(បារីស)៖ ការិយាល័យនាយករដ្ឋមន្រ្តីបានឲ្យដឹងថា លោកស្រី អែលលីហ្សាប៊ែត បូន (Elisabeth Borne) នាយករដ្ឋមន្រ្តីរបស់ប្រទេសបារាំង គ្រោងនឹងជួបមេដឹកនាំបក្សប្រឆាំង និងក្រុមសហជីព ក្នុងក្តីសង្ឃឹមថាអាចនឹងបញ្ចប់ការតវ៉ាប្រឆាំងច្បាប់សោធននិវត្តន៍ថ្មី អស់រយៈពេលជាច្រើនសប្តាហ៍មកនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣។

លោកស្រី បូន នឹងត្រូវជួបបណ្តាមេដឹកនាំគណបក្សនយោបាយនានា ហើយក៏មានបំណងចាប់ផ្តើមការសន្ទនាឡើងវិញជាមួយក្រុមសហជីពជុំវិញបញ្ហាការងារ ប៉ុន្តែចំពោះច្បាប់សោធននិវត្តន៍ថ្មីនេះ ការិយាល័យនាយករដ្ឋមន្រ្តីមិនបានបញ្ជាក់នោះទេ។ លោកស្រីនាយករដ្ឋមន្ត្រី ធ្លាប់បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ជាមួយ AFP ថា កិច្ចប្រជុំជាមួយគណបក្សប្រឆាំង និងមេដឹកនាំសហជីព អាចធ្វើឡើងក្នុងសប្តាហ៍ណាមួយ ដែលចាប់ផ្តើមពីថ្ងៃទី៣ ខែមេសា។ លោកស្រី បូន ក៏បានសន្យាថានឹងមិនប្រើប្រាស់អំណាចរដ្ឋធម្មនុញ្ញដើម្បីអនុម័តច្បាប់ ដោយគ្មានការបោះឆ្នោតម្តងទៀតឡើយ លើកលែងតែលើច្បាប់ថវិកាជាតិប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ប្រធានសហជីព CFDT លោក ឡូរ៉ង់ ប៊ែកហ្សេ (Laurent Berger) បានស្នើឲ្យលោកប្រធានាធិបតី អេមម៉ានុយអែល ម៉ាក្រុង ផ្អាកដំណើរការកែសម្រួលច្បាប់រយៈពេល ៦ខែសិន ដើម្បីស្វែងរកការសម្របសម្រួលរួមមួយ។ យ៉ាងនេះក្តី បាតុកម្មប្រឆាំងនឹងការធ្វើកំណែទម្រង់ប្រាក់សោធននិវត្តន៍ ដែលនឹងដំឡើងអាយុចូលនិវត្តន៍ពីរឆ្នាំបន្ថែម បានប្រែក្លាយទៅជាអំពើហិង្សា បន្ទាប់ពីរដ្ឋាភិបាលបានជំរុញឲ្យមានការអនុម័តនៅក្នុងខែមីនានេះ ដោយមិនចាំបាច់មានការបោះឆ្នោតចុងក្រោយពីសភា៕