(មូស្គូ)៖ សម្ព័ន្ធមិត្តម្នាក់របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានព្រមានថារុស្ស៉ីមានអាវុធនុយក្លេអ៊ែរដែលអាចកម្ទេចសត្រូវទាំងអស់ ក្នុងនោះរួមមានសហរដ្ឋអាមេរិក ប្រសិនបើអត្ថិភាពរបស់ ខ្លួនរងការគំរាមកំហែង ដោយចោទប្រកាន់ថាទីក្រុងវ៉ាស៊ីនតោន មើលស្រាលសមត្ថភាពនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣។

ការសម្លុតគំរាមខាងលើធ្វើឡើងដោយលោក នីកូឡៃ ផាទ្រូសេវ (Nikolai Patrushev) ជាអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី និងជាការគំរាមចុងក្រោយបំផុតចេញពីមាត់មន្ត្រីជាន់ខ្ពស់រុស្ស៉ី ជុំវិញហានិភ័យនៃការប៉ះទង្គិចនុយក្លេអ៊ែររវាងមហាអំណាចទាំង២។ លោក Patrushev បានគូសបញ្ជាក់ដូច្នេះថា «ក្រុមអ្នកនយោបាយអាមេរិកកំពុងតែយល់ច្រឡំថានៅក្នុងករណីមានជម្លោះ ដោយផ្ទាល់ជាមួយរុស្ស៉ី សហរដ្ឋអាមេរិកមានសមត្ថភាពវាយប្រហារបង្ការទប់ស្កាត់ ហើយបន្ទាប់មក រុស្ស៉ីមិនមានសមត្ថភាពឆ្លើយតបទៀតនោះទេ»។ លោកបន្ថែមទៀតថានេះជាគំនិតខ្លី ហើយ រុស្ស៉ីមានការអត់ធ្មត់ និងមិនបានគំរាមកំហែងនរណាម្នាក់នោះទេ ប៉ុន្តែរុស្ស៉ីមានអាវុធនុយក្លេអ៊ែរទំនើបគ្មាន២ ដែលមានសមត្ថភាពកម្ទេចសត្រូវទាំងអស់ ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក ក្នុងករណីដែលអត្ថិភាពរបស់រុស្ស៉ីរងការគំរាមកំហែង។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថារុស្ស៉ីនឹងដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរនៅលើទឹកដីបេឡារុស ដែលមានព្រំដែនជាប់ជាមួយ អ៊ុយក្រែន និងរុស្ស៉ី ហើយជាសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ៕