(ប៉ារីស)៖ មនុស្សរាប់សែននាក់នឹងធ្វើកូដកម្ម ក៏ដូចជាបាតុកម្មក្នុងប្រទេសបារាំងនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រធានាធិបតី លោក អេមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្តេជ្ញាកាន់តែខ្លាំងថានឹងជំរុញការធ្វើកំណែទម្រង់ប្រាក់សោធននិវត្តន៍ ទោះបីជាមានកំហឹងកើនឡើងទូទាំងប្រទេសក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣។

នៅថ្ងៃពុធសប្តាហ៍នេះ លោក ម៉ាក្រុង បានថ្លែងថា ច្បាប់ថ្មីនេះគឺមានភាពចាំបាច់ ហើយនឹងចូលជាធរមាននៅចុងឆ្នាំ២០២៣ ខាងមុខ ការតវ៉ាប្រឆាំងនឹងច្បាប់ដែលកំណត់ពេលចូលនិវត្តន៍នៅអាយុ ៦៤ឆ្នាំ បានទាក់ទាញមនុស្សជាច្រើនឲ្យចូលរួមក្នុងការប្រមូលផ្តុំ ដែលរៀបចំដោយសហជីព ចាប់តាំងពីខែមករា ឆ្នាំ២០២៣ មក។ កូដកម្មនៅថ្ងៃព្រហស្បតិ៍នេះ គេនឹងឃើញមានការរំខានដល់ ចរាចរណ៍ផ្លូវរថភ្លើង ហើយអាកាសយានដ្ឋានក៏រងផលប៉ះពាល់ផងដែរ ដោយអ្នកចូលរួមមានរាប់ចាប់តាំងពីគ្រូបង្រៀន បុគ្គលិកដេប៉ូស្តុកប្រេង និងកម្មករប្រមូលសំរាម។

លោក ហ្វីលីព ម៉ាទីណេស (Philippe Martinez) ដែលដឹកនាំសហជីព CGT ជាក្រុមដែលមាននិន្នាការជំទាស់ខ្លាំង បានគូសបញ្ជាក់ថា «ការឆ្លើយតបដ៏ល្អបំផុតដែលយើងអាចផ្តល់ឲ្យលោកប្រធានាធិបតី គឺមានមនុស្សរាប់លាននាក់នាំគ្នាធ្វើកូដកម្ម និងនៅតាមដងផ្លូវ»

គួរបញ្ជាក់ថា ការឆ្លើយតបយ៉ាងខឹងសម្បារពីសហជីព និងគណបក្សប្រឆាំង កើតមានឡើងនៅពេលដែលលោក ម៉ាក្រុង កាលពីថ្ងៃពុធសប្តាហ៍នេះ បានច្រានចោលការអំពាវនាវរបស់ពួកគេឲ្យយកចិត្តទុកដាក់ ចំពោះកំហឹងសាធារណជន ដែលកំពុងតែកើនឡើង៕