៉ូស្គូ ប៉ុន្តែកិច្ចសហប្រតិបត្តិការបែបនេះនឹងមិនផ្តោតលើភាគីទីបីណាមួយឡើយ៕