(ប៊ែកឡាំង)៖ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Kristalina Georgieva បាននិយាយនៅថ្ងៃអាទិត្យនេះថា ហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុបានកើនឡើង ហើយបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នបន្តទៀត ទោះបីជាការចាត់វិធានការដោយប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន បានបន្ធូរបន្ថយសម្ពាធទីផ្សារក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣។

ថ្លែងក្នុងថ្ងៃដំបូងនៃវេទិកាអភិវឌ្ឍន៍ចិន លោកស្រី Georgieva បានកត់សម្គាល់ថា ឆ្នាំ២០២៣ គឺជាឆ្នាំដ៏លំបាក ជាមួយនឹងអត្រាកំណើនពិភពលោកដែលបានព្យាករណ៍ថា នឹងថយចុះមកនៅត្រឹមតិចជាង ៣ភាគរយ។

ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិរូបនេះបានពន្យល់ថា នេះភាគច្រើនបណ្តាលមកពីផលប៉ះពាល់នៃជំងឺរាតត្បាត សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក៏ដូចជាការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុជាដើម។

ទន្ទឹមនឹងនោះ លោកស្រី Georgieva បានព្រមានថា វាមានហានិភ័យដែលពិភពលោកបំបែកទៅជាប្លុកសេដ្ឋកិច្ចប្រកួតប្រជែង ដែលនាំឱ្យមាន «ការបែងចែកដ៏គ្រោះថ្នាក់ដែលធ្វើឱ្យមនុស្សគ្រប់គ្នាកាន់តែក្រីក្រ និងមិនសូវមានសុវត្ថិភាព» ដែលជាលទ្ធផលនៃការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ច។ ដោយសង្កត់ធ្ងន់ថា ប្រទេសចិនមានតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយហានិភ័យនៃអស្ថិរភាពហិរញ្ញវត្ថុ៕