(មូស្គូ)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ការប៉ុនប៉ង​ដោយប្រទេសណាមួយ ដើម្បីចាប់ខ្លួនប្រធានាធិបតីរុស្ស៉ី លោក វ៉ា្លឌីមៀ ពូទីន តាមសាលដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នោះនឹងត្រូវចាត់ទុកជា ការប្រកាសសង្រ្គាមមិនខានឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​​ AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣។

ការព្រមានជាថ្មីខាងលើពាក់ព័ន្ធនឹងដីកាចាប់ខ្លួនលោក ពូទីន របស់តុលាការ ICC គឺធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃមុន លោក ម៉េដវេដេវ ក៏បានគំរាមចំពោះតុលាការអន្តរជាតិមួយនេះ ផ្ទាល់តែម្តង​ផងដែរថា ទីក្រុងមូស្គូអាចនឹងប្រើនាវាចម្បាំងបាញ់ មីស៉ីលល្បឿនលឿនជាង​សំឡេងដាក់ទីស្នាក់ការរបស់ ICC ដែលស្ថិតទីក្រុងឡាអេនៃប្រទេសហូឡង់ ហើយព្រមាន ឱ្យក្រុមចៅក្រមរបស់តុលាការឃ្លាំមើល​ផ្ទៃមេឃឱ្យជាប់លាប់។ លោក ម៉េដវេដេវ ដែលបច្ចុប្បន្នមានតួនាទីជា អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសរុស្ស៉ី គឺជាបុគ្គលដ៏ស្មោះត្រង់ និងជំនិតបំផុតម្នាក់របស់លោក ពូទីន ហើយធ្លាប់ធ្វើជាប្រធានាធិបតី កាលពីចន្លោះឆ្នាំ២០០៨-២០១២។

គួរបញ្ជាក់ថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានប្រកាសចេញដីកាចាប់ខ្លួន លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ក្រោមការចោទប្រកាន់ថា រូបលោកគឺជាអ្នកត្រូវទទួលខុសត្រូវ សម្រាប់បទឧក្រិដ្ឋកម្មសង្រ្គាម ដែលបានកើតឡើងនៅប្រទេសអ៊ុយក្រែន។ ដីកានេះតម្រូវឱ្យរដ្ឋជាសមាជិក ICC ទាំង១២៣ មានកាតព្វកិច្ចចាប់និងបញ្ជូនខ្លួន លោកប្រធានាធិបតីរុស្ស៉ី ទៅកាន់ទីក្រុងឡាអេ ដើម្បីជំនុំជម្រះ ប្រសិន​បើលោកហ៊ានឈានជើងជាន់ដីប្រទេសជាសមាជិកណាមួយ៕