(ប៉េកាំង)៖ ស្ថាប័នប្រព័ន្ធសារព័ត៌មានប្រចាំនៅហុងឌូរ៉ាសទីមួយរបស់ប្រទេសចិន ដែលទទួលបានការអនុញ្ញាតរួមពីក្រសួង នៃប្រទេសទាំងពីរចិននិងហុងឌូរ៉ាស ពោលគឺ ស្ថានីយអ្នកកាសែតប្រចាំក្រុង Tegucigalpa នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើពិធីបើកឱ្យដំណើរការនៅទីស្តីការប្រធានាធិបតីហុងឌូរ៉ាសនៅថ្ងៃទី ២៨ ខែមីនា តាមម៉ោងក្នុងតំបន់។ នេះជាស្ថានីយអ្នកកាសែតក្រៅប្រទេសចំនួនទី ១៩១ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។

ក្នុងពិធីនេះផងដែរ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិហុងឌូរ៉ាសបានចុះហត្ថលេខាលើ លិខិតបញ្ជាក់ពីបំណងនៃការផ្លាស់ប្តូរនិងសហប្រតិបត្តិការ។ ភាគីទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការលើច្រើនវិស័យដូចជា ការបង្កើតស្ថាប័ន យន្តការសហប្រតិបត្តិការ ខ្លឹមសារកម្មវិធី ការផ្លាស់ប្តូរបុគ្គល និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មជាដើម។

ការិយាល័យព័ត៌មាននៃទីស្តីការប្រធានាធិបតីហុងឌូរ៉ាស បានផ្ញើលិខិតអបអរសាទរថា៖ «សូមចូលរួមអបអរសាទរដល់កាលៈទេសៈ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រមួយនេះ ដែលនឹងដឹកនាំឱ្យចំណងមិត្តភាពរវាង ប្រទេសទាំងពីរឈានទៅកាន់អនាគតកាន់តែភ្លឺស្វាង»

គួរបញ្ជាក់ថា សមាជិករដ្ឋសភា តំណាងមជ្ឈដ្ឋានប្រព័ន្ធសារព័ត៌មាន វប្បធម៌និងសិល្បៈចំនួនជិតមួយរយនាក់របស់ហុងឌូរ៉ាស បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកនេះ ហើយប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ហុងឌូរ៉ាសជាច្រើន ក៏បានផ្សព្វផ្សាយអំពីពិធីនេះផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន