(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) បាននិយាយនៅថ្ងៃពុធនេះថា សម្ពាធពីខាងក្រៅនឹងមិនអាចបញ្ឈប់តៃវ៉ាន់ ក្នុងការចូលរួមជាមួយពិភពលោកបាននោះទេ បន្ទាប់ពីប្រទេសចិនបានគំរាមចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើលោកស្រីជួបប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាកខេធី (Kevin McCarthy) នៅលើទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣។

លោកស្រី សៃ នឹងទៅកាន់ប្រទេសក្វាតេម៉ាឡា (Guatemala) និងប្រទេសបេលី (Belize) ដោយដំបូងត្រូវធ្វើដំណើរឆ្លងកាត់ទីក្រុងញូយ៉ក ហើយត្រឡប់មកវិញឆ្លងកាត់តាមទីក្រុងឡូសអាន់ជីឡេស នៃរដ្ឋកាលីហ្វរញ៉ា របស់សហរដ្ឋអាមេរិក។ ទោះជាមិនទាន់មានការបញ្ជាក់ជាផ្លូវការ លោកស្រីត្រូវបានគេរំពឹងថានឹងជួបលោក ម៉ាកខេធី កំលុងពេលស្ថិតនៅរដ្ឋកាលីហ្វ័រញ៉ា (California) នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោកស្រី ។

ថ្លែងនៅឯអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់តៃវ៉ាន់ នៅក្នុងទីក្រុងតាវយ័ន (Taoyuan) លោកស្រី សៃ បានគូសបញ្ជាក់ថា «សម្ពាធពីខាងក្រៅនឹងមិនរារាំងការប្តេជ្ញាចិត្តរបស់យើងនោះទេ។ យើងអត់ធ្មត់ និងមានទំនុកចិត្ត ដោយមិនចុះញ៉ម។ តៃវ៉ាន់នឹងដើរយ៉ាងរឹងមាំលើផ្លូវនៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ហើយចូលទៅក្នុងពិភពលោក។ ទោះបីជាផ្លូវនេះមានភាពលំបាក ប៉ុន្តែតៃវ៉ាន់មិនឯកោឡើយ»

គួរបញ្ជាក់ថា ប្រទេសចិន នៅថ្ងៃពុធនេះ បានគំរាមសងសឹក ប្រសិនបើមេដឹកនាំតៃវ៉ាន់ លោក សៃ អ៉ីងវិន ពិតជាជួបប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាកខាធី មែននោះ ដោយចាត់ទុកទង្វើបែបនេះថានឹងក្លាយជា «ការបង្កហេតុ»។ ដំណើរទស្សកិច្ចកាលពីខែសីហា ឆ្នាំ២០២២ របស់អតីតប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី នៅទីក្រុងតៃប៉ិ បាននាំឲ្យចិនធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់ ហើយកងកម្លាំងប្រដាប់អាវុធរបស់តៃវ៉ាន់ បានឲ្យដឹងថាខ្លួនកំពុងឃ្លាំមើលសកម្មភាពរបស់ចិន កំលុងពេលដែលលោកស្រី សៃ ស្ថិតនៅឯបរទេស៕