(កៀវ)៖ ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelensky បាន​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់ Kherson ភាគ​ខាង​ត្បូង ដោយ​បាន​ធ្វើ​ដំណើរ​ទៅ​មើល​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់ និង​សន្យា​ថា​នឹង «ស្តារអ្វីៗទាំងអស់ឡើងវិញ» ក្រោយ​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា​ ឆ្នាំ២០២៣។

ដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់ ​ដែល​អ៊ុយក្រែន​បាន​ដណ្តើមបានយកមកវិញពីការកាន់កាប់រុស្ស៉ី ដោយជោគជ័យ​កាលពី​ចុង​ឆ្នាំ​មុន​នេះ គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​លោក​នៅ​ក្រៅ​ក្រុង​កៀវ​ក្នុង​សប្តាហ៍​នេះ។ កាល​ពី​ថ្ងៃ​ពុធ លោក​បាន​ទៅ​សួរ​សុខ​ទុក្ខ​ទាហាន​នៅ​ជិត​ទីក្រុង​ជួរមុខ Bakhmut ភាគ​ខាង​កើត​នៃ​ប្រទេស។

លោក Zelensky បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ដោយភ្ជាប់ជាមួយរូបភាពនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់ Kherson ថា «ខ្ញុំបានជួបពិភាក្សាជាមួយអ្នករស់នៅក្នុងតំបន់អំពីបញ្ហា និងតម្រូវការបច្ចុប្បន្នរបស់ពួកគេ»

លោកបានសង្កត់ធ្ងន់ថា «យើង​នឹង​ស្តារ​អ្វីៗ​ទាំង​អស់​ឡើង​វិញ។ យើង​នឹង​សាង​សង់​ឡើង​វិញ​ដូច​គ្នា​នឹង​គ្រប់​ទីក្រុង និង​ភូមិ​ដែល​រង​គ្រោះ​ដោយ​សារ​អ្នក​ឈ្លានពាន»

គួរបញ្ជាក់ថា ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​កាល​ពី​ឆ្នាំ​មុន​ បាន​រុញ​កង​កម្លាំង​រុស្ស៊ី​ចេញ​ពី​រដ្ឋធានី Kherson បន្ទាប់​ពី​ការ​កាន់កាប់​អស់​ជាច្រើន​ខែ។ កម្មករ​នៅ​តំបន់​នេះ​កំពុង​មមាញឹក​ក្នុង​ការ​ស្តារ​ចរន្ត​អគ្គិសនី និង​ទឹកឡើងវិញ៕