ទីបញ្ចប់នៃទំនាក់ទនងជាមួយតៃវ៉ាន់កាន់តែខិតជិតដល់ ខណៈរដ្ឋមន្រ្តីការបរទេសហុងឌូរ៉ាស បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន (Video inside)
23-03-2023 13:35
(តេហ្គូស៉ីហ្កាល់ប៉ា)៖ រដ្ឋមន្រ្តីការបរទេសហុងឌូរ៉ាសកំពុងតែធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីលើកកម្ពស់ការបង្កើតចំណងការទូតផ្លូវការរវាងគ្នា ខណៈនេះអាចជាសញ្ញាបង្ហាញថា ទីបញ្ចប់គឺចៀសមិនផុតនោះឡើយ សម្រាប់ទំនាក់ទំនងដែលមានអាយុកាលរាប់ទសត្សរ៍ របស់ប្រទេសអាមេរិកកណ្តាលមួយនេះ ជាមួយនឹងតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣។
អ្នកនាំពាក្យប្រធានាធិបតីហុងឌូរ៉ាស លោក អាយវីស អាល់វ៉ារ៉ាដូ (Ivis Alvarado) បានឱ្យដឹងដូច្នេះថា «រដ្ឋមន្រ្តីការបរទេសលោក អេដ្វាដូរ អេនរិគ រ៉ីណា (Eduardo Enrique Reina) ក្រោមការបង្គាប់ពីប្រធានាធិបតីលោកស្រី ស៉ីអូម៉ារ៉ា កាស្រ្តូ (Xiomara Castro) បានចេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីលើកស្ទួយកិច្ចប្រឹងប្រែង សម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការរវាងភាគីទាំងពីរ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោកស្រី កាស្រ្តូ បានបង្ហោះសារលើបណ្តាញ Twitter ថា រដ្ឋាភិបាលលោកស្រី នឹងងាកទៅស្វែងរក ការបង្កើតទំនាក់ទំនងជាមួយចិន ដែលប្រការនេះមានន័យថា ហុងឌូរ៉ាសនឹងដោះដៃចោលកោះតៃវ៉ាន់ ដែលត្រូវចិនចាត់ទុកផ្នែកនៃដែនដីរបស់ខ្លួន ហើយគ្មានសិទ្ធិក្នុងការបង្កើតទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋឡើយ។ ប្រសិនបើបាត់បង់ហុងឌូរ៉ាស ទីក្រុងតៃប៉ិនឹងនៅសល់ទំនាក់ទំនងការទូត តែជាមួយប្រទេសចំនួន១៣ប៉ុណ្ណោះ៕