(ប៉ារីស)៖ រដ្ឋមន្រ្តីមហាផ្ទៃបារាំង លោក ហ្សេរ៉ាល់ ដាម៉ាណាន់ (Gerald Darmanin) បានឱ្យដឹងថា មនុស្សសរុបចំនួន៤៥៧នាក់ ត្រូវបានចាប់ខ្លួន ហើយកងកម្លាំងសន្តិសុខចំនួន៤៤១នាក់ បានរងរបួស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ កំលុងការធ្វើបាតុកម្មនៅទូទាំង​ប្រទេសបារាំង ប្រឆាំងនឹងកំណែទម្រង់សោធននិវត្តន៍របស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក CNews នៅថ្ងៃសុក្រនេះ លោក ដាម៉ាណាន់ ក៏បានឱ្យដឹងដែរថា មានការដុតភ្លើងសរុប​៩០៣ករណី នៅតាមដងផ្លូវនៃរដ្ឋធានីប៉ារីស កំលុងថ្ងៃដ៏ហិង្សាបំផុតនៃបាតុកម្មប្រឆាំងការកែទម្រង់របស់លោក ម៉ាក្រុង គិតចាប់តាំងតែពីសកម្មភាពតវ៉ា បានចាប់ផ្តើមកាលពីខែមករា ខណៈភាពវឹកវរបានកើនឡើងខ្លាំង នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។

កាលពីថ្ងៃព្រហស្បតិ៍ មនុស្សសរុបចន្លោះ១-១.៣៥លាននាក់ ត្រូវគេជឿថាបានចូលរួមក្នុងសកម្មភាពបាតុកម្មតវ៉ា នៅតាមទីក្រុងជាង៣០០ ទូទាំងប្រទេសបារាំង។ នៅទីក្រុងប័រដូ (Bordeaux) ភាគនិរតីប្រទេសបារាំង ខ្លោងទ្វារសាលាក្រុងត្រូវបានដុតបំផ្លាញ ហើយវាក៏ជា​លើកដំបូងផងដែរ គិតតាំងពីការចាប់ផ្តើមដំបូងនៃការតវ៉ា ដែលឧស្ម័នបង្ហូរទឹកភ្នែក ត្រូវបានប្រើប្រាស់ដោយប៉ូលិស នៅពេល​ក្រុមបាតុកម្មមួយចំនួនបានគប់វត្ថុផ្សេងៗ និងដុតបំផ្លាញរនាំងការពាររបស់កងកម្លាំងសន្តិសុខ នៅក្នុងទីក្រុងនោះ។

គួរបញ្ជាក់ថា ការលេចឡើងជាថ្មីនៃចលនាបាតុកម្មនៅក្នុងប្រទេសបារាំង គឺដោយសារតែផែនការរបស់លោក ម៉ាក្រុង ដែលមានគោលដៅដំឡើង អាយុចូលនិវត្តន៍ពី៦២ឆ្នាំ ដល់៦៤ឆ្នាំ។ លោកប្រធានាធិបតីបារាំងបានអះអាងថា កំណែទម្រង់នេះជារឿងចាំបាច់ ដើម្បីឱ្យប្រព័ន្ធសោធននិវត្តន៍បារាំង មិនមានបញ្ហាផ្នែកសេដ្ឋកិច្ច ដ្បិតការកើនឡើង នៃចំនួនអ្នកទទួលប្រាក់សោធននិវត្តន៍ កាន់តែដាក់បន្ទុកលើរដ្ឋាភិបាល។

យ៉ាងណាមិញ ផែនការរបស់លោក ម៉ាក្រុង គឺទទួលបានការមិនគាំទ្រជាខ្លាំងពីសាធារណជន ហើយការដែលលោកប្រើអំណាចពិសេស ដើម្បីរុញសេចក្តីព្រាងច្បាប់ឱ្យឆ្លងផុតសភា ត្រូវបានរិះគន់ធ្ងន់ៗថា មានលក្ខណៈប្រឆាំងគុណតម្លៃប្រជាធិបតេយ្យ និងដូចរបបផ្តាច់ការ។ លទ្ធផលស្ទង់មតិបានបង្ហាញឱ្យឃើញថា ពលរដ្ឋបារាំងរហូតដល់ទៅ៧០ភាគរយ គឺមិនទទួលយកការកែទម្រង់សោធននិវត្តន៍នេះឡើយ៕